មិត្ត​រួម​ជំនាន់​២​រូប ​​មិន​ចាប់​អារម្មណ៍​ត្រាប់​គន្លង​ អម្ពរ ទេវី

  • 2018-01-16 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន មហាជន​ ព្រម​ទាំង​សិល្បករ​ចាស់​ ក្មេង​ជា​ច្រើន​​បាន​សម្ដែង​​កិច្ច​ស្វាគមន៍​ជា​អនេក​ចំពោះ​ការ​ត្រឡប់​មក​មាតុ​ប្រទេស​វិញ ក្រោម​​​បេសកកម្ម​ថត​ភាពយន្ត​ថ្មី​របស់​អ្នក​ស្រី​ អម្ពរ ទេវី។ ផលិតករ និង​អ្នក​រួម​អាជីព​មិន​តិច​នោះ​ទេ ជឿ​ជាក់​ថា ​វត្ត​មាន​អ្នក​ស្រី នឹង​ជំរុញ​​​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ ឲ្យ​រំកិល​ទៅ​ភាព​ល្អ​ប្រសើរ​ឡើង​ ត្បិត​កាល​ពី​​ឆ្នាំ​២០១៧ កំពូល​តួ​សម្ដែង​​ស្រី​ខាង​លើ​ បាន​ធ្វើ​ឲ្យ​យុវវ័យ​ខ្មែរ​ជំនាន់​នេះ​​ភ្ញាក់​ផ្អើល​ម្ដង​ហើយ ក្រោយ​បង្ហាញ​ខ្លួន​ក្នុង​​ភាពយន្ត​រឿង "ទឹក​ចិត្ត​ម្ដាយ​សម័យ​ថ្មី"។

ជា​មួយ​ការ​គាំទ្រ​យ៉ាង​សម្បើម​ចំពោះ​វត្ត​មាន​ជា​ថ្មី​​របស់​តារា​ជើង​ចាស់​នេះ ​បាន​កើត​ជា​​ចំណោត​មួយ​ថា​ តើ​តទៅ​មុខ​ នឹង​មាន​សិល្បករ​ជំនាន់​អ្នក​ស្រី​ត្រលប់​មក​សម្ដែង​វិញ​​ទៀត​ទេ?

ជុំវិញ​រឿង​រ៉ាវ​នេះ តារា​រួម​ជំនាន់​២​រូប​ដូច​ជា​អ្នក​នាង កែវ កល្យាណ និង​​ សុខ ស្រីមុំ ត្រូវ​បាន​ទម្លាយ​ថា​មិន​ចាប់​អារម្មណ៍​វិល​ចូល​សិល្បៈ​វិញ​ ដូច​អ្នក​នាង អម្ពរ ទេវី ឡើយ។

អ្នក​នាង កែវ កល្យាណ

អ្នក​នាង កែវ កល្យាណ ដែល​រស់​នៅ​ក្នុង​ស្រុក​នៅ​ឡើយ​ ធ្លាប់​បញ្ជាក់​ថា​អ្នក​ស្រី​គ្មាន​អារម្មណ៍​វិល​មក​សម្ដែង​វិញ​ទេ តួ​យ៉ាង​អ្នក​ស្រី​បាន​ច្រាន​ចោល​ការងារ​សម្ដែង​ក្នុង​ភាពយន្ត​ភាគ​ឲ្យ​ទូរទស្សន៍​ល្បីៗ​ ៦​រឿង​ជា​បន្ត​បន្ទាប់ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ត្បិត​អ្នក​ស្រី​យល់​ថា ខ្លួន​ចាស់​ហើយ​ ទើប​ចង់​ទុក​ឱកាស​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ដែល​សុទ្ធ​តែ​ពូកែ និង​មាន​ទេពកោសល្យ។

អ្នក​នាង សុខ ស្រីមុំ​

ចំណែក​ឯ​អតីត​​តារា​សិច​ស៊ី​ សុខ ស្រីមុំ​ ​ដែល​កំពុង​តាំង​ទី​នៅ​ក្នុង​ប្រទេស​មហាអំណាច​វិញ​ ត្រូវ​បាន​ប្រភព​ស្និទ្ធស្នាល​ទម្លាយ​ថា អ្នក​ស្រី​គ្មាន​ថ្ងៃ​វិល​ចូល​សិល្បៈ​ទេ ព្រោះ​ពេល​នេះ​អ្នក​ស្រី​ កំពុង​មាន​​ជីវិត​ដ៏​រីករាយ និង​ស៊ីវិល័យ នៅ​សហរដ្ឋ​​អាមេរិក ​ម្ល៉ោះ​ហើយ​មិន​មាន​បំណង​វិល​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ម្ដង​ទៀត​ឡើយ៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី