កូន​ក្រមុំ​ស្រី អ៊ីត មាន​ផលិតកម្ម​​ចាំ​ទទួល

  • 2018-01-15 07:07:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពីឲ្យ​កូន​ស្រីរបស់​ខ្លួន​សាកល្បង​ចូល​សិល្បៈ​មួយ​រយៈ​មក ពេល​នេះ​កូន​ក្រមុំ​​តារា​កំប្លែងស្រី អ៊ីតត្រូវ​បាន​ផលិតកម្ម​ក្នុង​ស្រុក​ចាប់​អារម្មណ៍​ហើយ អាច​១ឆ្នាំ​ខាង​មុខ​ទៀតនឹងមាន​ផលិតកម្ម​ជ្រក​ដូច​ម្ដាយ​ជាក់​ជា​មិន​ខាន។ នេះ​បើ​តាម​ការ​បញ្ជាក់ ពី​ស្រី​អ៊ិត ប្រាប់​នៅ​ថ្ងៃ​នេះ។

ស្រីអ៊ីតបាន​ឲ្យ​ដឹង​ថា កូន​របស់​នាងហាក់​ដូច​ជា​មាន​​​ទេពកោសល្យ​ខាង​ច្រៀង​ច្រើន​ជាង​​កំប្លែង បន្ទាប់​ពី​នាង​បាន​ឲ្យ​សាក​ល្បង​ប្រលូក​​សិល្បៈ​មួយ​រយៈ​មក។ ដំបូង​ឡើយ​កូន​ស្រី​អ៊ិត មាន​ឈ្មោះ ង៉ា ស្រីណាន ហៅ ស្រី​ឆើត បាន​សាក​ល្បង​ចូល​​សម្ដែង​កំប្លែង​ជា​ក្រុមក្នុង​ក្រុម​កំប្លែង​ផ្ទះ​លោក​តា ប៉ុន្តែ​ក្រោយ​ពី​កម្មវិធី​មួយ​នេះ​ត្រូវ​បាន​ផ្អាក មក​កូន​ស្រីតារា​កំប្លែង​រូប​នេះ បាន​សាក​ល្បង​អាជីព​ច្រៀង​វិញ​ម្ដង ដែល​មក​ទល់​ពេល​នេះ ស្រីអ៊ិត​ថា បាន​ឡើង​ច្រៀង​លើ​កញ្ចក់​ទូរទស្សន៍​២​លើក​រួច​មក​ហើយ។

ជា​មួយ​គ្នា​នោះ តារា​កំប្លែង​មេម៉ាយ​កូន​១​រូប​នេះ សង្កេត​ឃើញ​ថា កូន​ស្រី​របស់​ខ្លួន​មាន​សំឡេង ល្អ អាច​ទទួល​យក​បាន​ហើយ បើ​ប្រឹង​ហាត់​ថែម​ ច្បាស់​ជា​មាន​សំឡេងល្អ​ជាង​នាង​ជាក់​​ជា​មិន​ខាន។ "​ឡើង​ច្រើន​ម្សិល​មិញ​ហ្នឹង ខាង​ផលិត​កម្ម​សាន់ដេ គាត់​ខល​មក​សរសើរ​តើ​បង គាត់​ថា ឲ្យ​ប្រឹង​ថែម​ទៀត អាច​១ឆ្នាំ​អី​ទៀត គាត់​មាន​គម្រោង​ឲ​ចាប់ដៃ​ជា​មួយ នាយ​ចឺម​តែ​ម្ដង" ស្រីអ៊ិត​ថ្លែង​ឲ្យ​ដឹង។

តារា​កំប្លែង​ស្រី​មាន​កំណើត​មក​ពី​ខេត្ត កំពង់ស្ពឺ​ខាង​លើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នាង​និង​ខិត​ខំ​បង្រៀន និង​ជំរុញ​ឲ្យ​កូន​ស្រី ប្រឹង​បន្ថែម​ទៀត​លើ វិថី​មួយ​នេះ ដោយ​បំណង​របស់​នាង គឺ​ចង់​ឲ្យ​កូន​ស្រី ចាប់​យក​​ទាំង អាជីព​ចម្រៀង​ផង និងកំប្លែង​ផង ហើយ ស្រីអ៊ិត ពិត​ជា​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​កូន​ស្រីដើរ​តាម​គន្លង​ខ្លួន​បែប​នេះ។

បច្ចុប្បន្ន ង៉ា ស្រីណាន ហៅ ស្រី​ឆើត មាន​​វ័យ​១៤ឆ្នាំ នាង​រៀន​ថ្នាក់​ទី៨ នៅ​ឯ​ស្រុក​កំណើត។ ស្រីអ៊ីត មាន​គម្រោង​នាំ​កូន​ស្រី​មក​​ស្នាក់​នៅ​ភ្នំពេញ​ជា​មួយ​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​ងាយ​ស្រួល ទាំង​ការងារ​សិល្បៈ និងការ​សិក្សា​របស់​កូន។ ទន្ទឹម​​គ្នា​នោះ​ដែរ នាង​បង្ហើប​ឲ្យ​ដឹង​ថា កូន​ស្រី​របស់​នាងកំពុង​តែ​សម្ងំ​ថត​កម្មវិធី ថ្មី​មួយ​ជា​មួយ លោក តា​វិចទ័រ ដែល​កម្មវិធី​នោះ គ្រោង​នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ប៉ុន្តែ​នាង​មិន​បាន​ប្រាប់​ឈ្មោះ​កម្មវិធី​នោះ​ឡើយ។

ស្រីអ៊ីតថ្លែង​ជា​ចុង​ក្រោយ​ថា ទាំង​នាង​ក៏​ដូច​ជា​នាយ​ក្រូច និង នាយ ចឺម គឺ​សុទ្ធតែ​មាន​បំណង​ចង់​ឲ្យ​កូន​ស្រី​របស់​នាង ចូល​សិល្បៈ​ដូច​គ្នា ហើយ​សង្ឃឹម​​ថា កូន​ស្រី​ម្នាក់​នេះនឹងអាច​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ជាង​ខ្លួន ដើម្បី​បន្ត​វង្សត្រកូល​បន្ត​ទៀត៕

អត្ថបទៈ ស៊ុនហួត