សឹងមិនជឿ! ស្វាព្រៃលួចយកទូរសព្ទទៅ រួចនិយាយ Video Call ជាមួយម្ចាស់ទូរសព្ទវិញ

  • 2018-01-16 03:02:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​បុរស​ជនជាតិ​ថៃ​ពីរនាក់ ដែល​ជា​មិត្ត​ភក្តិ​នឹង​គ្នា បាន​អះអាង​ថា មាន​ស្វា​ព្រៃ​មួយ​ក្បាល​ដែល​រត់​ចេញ​ពី​តំបន់ Sam Muk Hill នៃ​ខេត្ត Chonburi ប្រទេស​ថៃ បាន​លួច​ទូរសព្ទ​​ដៃ​របស់​ពួក​គេ​មួយ​គ្រឿង ហើយ​បន្ទាប់​មក​បាន​ឆ្លើយ​តប​ការ​ហៅ Video Call តាម​ហ្វេស​ប៊ុក​ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

នៅ​ក្នុង​ហេតុការណ៍​ដ៏​មិន​គួរ​ឲ្យ​ជឿ លោក Mongkol Wisulokanon អាយុ ២៥​ឆ្នាំ​ បាន​អះ​អាង​​ថា លោក​កំពុង​ថត​រូប​ជាមួយ​មិត្ត​ភក្តិ​ម្នាក់​ទៀត​ ឈ្មោះ Met ស្រាប់​តែ​ពេល​នោះ​មាន​ស្វា​មួយ​ក្រុម​ដែល​មាន​គ្នា​ ៥​ក្បាល​ បាន​ចុះ​មក​លួច​ឥវ៉ាន់​របស់​ពួក​គេ​ក្នុង​កន្ត្រក​ម៉ូតូ រួម​ទាំង​ទូរសព្ទ​របស់​លោក Met ផងដែរ។ ពួក​គេ ព្យាយាម​ដេញ​តាម​ហ្វូង​ស្វា​ទាំង​នោះ​ដែរ ប៉ុន្តែ​មិន​អាច​ចាប់​ពួក​វា​បាន​នោះ​ទេ។

លោក Mongkol បានសរសេរ​សារ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុកថា "ខ្ញុំ​បាន​ហៅ​ទៅ​កាន់​ទូរសព្ទ​របស់ Met ព្រោះ​ខ្ញុំ​គិត​ថា​ នៅ​ពេល​ដែល​ទូរសព្ទ​ញ័រ សត្វ​ស្វា​នឹងបោះ​ទូរសព្ទ​ចោល។ ប៉ុន្តែ វា​មិន​ដូច្នោះ​ទេ វា​កាន់​តែ​រត់​ទៅ​ឆ្ងាយ​ថែម​ទៀត។ ដូច្នេះ ខ្ញុំ​ក៏​បាន​ធ្វើ​រឿង​ឆ្កួត​មួយ គឺ​ធ្វើ​ការ​ហៅ Video Call! ស្រាប់​តែ​ស្វា​នោះ​ទទួល​ការ​ហៅ​របស់​ខ្ញុំ។ បន្ទាប់​មក​វា ក៏​បាន​ចុច​បិទ និង​បាន​ផ្ញើរ​សញ្ញា​បក់​ដៃ (Wave) ឲ្យ​ខ្ញុំ​នៅ​លើ​ហ្វេស​ប៊ុក​​ទៀត​"។

នៅ​ទីបំផុត បុរស​ទាំង​ពីរ​នាក់​មិន​បាន​ទទួល​ទូរសព្ទ​វិញ​ទេ ប៉ុន្តែ​លោក Mongkol បាន​បញ្ចប់​ការ​សរសេរ​របស់​ខ្លួន​ថា "បើ​អ្នក​ហៅ​ទៅ​កាន់​ទូរសព្ទ​របស់ Met ហើយ​មាន​អ្នក​លើក នោះ​មិន​មែន​ជា​មនុស្ស​ទេ វា​ជា​សត្វ​ស្វា​។ ហាហា។"

ជា​ចុង​ក្រោយ​ លោក Mongkol បាន​ផ្ដាំផ្ញើ​មនុស្ស​ទាំង​អស់​ដែល​ទៅ​លេង​តំបន់​នោះ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ទុក​ដាក់​របស់ ហើយ​ត្រូវ​ចាំ​ថា​ អ្វី​ដែល​លឿន​ជាង​ចោរ​ទៅ​ទៀត​នោះ គឺ​សត្វ​ស្វា​នេះ​ឯង៕

ចុចអាន ៖

-ឃាត់ខ្លួនអ្នកលក់ឡេធ្វើឲ្យគូទស ក្រោយស្រាតបង្ហាញប្រសិទ្ធភាព លើបណ្តាញសង្គម (មានវីដេអូ)

-ទីបំផុត! អាជ្ញាធរ​អង់គ្លេសបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថៃ ពិតជាស្ថិតក្នុងប្រទេសនេះមែន

-នាយករដ្ឋមន្រ្តីថៃ ដាក់រូបក្រដាសឲ្យឆ្លើយសំណួរជំនួស រួចដើរចេញធ្វើព្រងើយ

ប្រភព៖ Coconut   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី