តើ​ជា​ពេល​ត្រូវ​ជម្រុះ BBC ចេញ ជំនួស​វិញ​ដោយ Neymar, Hazard និង​ Lewandowski?

  • 2018-01-18 04:39:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្គុំ​ចូល​គ្នា​នៃ​វត្តមាន Gareth Bale, Karim Benzema និង​ Cristiano Ronaldoធ្វើ​ឲ្យ​​ប្រធាន​ក្លឹប​ Real Madrid លោក  Florentino Perez ជឿ​ថា​នឹង​អាច​ជួយ​ក្រុម​លេច​ធ្លោ​ត្រចះត្រចង់។

ពិត​​ជា​មិន​ខុស​ដូច​ការ​គិត​គ្រាន់​តែ​​ជើង​ខ្លាំង​ប្រយុទ្ធ​ទាំង​៣​ជួប​គ្នា​ពិត​ជា​ជួយ​ក្រុម​ថ្កុំថ្កើង​មែន ពោល​ឈ្នះ​ពាន​ Champions League ដល់​ទៅ​៣​ដង​ក្នុង​រយៈពេល​៤​ឆ្នាំ​ចុងក្រោយ។ ប៉ុន្តែ​សម្រាប់​រដូវ​កាល​២០១៧-១៨​នេះ​វិញ ថាមពល​ប្រយុទ្ធ​នៃ​ខ្លា​កំណាច​ទាំង​៣​ហាក់​ធ្លាក់​ខ្លាំង​មែនទែន​សឹង​មិន​ជឿ អ្វី​ដែល​សំខាន់​ពួក​គេ​មិន​ទាន់​បាន​លេង​ជុំ​គ្នា​ឡើយ​ក្នុង​រដូវ​កាល​នេះ។

ដោយ​សារ​ចំណុច​អវិជ្ជមាន​នេះ ​កាសែត​អេស្ប៉ាញ Marca បាន​ចុះ​​ផ្សាយ​ថា Real ដល់​ពេល​សម្លឹង​មើល​ខ្សែ​ប្រយុទ្ធ​ថ្មី​៣​ខាង​លើ​ហើយ។ មិនមែន​ជា​រឿង​ចម្លែក​ឡើយ​ចំពោះ​ការ​នាំ​ចូល​​កញ្ចុំ​ផ្កាយ​​ក្នុង​ពេល​តែ​មួយ​នៅ Madrid។ កាល​​ពី​លើក​ទី​មួយ​ក្លឹប​រហស្សនាម​ស្ដេច​ស​បាន​នាំ​ចូល  Luis Figo, Zinedine Zidane, Ronaldo និង​ David Beckham ក្នុង​ឆ្នាំ​ជាប់​ៗ​គ្នា មុន​ពេល​ទិញ Kaka, Cristiano Ronaldo និងBenzema ពេល​តែ​មួយ​កាល​ពី​ឆ្នាំ​២០០៩។

Neymar ជា​គោលដៅ​ធំ​បំផុត​សម្រាប់​លោក Perez ដើម្បី​យក​មក​ជំនួស​តំណែង​ខាង​ឆ្វេង​របស់ Ronaldo។  Eden Hazard ក៏​ជា​បេក្ខភាព​នាំ​មុខ​គេ​ម្នាក់ ហើយ​ក៏​ជា​កីឡាករ​ដែល Zidane ចូល​ចិត្ត​ខ្លាំង​ដែរ។ ចំពោះ​ខ្សែ​ប្រយុទ្ធ​ចំ​តួ Real សម្លឹង​ឃើញ  Robert Lewandowski  ដើម្បី​ជំនួស​  Benzema។ ត្បិត​តែ Lewandowski ជិត​ឈាន​ចូល​វ័យ​៣០​ឆ្នាំ​ស្មើ  Benzema តែ​កីឡាករ​ប៉ូឡូញ​រូប​នេះ​មាន​ក្បាច់​ប្រយុទ្ធ​​ល្អ​ជាង។ ក្រៅ​ពី Lewandowski កីឡាករ Harry Kane និង​ Mauro Icardi  ក៏​ស្ថិត​ក្នុង​បញ្ជី​ទិញ​របស់ Real ​ដូច​គ្នា។

ចាំ​មើល​ទាំង​​អស់​គ្នា​តើ Madrid នឹង​បើក​ការ​ចំណាយ​ជា​លើក​ទី៣​ឬ​យ៉ាង​ណា​ ដើម្បី​ទិញ​យក​កញ្ចុំ​ផ្កាយ​ថ្មី?​​​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ