ត្រឹម២ថ្ងៃ កំពូលសំណង់ទាំង៥នេះ ក្លាយជាកាដូសម្រាប់ពលរដ្ឋខ្មែរទូទាំងប្រទេស

  • 2018-01-12 03:04:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​រយៈពេល​២​ថ្ងៃ របស់​នាយក​រដ្ឋ​មន្ត្រី​ចិន លី ខឺឈាង បាន​សម្រេច​កិច្ច​ព្រមព្រៀង​ចំនួន​១៩​សំខាន់​ៗ។ ជា​ការ​កត់​សម្គាល់​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា​ជា​បន្ត​បន្ទាប់ ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ទាំង​នោះ។ ខាង​ក្រោម​នេះ​ជា​កំពូល​សំណង់​ទាំង​ ៥​បាន​សម្រេច​គម្រោង​ក្នុង​រយៈពេល​២​ថ្ងៃ​នោះ៖

១. ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប

ប្លង់​ស្ថាបត្យកម្ម​នៃ​ព្រលានយន្ត​ហោះ​ថ្មី ខេត្តសៀមរាប ​តម្លៃ​វិនិយោគ​ប្រមាណ​៩០០ លាន​ដុល្លារ​ត្រូវ​បាន​បង្ហាញ​និង​​ត្រូវបាន​ដាក់​ឆ្លង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ចុះហត្ថលេខា​ក្នុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក លឺ ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។

​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក ស៊ិន ចាន់​សិរី​វុត្ថា បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ ២០១៨ ​ថា ព្រលានយន្តហោះ​ថ្មី​ខេត្តសៀមរាប នឹងត្រូវ​សាងសង់​នាពេល​ឆាប់ៗ​នេះ នៅលើ​ផ្ទៃ​ដូ​ជាង​៧០០​ហិកតា និង​បោះទុន​វិនិយោគ​លើទឹក​ប្រាក់​៨៨០​លាន​ដុល្លារ​អាមេរិក ក្រោម​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​YUNAN Development Group ដែលជា​ក្រុមហ៊ុន​យក្ស​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​។​

ប្លង់​ស្ថាបត្យកម្ម​នេះ​មាន​ចំនួន​៦​ជម្រើស និង​ត្រូវ​បានដាក់​ឆ្លង​សម្តេច​តេ​ជោ​ដើម្បី​ជ្រើសរើស​សម្រេច​លើកចុងក្រោយ​រួច​​ហើយ ប៉ុន្តែ​រហូតមកទល់​ពេលនេះ មិនមាន​ប្រភពព័ត៌មាន​ណា​បញ្ជាក់ថា សម្តេច​តេ​ជោ​នឹង​ជ្រើសរើស​ប្លង់​ស្ថាបត្យកម្ម​ណាមួយ​នៅឡើយ​​ទេ​។ 

២. ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ

ក្រោយបញ្ចប់កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡានឆាង​លើកទី២ ថ្ងៃ​នេះ កម្ពុជា និង ចិន​ ចុះហត្ថលេខា​ សម្រេច​សាងសង់​ផ្លូវ​ល្បឿន​លឿន​បង្អស់​នៅ​កម្ពុជា។ ពិធី​ចុះហត្ថលេខា​ធ្វើ​ឡើង​ ក្រោម​អធិបតីភាពរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា និង លោក លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រព្រឹត្តិទៅ​នៅ វិមានសន្ដិភាព​ កាល​ពី​ព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៨។

គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន​នេះ នឹង​ត្រូវ​សាងសង់​ដោយ​វិនិយោគិន​ចិន។ លក្ខណៈ​ពិសេស​ផ្លូវ​ល្បឿន​លឿន​នេះ​សាងសង់​ទម្រង់​ជា (BOT) ជា​ផ្លូវ ០៤គន្លង មាន​ប្រវែង​សរុប ១៩០,៦៣ គីឡូម៉ែត្រ ចេញ​ពី​ភ្នំពេញ រហូត​ដល់​ខេត្ត​ព្រះសីហនុ។ ចំណុច​ពិសេស​លើស​ពី​នេះ​ទៀត ជាផ្លូវ​ថ្មី​ទាំងស្រុង តួ​ផ្លូវ​មាន​ទទឹង ២៤ម៉ែត្រ ក្រាល​កៅស៊ូ AC មាន​សួនច្បារ​ខណ្ឌ​កណ្ដាល មាន​ផ្លូវ​បំបែក​ប្តូរទិស មាន​ទីតាំង​ឈប់​សម្រាក មាន​របង​បាំង​សង​ខាងផ្លូវ និង​ហេដ្ឋារចនា​សម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជាច្រើនទៀត។

ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ទៅមក រាជធានី​ភ្នំពេញ-ខេត្ត​ព្រះ​សីហនុ ក្នុង​រយៈពេលខ្លី កាត់​បន្ថយហានិភ័យ​គ្រោះ​ថ្នាក់​ចរាចរណ៍ កាត់​បន្ថយ​ការ​កកស្ទៈ សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ ធ្វើឱ្យ​សេដ្ឋកិច្ច​ជាតិ​មាន​ការរីក​ចម្រើន​កាន់តែ​ប្រសើរ។ លើស​ពីនេះ​ទៀត ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ ដែល​មិន​អាច​កាត់ថ្លៃបាន ពី​ការ​អភិវឌ្ឍន៍​ច្រក​របៀង​ភ្នំពេញ-ខេត្ត​ព្រះសីហនុ។

៣. គម្រោង​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី

​ឧកញ៉ា ពុង ឃាវសែ ​ប្រធាន​សមាគម​វិនិយោគ​អនិកជន​នៅ​កម្ពុជា​ ​បានចុះ​កិច្ចព្រម​ព្រៀង​ក្របខណ្ឌ​ ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការណ៍​ហិរញ្ញ​ប្បទាន​សម្រាប់​ គម្រោង​អាកាស​យានដ្ឋាន​ភ្នំពេញ(ថ្មី)​ ប្រទេស​កម្ពុជា​ ។ (មិនទាន់​បញ្ជាក់​ទំហំ​ទឹក​ប្រាក់)

៤. គម្រោង​វិនិយោគ​កំពង់ផែ​ស្ទឹង​ហាវ

ឧកញ៉ា​ លឹម ឈីវហួរ ​ប្រធាន​ក្រុមហ៊ុន​វិនិយោគ​អែតវ៉ូដ​គ្រុប​ បាន​ចុះ​កិច្ចព្រម​ព្រៀងស្ដី​ពី ​គម្រោង​វិនិយោគ​ លើ​ការ​សាង​សង់​ និង​ប្រតិបត្តិការ​កំពង់​ផែស្ទឹងហាវ ។( មិន​ទាន់​បញ្ជាក់​ទំហំ​ទឹកប្រាក់)

៥. គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវ​ជាតិ​លេខ៣ ((ចោមចៅ​បែកគូស​ក្រុង​កំពត)

ក្នុង​ចំណោម​កិច្ច​ព្រមព្រៀង​ទាំង​១៩ រវាង​សម្ដេច​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា និង​នាយក​រដ្ឋ​មន្រ្តី​ចិន ក៏មាន​កិច្ច​ព្រមព្រៀង​សម្បទាន សម្រាប់​គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣ (ចោមចៅ បែកគូស ក្រុង​កំពត)​ផង​ដែរ។ យ៉ាង​ណា​ក្ដី​នៅ​មិន​ទាន់​បញ្ជាក់​ទំហំ​ទឹក​ប្រាក់​នោះ​ទេ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម