បើគម្រោងនេះរួចរាល់ អ្នក​ទៅលេង​កំពង់ភ្លុក ដឹងតែស្រួលហើយ

  • 2018-01-17 09:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ខេត្ដ​សៀម​រាប​ គ្រោង​នឹង​ស្ដារ​ប្រឡាយ​ទឹក​ប្រវែង​ជាង​៤ពាន់​ម៉ែត្រ​ ដើម្បី​ជា​ការ​សម្រួល​​ឲ្យ​​កាណូត​ធ្វើ​ដំណើរ​និង​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ ចូល​ក្នុង​តំបន់​ទេសចណ៍​ធម្មជាតិ​និង​វប្បធម៌​កំពង់​ភ្លុក​​នៅ​រដូវ​ប្រាំង​។

កំពង់​ភ្លុក​ស្ថិត​ក្នុង​ឃុំ​កំពង់ភ្លុក ស្រុងប្រាសាទបាគង ភ្ញៀវទេចរ​ទៅ​ទី​នោះដើម្បី​ទស្សនា​ព្រៃលិចទឹកបឹក​ទន្លេសាប​នារដូវ​វស្សា និង​ការ​រស់​នៅរបស់ប្រ​ជា​ពល​រដ្ឋ​នៅ​ទី​នោះ​ ដោយ​ប្រាំ​មួយ​ខែ​រស់​លើ​ទឹក និង​ប្រាំមួយ​ខែ​រស់នៅ​លើ​គោក។ ជាមួយ​គ្នានោះដែរអ្នកទេសចរ​ប្រាថ្នា​ទៅ​ទស្សនា​ថ្ងៃលិច​នៅ​លើ​បឹង​ទន្លេសាប ដែល​គេថាជា​ទេសភាព​ដ៏ស្រស់​ត្រកាល​។

(លោក នឹង នី ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​កំពង់​ភ្លុក​)

លោក នឹង នី ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​កំពង់​ភ្លុក​ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ​គម្រោង​ស្ដារ​​ប្រឡាយ​ទឹក​នេះនឹង​ធ្វើ​ឡើង​នៅ​ខែ​មីនា​ ឆ្នាំ២០១៨ ​ ​ក្នុង​ប្រវែង​៤ ០០០ម៉ែត្រ ទំហំ​មាត់​លើ​៥០​ម៉ែត្រ​ និង​ជម្រៅ៣ម៉ែត្រ ។

លោក​ឲ្យដឹងទៀត​ថា សហគមន៍​កំពង់​ភ្លុក ស្ថិត​នៅ​ជាប់​បឹង​ទន្លេ​សាប និង​​ជាតំបន់​ទេសចរ​ណ៍​ធម្មជាតិ​និង​វប្បធម៌ ដែល​មាន​ភ្ញៀវទេសចរ​ជាតិ​ និង​អន្ដរ​ជាតិ​ទៅ​ទស្សនា​រាប់​រយ​នាក់ ជា​រៀង​​រាល់​ថ្ងៃ​។

(ប្រឡាយទឹក​ដែលស្ថិត​ក្នុង​គម្រោង​ស្តារ​ឡើងវិញ)

ប៉ុន្ដែ​លោក​ថា​ ផ្លូវ​ទឹក​សម្រាប់​កាណូត​ដឹកជញ្ជូន​ភ្ញៀវ​នាពេល​បច្ចុប្បន្ន​នេះ​លំបាក​ ដោយ​សារ​ទឹក​រាក់​នៅ​រដូវ​ប្រាំង​ ។ ដូចនេះ ការិយាល័យ​ផ្នែក​ហិរញ្ញ​វត្ថុ​ខេត្ដ​សៀម​រាប បាន​រៀប​ចំគម្រោង​ស្ដារ​ឡើង​វិញ​នូវផ្លូវ​ទឹក​លើ​ប្រឡាយ​ទឹក​ចាស់​ ដើម្បី​ងាយ​ស្រួល​ទូក​កាណូត​ធ្វើ​ចរាចរ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​​ចូល​ទៅ​ទស្សនា​ព្រៃលិច​ទឹក និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​បឹង​ទន្លេ​សាប​នារដូវប្រាំង។​ លោក​បន្ថែម។​

(ព្រៃលិចទឹក​នៅ​ឃុំកំពង់ភ្លុក)

តំបន់​ទេសចរណ៍​ធម្មជាតិ​ និង​វប្បធម៌​កំពង់​ភ្លុក មាន​ទីតាំង​​ជាប់​បឹង​ទន្លេ​សាប ​ដែល​មាន​ផ្ទៃ​ដី​ព្រៃ​លិច​ទឹក​សម្រាប់​អភិរក្ស​៤៨​ហិកតា​នៃ​ផ្ទៃ​ដីសរុបរបស់ឃុំ​ជាង​១៣ ២០០ហិកតា។

សហគមន៍​នេះ​មាន​ទូក​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ជាង​៦០០ទូក​ និងទូក​អុំជាង​៨០០​ទូក​។ ឃុំនេះ​មាន​ពល​រដ្ឋ​​រស់​នៅ​៨៦៤គ្រួសារ​ ក្នុង​នោះ​ពល​រដ្ឋ៧៥ភាគរយ​ជា​អ្នក​នេសាទ​ និង​២៥ភាគយ​មាន​មុខ​របរ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​តាមទូក។បើ​តាម​ក្រុម​ប្រឹក្សា​ឃុំ​កំពង់​ភ្លុក ដដែល នៅ​ឆ្នាំ២០១៧ មាន​ភ្ញៀវ​ទៅ​ទស្សនា ជិត​៩ម៉ឺន​នាក់ ក្នុង​នោះ​ភ្ញៀវ​អន្ដរ​ជាតិ​ជិត៦ម៉ឺន​នាក់៕

អត្ថបទដោយ៖ រស់ សុជាតិ​