ភាពយន្ត​ "Star Wars” វគ្គ​ចុង​ក្រោយ​បរាជ័យ​ខ្លាំង​នៅ​​ Box Office ប្រទេស​ចិន

  • 2018-01-19 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​វគ្គ​ចុង​ក្រោយ​នៃ​សែស្រឡាយ​រឿង "Star Wars” គឺ​ "Star Wars: The Last Jedi” បរាជ័យ​ជា​ខ្លាំង​នៅ​ Box Office ប្រទេស​ចិន​ដោយ​សារ​តែ​សាច់​រឿង​​មាន​លក្ខណៈ​ខុស​ប្លែក​ និង​កែ​ប្រែ​ពី​​ភាពយន្ត​ស៊េរី​ដំបូង​ច្រើន​ពេក​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​ទី​នោះ​ មាន​ការ​ខក​ចិត្ត​ខ្លាំង។

ភាពយន្ត​នេះ​ទទួល​បាន​ចំណូល​តិច​ខ្លាំង​នៅ​សប្ដាហ៍​ទី​២ បន្ទាប់​ពី​បាន​ដាក់​បញ្ចាំង​ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ "The Last Jedi” ទទួល​បាន​ទឹក​ប្រាក់ ២៨,៧​លាន​ដុល្លារ​ នៅ​សប្ដាហ៍​ដំបូង​ ដែល​ចំនួន​នេះ​គឺ​តិច​ខ្លាំង​រួច​ទៅ​ហើយ​។ ក្នុង​សប្ដាហ៍​ទី​២ ភាពយន្ត​នេះ​រក​ចំណូល​បាន​តែ ២,៤​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​ ពោល​គឺ​ចុះ​ថយ​រហូត​ដល់​ទៅ ៩២​ភាគរយ។

លោក Jimmy Wu នាយក​ប្រតិបត្តិ​​ផ្នែក​កុន​នៅ​ប្រទេស​ចិន​ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន The Hollywood Reporter ថា​៖ "រឿង 'The Last Jedi' នេះ​គឺ​ត្រូវ​គេ​ដក​ចេញ​ពី​កាល​វិភាគ​បញ្ចាំង​ទាំង​ស្រុង​ទៅ​ហើយ​។ ភាពយន្ត​នេះ​ទទួល​បាន​ការ​គាំទ្រ​តិច​តួច​បំផុត​ ដែល​យើង​មិន​អាច​នឹក​ស្មាន​ដល់។"

ភាពយន្ត​យក្ស​ដែល​ជា​សមិទ្ធផល​របស់​ Disney និង Lucasfilm នេះ​រក​ចំណូល​បាន​ទៅ​ ៥៩១លាន​ដុល្លារ​ឯណោះ​តែ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ និង​១,២៧​ប៊ីលាន​ដុល្លារ​ទូទាំង​ពិភពលោក ប៉ុន្តែ​រក​បាន​មិន​ដល់ ៥០​លាន​ដុល្លារ​ផង​នៅ​ប្រទេស​ចិន​ ដែល​ជា​ប្រទេស​ទី​២​ក្នុង​លោក​ អាច​រក​ចំណូល​បាន​ច្រើន​ពី​ការ​លក់​សំបុត្រ។ ហេតុ​ដូច្នេះ​ហើយ​ទើប "The Last Jedi” មិន​នឹង​មាន​ឈ្មោះ​នៅ​តារាង​ភាពយន្ត​ទាំង ៥០​ដែល​រក​ចំណូល​បាន​ច្រើន​នៅ​ប្រទេស​ចិន​ប្រចាំ​ឆ្នាំ​ផង តួយ៉ាង​ភាពយន្ត​ដែល​បរាជ័យ​នៅ​ប្រទេស​អាមេរិក​ដូច​ជា "Valerian” និង "Geostorm” សុទ្ធ​តែ​រក​ចំណូល​បាន​ខ្ទង់​៦០​លាន​ដុល្លារ​នៅ​ប្រទេស​ចិន។

បើ​ប្រៀប​ធៀប​នឹង​ភាពយន្ត​វគ្គ​មុន​ក្នុង​សែស្រឡាយ​នេះ "The Force Awakening” អាច​រក​ចំណូល​បាន​ដល់​ទៅ ១២៤​លាន​ដុល្លារ​ឯណោះ​កាល​ពី​ឆ្នាំ ២០១៦ និង "Rogue One” រក​ចំណូល​បាន ៦៩​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១៧។ បើ​យោង​ទៅ​តាម​អ្នក​ទីផ្សារ​ប្រចាំ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ លោក James Li បាន​ឲ្យ​ដឹង​ថា ​បញ្ហា​នេះ​អាច​កើត​ឡើង​ដោយ​សារ​តែ​អ្នក​ទស្សនា​ភាពយន្ត​នេះ​ហើយ មិន​ពេញ​ចិត្ត​និង​មិន​ត្រលប់​ទៅ​មើល​ម្ដង​ទៀត​ ឫ​មិន​បាន​ប្រាប់​អ្នក​ដទៃ​ឲ្យ​ទៅ​មើល​រឿង​នេះ។

បញ្ហា​សំខាន់​មួយ​ទៀត​គឺ ដោយ​សារ​តែ​ភាពយន្ត​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​ខ្លាំង បើ​ប្រៀប​ធៀប​ទៅ​នឹង​ស៊េរី​រឿង​ "Star Wars” ដំបូង​ដាក់​បញ្ចាំង​អំឡុង​ទសវត្ស​ទី ៧០។ ភាព​ខុស​ប្លែក​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​អ្នក​គាំទ្រ​វ័យ​ក្មេង​នៅ​ប្រទេស​ចិន ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​លំបាក​ខ្លាំង​ក្នុង​ការ​យល់​ដឹង​ពី​សាច់​រឿង៕

អាន​អត្ថបទ៖

ប្រភព៖ hollywoodreporter   ប្រែ​សម្រួល៖ ធារ៉ូ