ក្រោយ​បិទ​មាត់​ប៉ុន្មាន​ថ្ងៃ Wenger ចេញ​មុខ​លូក​មាត់​រឿង​ផ្ទេរ Sanchez

  • 2018-01-18 11:51:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Arsenal លោក Arsene Wenger ក្នុង​ថ្ងៃ​នេះ បាន​សារភាព​ហើយ​ថា ការ​ផ្ទេរ​ Alexis Sanchez ទៅ​ក្លឹប Manchester United ពិត​ជា​ជិត​កើត​ឡើង​ពិត​មែន តែ​លោក​ក៏​ព្រមាន​ផង​ដែរ​ថា ​មិន​ធានា​រឿង​ហ្នឹង ១០០%​ទេ ដោយ​សង្កត់​ធ្ងន់​ថា អ្វី​ៗ​អាច​ប្រែ​ប្រួល​បាន​ទាំង​អស់ ក្នុង​ទី​ផ្សារ​ដោះ​ដូរ។

ក្នុង​សន្និសីទ​សារព័ត៌មាន លោក Wenger បាន​និយាយ​ថា៖ "រឿង​ផ្ទេរ Sanchez ទៅ Manchester United ហ្នឹង​ត្រូវ​បាន​សរសេរ​បាន​ក្បោះ​ក្បាយ​ណាស់​នៅ​ក្នុង​បណ្ដា​សារព័ត៌មាន។ ដូច្នេះ​ ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ពេក​ទេ អំពី​រឿង​ហ្នឹង"។

លោក​បាន​បន្ត៖ "ការ​ផ្ទេរ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​មួយ ដែល​អាច ឬ​មិន​អាច​កើត​ឡើង។ បើ​សិន​ជា​មិន​កើត​ឡើង​ទេ Sanchez នឹង​បន្ត​លេង​ឲ្យ Arsenal នា​ថ្ងៃ​សៅរ៍​នេះ​ពេល​ប៉ះ​ជា​មួយ Crystal Palace"។

អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា៖ "ទោះ​ជា​យ៉ាង​ណា បើ​តាម​ខ្ញុំ​គិត ការ​ផ្ទេរ​ហ្នឹង​អាច​នឹង​កើត​ឡើង​មែន​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ ប៉ុន្តែ​អ្វីៗ​អាច​ប្រែ​ប្រួល​គ្រប់​ពេល​ក្នុង​រដូវ​កាល​ដោះ​ដូរ ការ​ផ្ទេរ​ណា​ក៏​ដោយ​អាច​រលាយ​ភ្លាមៗ​គ្រប់​វិនាទី​ទាំង​អស់។ ខ្ញុំ​ដឹង​ច្បាស់ ព្រោះ​ខ្ញុំ​ធ្វើ​ការ​ខាង​ហ្នឹង​ជាង ៣០​ឆ្នាំ​ហើយ។ រឿង​អ៊ីចឹងៗ​មិន អាច​ធានា​បាន​ទេ"។

ក្នុង​ថ្ងៃ​នេះ​ផង​ដែរ លោក Wenger បាន​ទទួល​ស្គាល់​ថា Henrikh Mkhitaryan ពិត​ជា​ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​នៃ​ការ​ផ្ទេរ Alexis Sanchez ដូច​ពាក្យ​ចចាមអារ៉ាម​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​លើក​ឡើង​ពិត​មែន។ លោក​ថែម​ទាំង​ថា លោក​ចូល​ចិត្ត​ខ្សែ​បម្រើ Mkhitaryan ហើយ​ក៏​បាន​បញ្ជាក់​ទៀត​ថា រឿង​ឲ្យ​ប្រាក់​ឈ្នួល​មិន​មែន​ជា​បញ្ហា​ឡើយ។

កាល​ពី​ម្សិលមិញ​មាន​របាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា Mkhitaryan បាន​ទារ​ប្រាក់​ឈ្នួល Arsenal រហូតដល់​ទៅ ៣០​ម៊ឺន​ផោន ក្នុង​មួយ​សប្ដាហ៍ ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​ពី Manchester United មក​ចូល​រួម​នឹង​ក្លឹប។ ការណ៍​នេះ​ធ្វើ​ឲ្យ​ការ​ផ្ទេរ Sanchez ទៅ Manchester United ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​យ៉ាង​ខ្លាំង។

ទោះ​ជា​យ៉ាង​ណា ក្នុង​ថ្ងៃ​នេះ បើ​តាម​ការ​អះអាង​សារព័ត៌មាន​អង់គ្លេស Metro ការ​ផ្ទេរ Sanchez ទៅ Manchester United ហើយ Mkhitaryan ទៅ Arsenal អាច​នឹង​កើត​ឡើង​នៅ​រវាង ២៤​ម៉ោង​ខាង​មុខ៕

ប្រភព៖ BBC | Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី