១០ ឆ្នាំ​មុន​ Steve Jobs ធ្វើ​រឿង​មួយ​ ​​ផ្លាស់​ប្ដូរ​អនាគត Laptop

  • 2018-01-16 03:47:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​ទី​ ១៥ ខែ​មករា​ ម្សិលមិញ​នេះ​ជា​ខួប​គម្រប់​ ១០ ឆ្នាំ​នៃ​ការ​ប្រកាស​ចេញ​ MacBook Air របស់​លោក​ Steve Jobs ក្នុង​កម្មវិធី​ Macworld របស់​ Apple នា​ឆ្នាំ​ ២០០៨។

លោក​ Steve បាន​​បង្ហាញ​ពី​ MacBook Air ដោយ​ហូត​យក​វា​ចេញ​ពី​សាមី​មួយ​ ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​នឹង​​រូបរាង​តូច​ និង​កម្រាស់​ដ៏​ស្ដើង​របស់​វា។ នៅ​ពេល​នោះ​លោក​ Steve បាន​ហៅ​ MacBook Air ថា​ជា​កុំព្យូទ័រ​មាន​កម្រាស់​ស្ដើង​ជាង​គេ​ក្នុង​លោក​។ ការ​បង្ហាញ​ចេញ​ MacBook Air នេះ​​ជា​សញ្ញា​បង្ហាញ​អំពី​ការ​ចាប់​ផ្ដើម​នៃ​យុគសម័យ​ថ្មី​របស់​កុំព្យូទ័រ​យួរ​ដៃ​ និង​បាន​​ផ្លាស់​ប្ដូរ​អនាគត​របស់​កុំព្យូទ័រ​យួរ​ដៃ​ទៀត​ផង។

​នៅ​ពេល​នោះ​ (ឆ្នាំ​ ២០០៨) ក្រុមហ៊ុន​គូ​ប្រជែង​ដទៃ​ក៏​មាន​កុំព្យូទ័រ​កម្រាស់​ស្ដើង​ និង​ស្រាល​ដែរ​ ប៉ុន្តែ​ភាគ​ច្រើន​មាន​កម្រាស់​ដល់​ ១ អ៊ីញ (២,៥ ស.ម), ទម្ងន់​​ជាង​ ១ គីឡូ និង​មាន​អេក្រង់​ ៨ ឬ ១១ អ៊ីញ។ កុំព្យូទ័រ​ទាំង​នោះ​ភាគ​ច្រើន​មិន​មាន​ក្ដារ​ចុច​ពេញ​លេញ​នោះ​ទេ ប៉ុន្តែ​ Apple អាច​ផលិត​បាន​ MacBook Air មាន​រាង​ជ្រុង​ ដែល​សូម្បី​តែ​ផ្នែក​ក្រាស់​បំផុត​របស់​វា​ ក៏​ស្ដើង​ជាង​ផ្នែក​ស្ដើង​​បំផុត​​របស់ Sony TZ Series (កុំព្យូទ័រ​ដែល​មាន​កម្រាស់​ស្ដើង​បំផុត​មួយ​នៅ​ឆ្នាំ​ ២០០៨) ដែរ។

Apple បាន​ដក​ចេញ​ CD Drive និង​រន្ធ​ត​ភ្ជាប់​មួយ​ចំនួន​លើ​ MacBook Air ដ៏​ស្ដើង​ ហើយ​ក្រុមហ៊ុន​បាន​បង្ហាញ​ពី​ Multi-Touch Trackpad និង​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ​ SSD ផង​ដែរ។ វា​មាន​រូបរាង​តូច​មែន​ ប៉ុន្តែ​​​ចំពោះ​ជម្រើស​ថោក​បំផុត​ក៏​មាន​តម្លៃ​ដល់​ ១ ៧៩៩ ដុល្លារ​ដែរ ជា​តម្លៃ​ដ៏​ខ្ពស់​មួយ។

ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ដទៃ​ប្រើ​ពេល​រាប់​ឆ្នាំ​ដើម្បី​អាច​តាម​ទាន់​ MacBook Air របស់​ Apple។ ប៉ុន្តែ​កាល​ពី​ ២-៣ ឆ្នាំ​មុន​​គូ​ប្រជែង​​មួយ​ចំនួន​អាច​នាំ​មុខ​ Apple ផលិត​បាន​កុំព្យូទ័រ​ដែល​មាន​រចនាបថ​ស្អាត, សមត្ថភាព​ខ្លាំង, អេក្រង់​ច្បាស់​ និង​មាន​ Trackpad ទៀត​ផង។ មក​ទល់​ពេល​នេះ​ Apple នៅ​តែ​លក់​ MacBook Air ក្នុង​តម្លៃ​ចាប់​ពី​ ៩៩៩ ដុល្លារ​ ដែល​មាន​រចនាបថ​ និង​លក្ខណៈ​សម្បត្តិ​ហួស​សម័យ​ទៅ​ហើយ​ បើ​ប្រៀប​នឹង​គូ​ប្រជែង​បច្ចុប្បន្ន​នេះ។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ Apple នៅ​តែ​មិន​ផ្លាស់​ប្ដូរ​រចនាបថ​របស់​ MacBook Air ​ទោះ​បី​ត្រូវ​ប្រជែង​នឹង​ Surface Laptop និង Dell XPS 13 ក្ដី។ ផ្ទុយ​ទៅ​វិញ​ Apple បាន​បញ្ចេញ​ MacBook អេក្រង់​ទំហំ​ ១២ អ៊ីញ ប៉ុន្តែ​មិន​ទទួល​បាន​​ការ​ឆ្លើយ​តប​​ល្អ​ពី​អតិថិជន​ដូច​កាល​ជំនាន់​ MacBook Air នោះ​ទេ។ បញ្ជាក់​ថា​ MacBook Air ទទួល​បាន​ការ​អាប់ដេត​លក្ខណៈ​សម្បត្តិ​លើក​ចុង​ក្រោយ​បំផុត​កាល​ពី​ ៣ ឆ្នាំ​កន្លង​ទៅ៕​​​​​ ​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី