ព្រឿង​ សុជាតិ​ និយាយ​​ពី​ក្បាច់​សម្លាប់​​របស់​ សោភ័ណ្ឌ​ និង​ ឌីម៉ា​ មុន​​​​ពេល​វ៉ៃ​ម៉ារ៉ាតុង​ស្អែក​

  • 2018-01-19 04:01:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ស្រករក្រោយ​ ព្រឿង​ សុជាតិ​ ស្រលាញ់​ពេញ​ចិត្ត​ជើង​ខ្លាំង​ ផល​ សោភ័ណ្ឌ​ និង​ នាគ​ខ្មៅ​ ឃីម​ ឌីម៉ា​ ដែល​មាន​ផ្លែ​សម្លាប់​ល្អៗ​​ដូច​គ្នា​។​

ព្រឿង សុជាតិ

ព្រឿង​ សុជាតិ​ បាន​ឲ្យ​ដឹង​ថា​ រៀមច្បង​ ផល​ សោភ័ណ្ឌ​ ជា​កីឡាករ​ជើង​ចាស់​មាន​ស្នៀត​ប្រយុទ្ធ​ល្អ​ម្នាក់​ កណ្ដាប់​ដៃ​ចេញ​១​-២​ រហូត​ ការ​ប្រើ​កែង​ច្បាស់​ ជា​ពិសេស​បត់​កែង​លឿន​ ទាត់​ជើង​ក្រោម​ក៏​ល្អ​និង​កម្លាំង​ស៊ុហ្វ​ពេញ​៥ទឹក​ ហើយ​ចូល​វ៉ៃ​រហូត​ បើ​និយាយ​ពី​ចាប់​ឡាំ​ជង្គង់​មិន​សូវ​ប៉ុន្មាន​ទេ។​

កីឡាករ ផល សោភ័ណ្ឌ​(ក្រហម)
កីឡាករ ឃីម​ ឌីម៉ា​(ខៀវ)

អ្នក​ប្រដាល់​មក​ពី​ខេត្ត​ត្បូងឃ្មុំ​ខាង​លើ​បន្ត​ថា​ ចំពោះ​​រៀមច្បង​ ឃីម​ ឌីម៉ា​ មាន​សមត្ថភាព​ក៏​មិន​ធម្មតា​នោះ​ទេ​ ពោល​ស្នៀត​ប្រយុទ្ធ​មួយ​ណា​ក៏​ចេញ​បាន​ដែរ។​ ចំណុច​ខ្លាំង​របស់​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ទៀត​នោះ​គឺ​ វ៉ៃ​ខាវ​ល្អ​ ទាត់​ចាក់​ជើង​ក្រោម​ធ្ងន់​ៗ​​ ចេញ​ស្នៀត​មួយៗ​ច្បាស់។​ បើ​កែង​វិញ​កាច់​តែ​ម្ដង​ ក្បាច់​ធាក់​ក៏​ល្អ​ផង​ដែរ។​ រាល់​ពេល​វ៉ៃ​ចេញ​ម្ដងៗ​គឺ​ទាំង​ស្រណុំ​តែ​ម្ដង​មិន​ថា​ដៃ​ ឬ​ជើង​ទេ។​

ឃីម​ ឌីម៉ា​ និង​ ផល​ សោភ័ណ្ឌ

ផល​ សោភ័ណ្ឌ​ នឹង​ត្រូវ​ប៉ះ​​ជើង​ខ្លាំង​ថៃ​​ ហ្វ៊ុនលួង​​ ខណៈ​ ឃីម​ ឌីម៉ា​ ប៉ះ​ ចៅប៊យ​ ស.​សុផាត​(ថៃ)​ ក្នុង​ប្រភេទ​ទម្ងន់​ ៦៣,៥គីឡូក្រាម​ នា​កម្មវិធី​ម៉ារ៉ាតុង​។ ​ប្រសិន​បើ​​កីឡាករ​កម្ពុជា​​ទាំង​ពីរ​ឈ្នះ​ដៃ​គូ​ដូច​គ្នា​នោះ​ ពួកគេ​នឹង​ត្រូវ​ប៉ះ​គ្នា​វគ្គ​ផ្ដាច់​ព្រ័ត្រ​តែ​ម្ដង។​ កម្មវិធី​នេះ​ប្រកួត​នា​ថ្ងៃសៅរ៍​ ទី២០​ ខែ​មករា​ ២០១៨​ ចាប់​ពី​ម៉ោង​ ៦ល្ងាច​ តទៅ​នៅសង្វៀន​ CNC ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី