"Downsizing" ភាពយន្ត​ប្លែក​បំផុត​​ដើម​ឆ្នាំ​ ២០១៨ មិន​គួរ​រំលង

  • 2018-01-20 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Downzing ជា​ភាពយន្ត​ថ្មី​មួយ​ចូល​រួម​សម្ដែង​ដោយ​តារា​សម្ដែង​ល្បី​ Matt Damon លោក Christop Waltz និងKristin Wiig ព្រម​ទាំង​តារា​សម្ដែង​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ Hong Chau។

Poster រឿង "Downsizing"

Downzing និយាយ​អំពី​ពិភពលោក​ទៅ​ថ្ងៃ​អនាគត​ដែល​មាន​បច្ចេកវិទ្យា​មួយ​អាច​ឲ្យ​មនុស្ស​បង្រួម​ខ្លួន​ឲ្យ​កាន់​តែ​តូច​ ដើម្បី​ឲ្យ​ពួក​គេ​អាច​រស់​នៅ​ក្នុង​កន្លែង​មួយ​សម្បូរ​ទៅ​ដោយ​របស់​របរ​តូច​ៗ​ ពិត​ជា​ឲ្យ​ភ្ញាក់​ផ្អើល​មែន​ទែន។

បើ​និយាយ​ឲ្យ​ចំ​ភាពយន្ត​នេះ​គឺ​ជា​ភាពយន្ត​លក្ខណៈ​កំប្លែង​ (Satire) ដែល​ជា​ស្នា​ដៃ​របស់​លោក​ Alexander Payne ជា​អ្នក​ដឹក​នាំ​រឿង​ Nebraska និង​ Sideway។ ចំពោះ​ភាពយន្ត​នេះ​ប្រសិន​ជា​អ្នក​គ្រាន់​តែ​មើល​ Trailer យើង​ប្រាកដ​ជា​គិត​ថា​វា​គ្រាន់​តែ​ជា​ភាពយន្ត​លក្ខណៈ​វិទ្យាសាស្ត្រ​ (Sci-fi) តែ​ប៉ុណ្ណោះ​​ ដោយ​បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​មួយ ប៉ុន្តែ​ភាពយន្ត​នេះ​សម្បូរ​នូវ​ឈុត​ឆាក​កំប្លែង​ជា​ច្រើន​​ជាពិសេស​គឺ​តួអង្គ​ស្រី​សម្ដែង​ដោយ​ Hong Chau តែ​ម្ដង​នាង​ជា​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​វៀតណាម​និង​បាក់​ជើង​ម្ខាង​ ដោយ​សារ​តែ​ជិះ​យន្ត​ហោះ។

ភាពយន្ត​នេះ​គឺ​ជា​ភាពយន្ត​ប្លែក​មួយ ព្រោះ​មិន​ដែល​មាន​ភាពយន្ត​ណា​ ហ៊ាន​លើក​យក​នូវ​ Concept ដែល​ប្លែក​និង​ចម្លែក​បែប​នេះ​យក​​មក​ផលិត​ជា​ភាពយ​ន្ត​នោះ​ទេ​។ "Downsizing” ផ្ដោត​ទៅ​លើ​​ពិភពលោក​ទៅ​ថ្ងៃ​អនាគត​ ប្រឈម​មុខ​នឹង​បញ្ហា​មនុស្ស​ច្រើន​ហួស​ហេតុ​ និង​មាន​បញ្ហា​ជា​ច្រើន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។ ដូច្នេះ​ដើម្បី​បញ្ចៀស​ការ​ប្រើ​ប្រាស់​ដើម​ទុន​ច្រើន​ពេក​ អ្នក​វិទ្យាសាស្ត្រ​សញ្ជាតិ​ន័រវែស​ជាច្រើន​រូប​មួយ​ក្រុម​​ បាន​រក​ឃើញ​បច្ចេកវិទ្យា​មួយ​​ អនុញ្ញាត​ឲ្យ​មនុស្ស​បង្រួម​ខ្លួន​ឲ្យ​កាន់​តែ​តូច។ នេះ​អាច​ឲ្យ​ពួក​គេ​ចំណាយ​លុយ​កាន់​តែ​តិច​ជាង​មុន​ និង​អាច​រស់​នៅ​ជីវិត​នៅ​ក្នុង​ក្ដី​ស្រមៃ​ខ្លួន​ ពួក​គេ​អាច​ទិញ​របស់របរ​ផ្សេងៗ​ ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ​ ពោល​គឺ​អ្វីៗ​ដែល​យើង​ចង់​បាន​។

ក៏​ប៉ុន្តែ​ភាពយន្ត​ក៏​បញ្ជាក់​អំពី​ភាព​ខុស​គ្នា​រវាង​អ្នក​មាន​និង​អ្នក​ក្រ​ទោះ​បី​ជា​ នៅ​ក្នុង​ពិភព​មនុស្ស​ធម្មតា​ឫ​មនុស្ស​តូច​ៗ​ក៏​ដោយ​ បញ្ហា​នេះ​នៅ​តែ​មាន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ រឿង​នេះ​បែរ​ជា​និយាយ​ទៅ​កាន់​បញ្ហា​ផ្សេងៗ​ទាក់​ទង​នឹង​អត្ថន័យ​ជីវិត​មនុស្ស​ ពាក់​ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ (Global Warming)។ ពេល​ខ្លះ​យើង​មិន​អាច​ដឹង​ថា តើ​នេះ​គឺ​ជា​រឿង​ដដែល​ឫ​យ៉ាង​ណា ដោយ​សារ​តែ​មាន​​បញ្ហា​ផ្សេងៗ​ជា​ច្រើន​បង្ហាញ​នៅ​ក្នុង​សាច់​រឿង។

បើ​សិន​ជា​និយាយ​អំពី​ការ​ប្រមើល​មើល​ទៅ​កាន់​តួ​ឯក​វិញMatt Damon សម្ដែង​ជា​តួអង្គ​ Paul មិន​អាច​សម្រេច​ការងារ​អ្វី​បាន​តាម​ចិត្ត​ខ្លួន​ទាល់​តែ​សោះ​។ លោក​តែង​តែ​មាន​បញ្ហា​ជា​ច្រើន​ជុំ​វិញ​ខ្លួន​ ព្រម​ទាំង​មិន​ដឹង​ថា​ខ្លួន​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ។ ប្រសិន​ជា​តួអង្គ Hong Chau ឈ្មោះ Ngoc Lan Tran មិន​បាន​បង្ហាញ​ខ្លួន​នោះ​ទេ Paul ប្រាកដ​ជា​មិន​ដឹង​ថា​ជីវិត​និង​ខ្លួន​នឹង​ទៅ​ជា​យ៉ាង​ណា។

ប៉ុន្តែ​ប្រសិន​ជា​យើង​មិន​ខ្វល់​ខ្វាយ​ខ្លាំង​ជាមួយ​នឹង​ដំណើរ​សាច់​រឿង ដោយមក​យកចិត្ត​ទុក​ដាក់​ជាមួយ​ការ​សម្ដែង​វិញ​ ធានា​ថា​អ្នក​នឹង​ចូល​ចិត្ត​តួអង្គ Ngoc Lan Tran ព្រោះតួ​អង្គ​នាង​ពិត​ជា​គួរ​ឲ្យ​ស្រលាញ់​​។ រីឯរបៀបដែល​​នាង​និយាយ​ភាសា​អង់គ្លេស​ ពិត​ជា​គួរឲ្យ​​អស់​សំណើច​ខ្លាំង​ ដោយ​សា​រ​តែ​នាង​នៅ​តែ​មាន​តុង​និយាយ​បែប​វៀតណាម​ដដែល​។ កាល​ពី​ថ្ងៃ​ដាក់​បញ្ចាំង​លើក​ដំបូង​ អ្នក​ទស្សនា​ភាពយន្ត​នេះ​ជា​ច្រើន ផ្ទុះ​សំណើច​គិល​គ្រប់​គ្នា​រាល់​ពេល​ Ngoc ចាប់​ផ្ដើម​និយាយ។

ចំពោះ​អត្ថន័យ​ចំពោះ​ភាពយន្ត​នេះ​វិញ​ ចង់​ឆ្លុះ​បង្ហាញ​ពី​ធម្មជាតិ​របស់​មនុស្ស​ ទោះ​បី​ជា​ពិភពលោក​ផ្លាស់​ប្ដូរ​យ៉ាង​ណា​ក៏​ដោយ​ ក៏​នៅ​តែ​មាន​ការ​បែង​ចែក​វណ្ណៈ​ ក៏​ប៉ុន្តែ​ទំនាក់ទំនង​ និង​សេចក្ដី​ស្នេហា​គឺ​ជា​ស្ពាន​មួយ​ដែល​អាច​ចម្លង​មនុស្ស​គ្រប់​គ្នា​ឲ្យ​​យល់​ពី​គ្នា និង​អាច​រស់​នៅ​លើ​ពិភពលោក​នេះ​ពោរ​ពេញ​ទៅ​ដោយ​ក្ដី​សង្ឃឹម។

"Downsizing" ចាប់​ផ្ដើម​ដាក់​បញ្ចាំង​ហើយ​នៅ​គ្រប់​រោង​កុន​នៅ​ប្រទេស​កម្ពុជា៕

អត្ថបទ៖ ធារ៉ូ