Neymar ស៊ុត​១​គ្រាប់​នាំ​ PSG ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​ French League Cup

  • 2018-01-11 02:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris St-Germain បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ French League Cup ក្រោយ​យក​ឈ្នះ​ Amiens ២​ទល់​០ កាល​ពី​យប់​មិញ។

​ការ​ប្រកួត​នៅ​កីឡដ្ឋាន Stade de la Licorne ក្រុម​ Amiens ដែល​ឈរ​ចំណាត់​ថ្នាក់​លេខ​១៣​នៅ​លីគ​បើ​ទោះ​ជា​លេង​ក្នុង​ទឹកដី​របស់​ខ្លួន​មែន​ពិត​ តែ​មិន​មាន​ឱកាស​វាយ​សម្រុក​លើ​ក្រុម​ភ្ញៀវ​ប៉ុន្មាន​ទេ​ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ព្យាយាម​លេង​របៀប​ការពារ​ច្រើន។

​នៅ​នាទី​៣៤​ Amiens ត្រូវ​បាត់បង់​អ្នក​ចាំ​ទី​ Regis Gurtner ដោយ​សារ​យក​ជើង​ទៅ​ឈូស​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ឲ្យ​ដួល​នៅ​ក្រៅ​ប្រអប់​ ធ្វើ​ឲ្យ​ក្រុម​ទាំង​មូល​ត្រូវ​លេង​១០​ទល់​១១​ នៅ​៥៦​នាទី​ចុង​ក្រោយ។​ គ្រាប់​បាល់​ទី​១​ប្រកួត​យប់​មិញ​កើត​ឡើង​នាទី​៥៣​ជា​ការ​ទាត់​ប៉េណាល់ទី​របស់​ Neymar។

ដោយ​ឡែក​មួយ​គ្រាប់​ទៀត​គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​បម្រើ​​ Adrien Rabiot នៅ​នាទី​៧៨។ មែន​ទែន​ទៅ​បាល់​នោះ​គឺ​បោក​នឹង​បង្គោល​ទី​ហើយ​ធ្លាក់​មក​អ្នក​ចាំ​ទី​ចាប់​បាន​ប៉ុន្តែ​អាជ្ញាកណ្ដាល​មើល​ឃើញ​ថា​វា​ឆ្លង​ផុត​ខ្សែ​បន្ទាត់​​ទើប​សម្រេច​ឲ្យ​ពិន្ទុ​ទៅ​ PSG។

គូ​ផ្សេង​ទៀត​ Rennes យក​ឈ្នះ​ Toulouse ៤-២ និង​ Angers ចាញ់​ Montpellier ០-១ ហើយ​មួយ​គូ​ដែល​លេង​រួច​កាល​ពី​ថ្ងៃ​អង្គារ​នោះ​គឺ Nice ចាញ់​ Monaco ១-២ ដូច្នេះ​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​គឺ​ Rennes ប៉ះ Paris St-Germain ហើយ​ Monaco ប៉ះ​ Montpellier៕

អត្ថបទ៖ វិរ័ត្ន