ព្រឺសម្បុរទៀតហើយ! ​Jimi Roy ត្រៀមបង្ហាញស្នាដៃ​ភាពយន្តភាគថ្មីបែបភ័យរន្ធត់

  • 2018-01-16 10:23:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Roy ផលិតកររឿង និងអ្នកដឹកនាំរឿង «៧ថ្ងៃ» ទទួលបានឱកាសដឹកនាំរឿងថ្មី ជាប្រភេទរឿងភាគ web seri ដែលដកស្រង់ចេញពីប្រលោមលោកភ័យរន្ធត់រឿង «គំនូស ៤៧» ដែលជាទឹកដៃនិពន្ធរបស់អ្នកស្រី ម៉ីសន សុធារី ហៅ ពេជ្រ បណ្ឌិត។

Jimi Roy

Roy បានប្រាប់ Sabay ឱ្យដឹងថា ៖ «ភាពយន្តភាគថ្មីនេះ គឺពិតជាធ្វើឱ្យទស្សនិកជនពេញចិត្តមិនខាន់ ដោយសារទាំងខ្លឹមសាររឿង និងទិដ្ឋភាពរឿង គឺមានលក្ខណៈ រន្ធត់ ពញ្ញាក់ច្រើន និងមានខ្សែរឿង ដែលគួរឱ្យចាប់អារម្មណ៍»។ អ្នកដឹកនាំរឿង រូបនេះក៏ប្រាប់ឱ្យដឹងទៀតថា ក្រុមការងារផលិតបានទៅថតនៅភ្នំប្រសិដ្ឋ ដែលជាទីតាំងព្រៃ និងមានផ្នូរខ្មោច ពិសេសមានទិដ្ឋភាពគួរឱ្យខ្លាចជាច្រើន ហើយក្នុងពេលថតពេលយប់នោះ ក៏មានហេតុការប្លែកៗ ដូចម៉ាស៊ីភ្លើងរលត់ ខ្យល់បក់បោក ដោយគ្មានហេតុផល ហើយពិសេសពេលខ្លះថតចំពេលភ្លៀង ក៏មានផ្គរន្ទះ ព្រៀកៗ គួរឱ្យខ្លាច។

សកម្មភាពដឹកនាំរបស់ Jimi Roy

រឿង «គំនូស ៤៧» ដែលរៀបរាប់ពីពីអាថកំបាំង នៅពីក្រោយគំនូស ៤៧ និងហេតុការណ៍ចម្លែកៗ ដែលកើតឡើងក្នុងភូមិមួយ។ ភាពប្រទាក់ក្រលានៃសាច់រឿងនេះ បានជាប់ ទាក់ទង​នឹង​ជំនឿ​អរូប័យ​ជា​ច្រើន​នៅតាម​តំបន់ ក្នុង​ប្រទេស​ខ្មែរ​យើង។ ពិសេសការដែលអ្នកទៅដល់ ឬចូលទៅក្នុងទីដែលស័ក្កសិទ្ធិ គួរតែមានការប្រុងប្រយ័ត្ន ព្រោះការណ៍ដែលអ្នកប្រព្រឹត្ត ឬប្រមាតនោះ អាចក្លាយជាបញ្ហា ឬទុក្ខទោសដល់អ្នក នេះបើយោងតាម អ្នកស្រី ម៉ីសន សុធារី បញ្ជាក់ពីសាច់រឿងសង្ខេបៗ។

រឿង «គំនូស ៤៧» នេះជារឿងប្រលោមលោកដែលទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរបន្ទាប់ពីរឿង «ផ្ទះគ្រូទាយ» ហើយទំនងភាពយន្តទាំងពីរក៏ចេញផ្សាយបន្តបន្ទាប់គ្នាទៀតផងនៅលើ App Soyo ដែលប្រិយមិត្តអាចទាញយកដោយសេរី ពី PlayStore ឬ Appstore របស់ IOS ហើយក៏អាចរីករាយទស្សនាភាពយន្តជាច្រើនទៀតដោយសេរីផងដែរ។

អត្ថបទ៖ Sunny