សម្រាប់អ្នកមានចំណូលទាប សង់ផ្ទះ​ពី​ឥដ្ឋប្រភេទនេះជួយ​សន្សំថវិកា​មិន​តិចជាង​២០ភាគរយ

  • 2018-01-11 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅ​ការសាងសង់​សំណង​ផ្សេង​ៗ​ ភាគច្រើន​គេ​ប្រើ​ប្រាស់​ឥដ្ឋ​ក្រហម​ដែល​ធ្វើពីដីឥដ្ឋ និង​ឆ្លងកាត់​ការ​ដុត​កម្តៅ​ដើម្បី​ឲ្យ​ឥដ្ឋនោះឆ្អិន និងមានភាព​រឹងមាំ។ ទន្ទឹម​នឹង​ការ​ស្គាល់​ជា​ទូទៅ​ពី​សំណាក់​ប្រ​ជា​ពល​រដ្ឋ​លើ​ឥដ្ឋ​ក្រហម​នេះ បច្ចុប្បន្ន​ក៏មាន​ដែរ​ឥដ្ឋ​ប្រភេទ​ផ្សេង​ទៀត​ហក់​ចូល​ក្នុង​ទីផ្សារ​។

(កម្មករ​កំពុង​ផលិត​ឥដ្ឋបរិស្ថាន)

ឥដ្ឋ​បរិស្ថាន ​ជា​ផលិត​ផល​របស់​សហគ្រាស​សង្គម​មួយ​ឈ្មោះថា​ផ្ទះតាម​ក្តីប្រាថ្នា ឬ​ហៅជា​ភាសា​អង់គ្លេស​ថា​My Dream Home។ ម្ចាស់​សហគ្រាស​អះអាង​ថា​ការ​ប្រើប្រាស់​ឥដ្ឋ​ប្រភេទ​នេះ​ធ្វើ​ឲ្យ​ម្ចាស់​សំណង់​ចំណេញ​ទាំង​ថវិកា និង​ពេល​វេលា​សាង​សង់។ ចំណេញ​ ដោយ​ហេតុ​ថាឥដ្ឋ​ប្រភេទនេះ​ត្រូវ​ការ​ប្រើ​ស៊ីម៉ងត៍តិច និង​រៀប​បាន​លឿន​។

សហ​ស្ថាប​និក​សហគ្រាស​សង្គម​ផ្ទះ​តាម​ក្តី​ប្រាថ្នា លោក ហាវ គង់​ងី មាន​ប្រ​សាសន៍​ថា​សង់​ផ្ទះ​ដោយ​​ប្រើ​ឥដ្ឋបរិស្ថាន​ក្នុងតំហំ២០​ម៉ែត្រ​ការ៉េ​ចំណាយ​ស៊ីម៉ងត៍​តែមួយ​បាវ​ប៉ុណ្ណោះ ខណៈ​ឥដ្ឋ​ក្រហម​ត្រូវ​ការ​ចំណាយ​ស៊ីម៉ងត៍​ពីបួន​ទៅ​ប្រាំ​បាវ។ ក្រៅ​ពី​នេះ​លោក​ថា​ការ​រៀប​ឥដ្ឋ​បរិស្ថាន​នេះ​ក៏ងាយ​ស្រួល​ដែរ​ ដោយ​ថា​អ្នក​មិន​មែន​ជា​ជាង​សំណង់​ក៏​អាច​រៀប​បាន​ដូចគ្នា។

(ផ្ទះដែល​សង់​ដោយ​ឥដ្ឋបរិស្ថាន និងបាន​ដាក់​លក់​នាពេល​កន្លង​មក)

លោក​បន្ថែមថាៈ «ការសាងសង់វាមាន​ភាព​ងាយ​ស្រួល លើក​បន្តុំៗ...វាមាន​ង៉ាំជាប់​គ្នា ធ្វើ​យ៉ាងណា​ឲ្យ​ម្ចាស់​លំនៅស្ថាន​ហ្នឹង​អាចសាងសង់ផ្ទះ​ដោយ​ខ្លួន​ឯងបាន...ដោយ​ជួលជាង​តែម្នាក់ឬពីរ​នាក់​ដែល​ចេះ​ច្បាស់​លាស់​អ៊ីចឹង​យើង​អាច​សាង​សង់​ផ្ទះ​ដោយ​ខ្លួន​ឯង​បាន»។

បើ​និយាយ​ពី​ពាក្យ​សហគ្រាសសង្គម​នេះ លោក ហាវ គង់ងី បញ្ជាក់​ថា​គឺ​​សំ​ដៅ​លើ​ការ​ធ្វើ​អាជីវកម្ម​មួយ​ដែល​ជួយ​ប្រ​ជា​ពល​រដ្ឋ​ឲ្យមាន​លំនៅ​ដ្ឋាន​ដោយ​ខ្លួន​ឯង និង​​ចំណាយ​ថវិកា​តិចក្នុង​ការ​សាងសង់។ ជាង​នេះទៅ​ទៀត​គឺ​ហសគ្រាស​របស់​លោក​មាន​បង្រៀន​ម្ចាស់​ផ្ទះ ឬ​ជាង​សំណង់​ដែល​ម្ចាស់​ផ្ទះជួល​ឲ្យ​សាងសង់​ចេះ​ប្រើ​ប្រាស់​ឥដ្ឋបរិស្ថាននេះ​ដោ​យមិន​គិត​ថ្លៃ។ រយៈពេល​រៀន លោក​ថា​ត្រឹម​ពីរ​ម៉ោង​គឺ​ពល​រដ្ឋ ឬ​ជាង​សំណង់​នឹង​យល់ពី​លក្ខណៈ​ពិសេស និង​របៀប​រៀប​ឥដ្ឋនេះ​បាន​។

បើ​និយាយ​ពី​តម្លៃ​សាង​សង់​ផ្ទះ​វិញលោក​​​លើកជា​ឧទាហរណ៍ថា​ផ្ទះ​ដែល​លោក​សាងសង់​លក់​នៅ​ឃុំបែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ​ទំហំ​៤ម៉ែត្រគុណ៨,៥ម៉ែត្រកំពស់ពីជាន់​(E0&E1) គឺ​តម្លៃ​ពី​​១៤ ៥០០​ដុល្លារ​ទៅ​ដល់​១៨ ០០០​ដុល្លារខណៈដែល​ដី​ដែល​លោក​ទិញ​សម្រាប់​សាងសង់​ផ្ទះ​នេះ​តម្លៃ១០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ បើ​ប្រ​ជា​ពល​រដ្ឋ​សង់​ដោយ​ខ្លួន​ឯង​លោក​ថា​នឹង​ចំណាយ​ថវិកា​កាន់​តែ​តិច​ជាង​នេះ​។

(ជញ្ជាំង​ដែល​សង់ដោយ​ឥដ្ឋបរិស្ថាន និងមិន​បូក​ស៊ីម៉ងត៍​បន្ថែម​)

លោក​រៀប​រាប់​បន្តថាៈ «អាទិភាព​ផ្ទះ​តាម​ក្តីប្រាថ្នាមិនមែន​សាងសង់ទេ ថ្វីត្បិតមានការ​ទទូចសុំ...​យើង​ចង់​បង្រៀន​អតិថិ​ជន​ឲ្យ​បាន​ច្រើន យល់​ច្បាស់ពីការ​សាងសង់ឥដ្ឋ​ហ្នឹ​ង​ដោយ​ខ្លួន​ឯង គាត់​កាត់​បន្ថយ​ការ​ចំណាយ​បាន​ច្រើនអាច​ថា​៥០​ភាគរយ​ក៏អាច​ថា​បាន​ដែរ...យើង​គិត​មើលជួលគេ​សាងសង់​គេ​គិត​ប្រាកល់ចំណេញ​យ៉ាងតិច​២០ភាគរយ​នៃ​សំណង់​មួយ»​។ ​​​​​​​​​​

បើ​និយាយ​ពី​លក្ខណៈ​ពិសេស​របស់​ឥដ្ឋ​បរិស្ថាន​នេះ​វិញ ​លោក ​ហាវ ​គង់ងី ​លើក​ឡើងថា​ឥដ្ឋនេះ​អាច​ទប់​កម្តៅមិន​ឲ្យ​ចូល​ក្នុង​ផ្ទះ​បាន​បី​អង្សាទាបជាង​ឥដ្ឋធម្មតា​។ ឧទាហរណ៍ថា​បើ​ផ្ទះប្រើ​ឥដ្ឋធម្មតា​មាន​សីតុណ្ហភាព​៣០​អង្សាចូល​ក្នុង​ផ្ទះ​ សម្រាប់ឥដ្ឋបរិស្ថាន​មានត្រឹម​២៧​អង្សា​ប៉ុណ្ណោះ។ ចំណុច​ពិ​សេស​មួយ​ទៀត​គឺ​ឥដ្ឋនេះ​មាន​រន្ធ​សម្រាប់​ដាក់​ខ្សែភ្លើង និង​ទុយយោទឹក​នៅ​ជា​មូយ​ឥដ្ឋ​ជា​ស្រេច ដោយ​ថា​មិន​ចាំ​បាច់​ចោះ​សំណង់​​នៅពេល​ដាក់ប្រព័ន្ធ​ទឹក​ ឬភ្លើង។

(លោក ហាវ គង់ងី ពន្យល់ពីរបៀបដាក់ទុយយោទឹក និង​ខ្សែភ្លើង​នៅ​ក្នុង​រន្ធ​ឥដ្ឋបរិស្ថាន)

គួរ​បញ្ជាក់ថា​ឥដ្ឋបរិស្ថាននេះ​ផលិត​ឡើង​ដោយ​ដីល្បាយ​ខ្សាច់ លាយ​ជាមួយ​ស៊ីម៉ងត៍ និង​ទឹក​ថ្នាំ​ម្យ៉ាង​សម្រាប់​ធ្វើ​ឲ្យ​ឥដ្ឋ​រឹងមាំ។ ឥដ្ឋនេះ​មិន​ត្រូវការ​ដុត​កម្តៅនោះ​ទេ​ តែ​ត្រូវ​ការ​រក្សារទុក​មួយ​ថ្ងៃ​បន្ទាប់​ពីចេញពី​មាស៊ីន​ឲ្យ​រឹង​ មុន​នឹងយកទៅ​ដាក់​​ក្រោម​កម្តៅបន្តទៀត​។

សហគ្រាស​សង្គម​មួយ​នេះ​ត្រូវបាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៥ ហើយ​ក្នុង​មួយ​ថ្ងៃ​អាចផលិត​ឥដ្ឋ​​បាន​ប្រហែលជា​មួយ​ម៉ឺន​ដុំ។ សម្រាប់​តម្លៃ​វិញ​គឺ​៧,៥​ដុល្លារ​ក្នុង​៥០ដុំដោយមិនគិតថ្លៃ​ដឹក​ជញ្ជូន។ សម្រាប់ការ​ដឹកជញ្ជូន​ទៅតាម​បណ្តា​ខេត្តមាន​តម្លៃ​ប្រែប្រួលទៅ​តាម​រយៈចម្ងាយ ហើយ​តម្លៃ​នេះ​អាច​ឡើង​ដល់​១២,៥​ដុល្លារ​ក្នុង​៥០​ដុំ៕​​​​​

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម