ទូរសព្ទ​ដ៏​តូច​ច្រឡឹង​ Elari NanoPhone លក់​តាមហាង​តម្លៃ​ ៥០ ដុល្លារ

  • 2018-01-12 02:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ប្រិយមិត្ត​បាន​ស្គាល់​ទូរសព្ទ Zanco Tiny1 ដែល​ជា​ទូរសព្ទ​តូច​ជាងគេ​បំផុត​លើ​លោក​ទំហំ​ប៉ុន​មេដៃ​ប៉ុណ្ណោះ។ ដោយ​ឡែក​ថ្ងៃ​នេះ​ក្រុមការងារ​ណែនាំ​ទូរសព្ទ​ដ៏​តូច​ត្រឡឹង​មួយ​ទៀត​ម៉ូឌែល NanoPhone C របស់​ក្រុមហ៊ុន Elari។ កុំ​ឲ្យ​ខាតពេល​យូរ មក​មើល​ចំណុច​ពិសេសៗ​ដែល​មាន​នៅ​លើ​ទូរសព្ទដ៏​តូច​នេះ។

រូបរាង​ខាងក្រៅ

ទូរសព្ទ​តូច​នេះ មាន​រាង​ជ្រុង​ទ្រវែង ប៉ុន​ពីរ​ធ្នាប់​ដៃ​ប៉ុណ្ណោះ ប៉ុន្តែ​ស្រោប​ដោយ​លោហៈធាតុ​សុទ្ធ​ទាំង​មុខ-ក្រោយ មាន​គ្រាប់​ចុច ១៦ គ្រាប់​រៀប​ជា​លក្ខណៈ​ផ្ដេក​ស្រដៀង​គ្រាប់​ចុច Nokia 3310 ដែរ។ មាន​អេក្រង់​ទំហំ ១ អ៊ីញ ឯ​ផ្ទៃ Interface ដំបូង​បង្ហាញ​បាន​តែ​ម៉ោង សញ្ញា​រូប​ថ្ម បង្គោល​សេវា សញ្ញា Bluetooth ឬ​ភ្លេង​ចម្រៀង​តែ​ប៉ុណ្ណោះ។

ការ​ប្រើប្រាស់

អ្នក​អាច​ចុច​ដោះសោរ​នៅ​លើ NanoPhone C ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង OK+* ជា​ការ​ស្រេច ឯ​ប៊ូតុង​ខាងលើ​សម្រាប់​ចុចត្រឡប់​ទៅ​ត្រឡប់​មក។ បើ​ចង់​ត្រឡប់​ក្រោយ​ម្ដង​ទាំង​អស់​ចុច​លើ​ប៊ូតុង​ខាង​ស្ដាំ។

លក្ខណៈ​សម្បត្តិ

  • អាច​ភ្ជាប់ Bluetooth ជាមួយ​ស្មាតហ្វូន Android និង iOS បាន
  • អាច​ខល​ចេញ​ខល​ចូល​បាន
  • អាច​រក្សា​ទុក​លេខ Contact និង Copy ទុក​បាន​​ជាង ១០០០ លេខ
  • មាន MP3, វិទ្យ FM, កន្លែង​ថត​សំឡេង​ពេល​និយាយ និង Voice recorder ទៀត​ផង
  • សាក​ភ្លើង​ជាមួយ​ខ្សែ USB 3.0
  • អាច​ដាក់​មេម៉ូរីកាត​បាន​ទំហំ 32GB
  • មាន​រន្ធ​ដាក់​ស៊ីម​ប្រភេទ Micro-SIM
  • មាន​រន្ធ​ដោត​កាស​ប្រវែង ៣.៥ មីលីម៉ែត្រ
  • ពណ៌​ប្រាក់ មាស និង​ពណ៌​ខ្មៅ
  • ទម្ងន់ ៣០ ក្រាម​ប្រហែល ៣ ខាំ(រង្វាស់​ខ្នាត​ទម្ងន់​របស់​ខ្មែរ)
  • ថាមពល​ថ្ម​ទំហំ ២៨០ មីលីអំពែម៉ោង​ប្រភេទ Li-Polymerកាន់​បាន ២ ថ្ងៃ(ប្រើ​ធម្មតា) បើ​និយាយ​ជាប់​រហូត​បាន ៣ ម៉ោង។

Elari NanoPhone C នេះ​មាន​ដើមកំណើត​មក​ពី​ប្រទេស​រុស្ស៊ី​ដែល​មាន​លោក Yosef Sachs ជា​ស្ថាបនិក​និង​ជា​នាយកប្រតិបត្តិ​ក្រុមហ៊ុន Elari ។ NanoPhone C ប្រកាស​ដាក់​លក់​ដំបូង​គេ​នៅ​ឥណ្ឌា​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៧ ជាមួយ​តម្លៃ​ប្រមាណ ៦១ ដុល្លារ។ ចំណែក​តម្លៃ​ដាក់​នៅ​ខ្មែរ​ក្នុង​ហាង​អាន ឆែ​លក់​ទូរសព្ទ​ខ្ទង់​ប្រមាណ​ជា ៥០ ដុល្លារ៕

ម៉ាក​ Elari ប្រទេស​​រុស្ស៊ី​នេះ​ផង​ដែរ​ក៏​មាន​ផលិតផល​បច្ចេកវិទ្យា​​ជា​ច្រើនទៀត​ដូចជា SmartDrive USB, កាស, នាឡិកាឆ្លាតវៃ​សម្រាប់​ក្មេងៗ ឆ្នាំង​សាក​ឥតខ្សែ PowerBanks ជាដើម៕

Elari ពណ៌មាស និង​ពណ៌​ខ្មៅ​

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម