គ្មាន៦យ៉ាងនេះទេ កុំរហន់ចង់បានប្រពន្ធពេក ព្រោះការហើយដឹងតែវេទនា

  • 2018-01-19 02:44:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្កើត​គ្រួសារ​មួយ​ដ៏​មាន​សុភមង្គល គឺ​ជា​រឿង​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន មិន​ថា បុរស ឫ​នារី​ឡើយ។ ចំពោះ​បុរស​អាច​និយាយ​បាន​ថា ជា​បង្គោល​ដ៏​រឹងមាំ និង​ជា​អ្នក​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​គ្រួសារ ក្រោយ​រៀបការ​រួច។ ដូចនេះ​បុរស​ត្រូវ​មើល​ខ្លួន​ឯង​ទៅ​លើ​ចំណុច​ទាំង ៦​យ៉ាង​នេះ​សិន​បើ​ចង់​បាន​ភរិយា៖ ​

១. ការងារ​ដឹង​ណាណី​ឮ​តែ​ចាយ​សល់​ថ្ងៃ​រហូត

ពាក្យ​ថា មាន​ការងារ​ធ្វើ​តែ​ម្យ៉ាង ហើយ​ចង់​បង្កើត​គ្រួសារ គឺ​មិន​គ្រប់គ្រាន់​ទេ ត្រូវ​សួរ​វិញ​ថា ការងារ​នោះ​ស្ថិតស្ថេរ​ទេ? ប្រាក់​ខែ​ច្រើន​ទេ? ហើយ​តំណែង​អ្វី​ដែរ? មនុស្ស​ប្រុស​មួយ​ចំនួន​ឲ្យ​តែ​មាន​ការងារ​ធ្វើ​ច្រើន​គិត​ដល់​រឿង​គូស្រករ​បាត់​ទៅ​ហើយ តែ​ត្រូវ​ចាំ​ថា ពេល​រៀបការ​ហើយ​ត្រូវ​ចិញ្ចឹម​កូន​ក្រមុំ​គេ ហើយ​បើ​មាន​កួន​ត្រូវ​ចិញ្ចឹម​កូន​ទៀត។

២. ចរិត​ចង់​សប្បាយ​មិត្តភក្ដិ​លិច-កើត​ចោល​មិន​ទាន់​កើត

ត្រូវ​ដឹង​ថា ពេល​រៀប​ការ​ហើយ មាន​មនុស្ស​ស្រី​ម្នាក់​នៅ​អង្គុយ​ចាំ​នៅ​ផ្ទះ មិន​មែន​ដូច​នៅ​កំឡោះ​ចង់​ដើរ​ដាច់​យប់​ថ្ងៃ​ណា​ក៏​បាន​នោះ​ទេ។ ដូច្នេះ​ហើយ​បើ​មិន​ទាន់​លះបង់​ចរិត​ផឹកស៊ី ដាច់​ស្រវឹង​អួរតានួ​ សួរ​ថា យក​គេ​មក​រង​ទុក្ខ​ធ្វើ​អី? ចាំ​មាន​ចរិត​ចាស់​ទុំ ចេះ​ទទួល​ខុស​ត្រូវ​ខ្ពស់​សិន​ចាំ​យក​ប្រពន្ធ។

៣. ឃើញ​នារី​ណា​ស្អាត​ដឹង​តែ​ស្រឡាញ់​គ្មាន​មួយ​ណា​ឲ្យ​ប្រាកដ

ចាំ​ក្លាយ​ជា​មនុស្ស​ចេះ​ស្មោះ​សិន ចាំ​គិតគូរ​ចង់​បង្កើត​គ្រួសារ ព្រោះ​លើលោក​នេះ​គ្មាន​នារី​ណា​មក​ស្រឡាញ់​ប្រុស​សាវា​ទេ។ បើ​ក្នុង​ចិត្ត​ឃើញ​អ្នក​ណា​ក៏​ស្អាត ឃើញ​អ្នក​ណា​ក៏​ពេញ​ចិត្ត​ មាន​ន័យ​ថា មិន​ទាន់​ជួប​ស្នេហ៍​ពិត​ទេ។ បើ​សិន​ជា​ច្បាស់​ក្នុង​ចិត្ត​ថា ស្រឡាញ់​នារី​ម្នាក់​ណា​ពិត​ប្រាកដ គ្មាន​ចិត្ត​ឲ្យ​អ្នក​ផ្សេង​ទៀត ចាំ​គិតគូរ​ទើប​ជា​ការ​ប្រសើរ។

៤. បញ្ហា​តូច​បញ្ហា​ធំ​នៅ​មិន​ទាន់​ចេះ​ដោះស្រាយ

គ្រប់​បញ្ហា​ទាំង​អស់ មិន​ថា រឿង​ហិរញ្ញវត្ថុ រឿង​ការងារ រឿង​ជីវិត បើ​មិន​ទាន់​ចេះ​រក​ដំណោះ​ស្រាយ​ទេ មាន​ន័យ​ថា នៅ​មិន​ទាន់​មាន​ភាព​ជា​អ្នក​ចាស់​ទុំ ជា​អ្នក​ដឹក​នាំ​ក្នុង​ខ្លួន​នៅ​ឡើយ​ទេ។ ត្រូវ​ដឹង​ថា ជីវិត​គូរ​ក្រោយ​រៀបការ​ហើយ មាន​រឿង​ជា​ច្រើន​ត្រូវ​ឆ្លង​កាត់ មិន​មែន​ឲ្យ​តែ​ចេះ​ស្រឡាញ់​គ្នា​តែ​ម្យ៉ាង​ចប់​រឿង​នោះ​ទេ។

៥. មិន​ទាន់​មាន​ផែនការ​ច្បាស់​លាស់​ក្នុង​ជីវិត

ចង់​បាន​គ្រួសារ​មួយ​ដ៏​មាន​សុភមង្គល ក្រោយ​រៀបការ​រួច គឺ​ត្រូវ​កំណត់​ផែន​ការ​ច្បាស់​លាស់​សិន។ ផែន​ការ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង រឿង​រកស៊ី តើ​​រៀបការ​ហើយ គួរ​តែ​នៅ​ធ្វើ​ការ​ឲ្យ​គេ ឫ​ចង់​រកស៊ី​ខ្លួន​ឯង។ តើ​៥ ឬ​១០​ឆ្នាំ​ទៅ​មុខ​ទៀត​ចង់​មាន​អ្វី ចង់​បាន​អ្វី? ដូច្នេះ​ត្រូវ​មាន​ផែន​ការ​ឲ្យ​ច្បាស់​លាស់ សឹម​គិតគូរ​ការ​បង្កើត​គ្រួសារ។

៦. មិន​ទាន់​សល់​អ្វី​ជា​ដុំ​កំភួន

ទោះ​មិន​ទាន់​មាន​លទ្ធភាព​ទិញ​ផ្ទះ ឫ​រថយន្ត​ទំនើប​ដោយ​ខ្លួន​ឯង តែ​យ៉ាង​ហោច​ណាស់ ក៏​សល់​លុយ​កាក់​ខ្លះ ល្មម​គ្រប់គ្រាន់​នឹង​បង្កើត​មុខ​របរ​តូច​មួយ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ក្រោយ​រៀបការ​រួច កុំ​រំពឹង​តែ​គ្រួសារ​ជួយ​សុទ្ធ​សាធ​មិន​ល្អ​ទេ។ បើ​មិន​ទាន់​សល់​លុយ​កាក់​ ឫ​ទ្រព្យ​សម្បត្តិ​ខ្លះ កុំ​ទាន់​ប្រញាប់​ពេក​អី​ត្រូវ​ខិត​ខំ​សិន​ទៅ៕ ​

​ ​

អត្ថបទ៖ ឡូយ សង្ហា

អត្ថបទថ្មី