លេចធ្លាយមូលហេតុគួរឲ្យភ្ញាក់ផ្អើល ដែលកូរ៉េខាងជើងសម្រេចបង្កើតអាវុធនុយក្លេអ៊ែរ

  • 2018-01-22 07:15:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវ​បាន​គេ​ហៅ​ថា ឆ្កួត , ព្រៃផ្សៃ , មិន​សម​ហេតុផល និង បុរស​រ៉ុកកែត ដោយសារតែ​ការ​បង្កើត​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​ដែល​មាន​សមត្ថភាព​អាច​បាញ់​ដល់​សហរដ្ឋអាមេរិក។

ផ្ទុយទៅវិញ អ្នកឯកទេស​និយាយ​ថា លោក គីម ជុងអ៊ុន មិនមែន​ឆ្កួត​ចង់​បាន​អាវុធ​នុយក្លេអ៊ែរ​ដោយ​គ្មាន​ហេតុផល​នោះ​ទេ។ ម្យ៉ាងទៀត លោក គីម ជុងអ៊ុន មិន​ចាំបាច់​ត្រូវ​ការ​អាវុធ​នុយក្លេអ៊ែរ ដោយសារ​តែ​បំណង​ប្រាថ្នា​ដើម្បី​ប្រើ​ពួកវាទៅ​លើ​សហរដ្ឋអាមេរិក ឬ​ប្រទេស​ណា​មួយ​ផ្សេង​ទៀត​ឡើយ។

លោក Jeffrey Lewis អ្នកឯកទេស​គោលនយោបាយ​នុយក្លេអ៊ែរ នៅ​ឯ​វិទ្យាស្ថាន Middlebury Institute of International Studies នៅ​ទីក្រុង Monterey រដ្ឋ California សហរដ្ឋអាមេរិក បាន​ប្រាប់​គេហទំព័រ Business Insider ថា "លោក គីម មិនមែន​ជា​មនុស្ស​ឆ្កួត​ទេ។ លោក​បាន​ពង្រឹង​លើ​ការ​គ្រប់គ្រង​ប្រទេស តាម​របៀប​ដ៏​មាន​ប្រសិទ្ធភាព និង​គ្មាន​មេត្តា" ។

លោក Jeffrey បាន​បន្ថែម​ថា «លោក គីម គ្រាន់តែ​មាន​ឆន្ទៈ​ធ្វើ​រឿង​ដ៏​គួរ​ឲ្យ​ភ័យខ្លាច ដើម្បី​ការពារ​ខ្លួនឯង​ប៉ុណ្ណោះ។ បើ​ខ្ញុំ​ជា លោក គីម ជុងអ៊ុន វិញ ខ្ញុំ​ក៏​ចង់​បាន​អាវុធ​នុយក្លេអ៊ែរ​ដែរ»។

នៅ​ចុង​បញ្ចប់ លោក Jeffrey ក៏​បាន​បញ្ជាក់​ថា លោក គីម ជុងអ៊ុន ទំនង​ជា​ចង់​បាន​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ទប់ស្កាត់​ការ​ឈ្លានពាន​របស់​អាមេរិក ពី​ព្រោះ​លោក គីម មិន​ទុកចិត្ត​លើ​ប្រទេស​មួយ​នេះ​ឡើយ។ ការ​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ នឹង​ផ្ដល់​ឲ្យ​ប្រទេស​កូរ៉េខាងជើង នូវ​ឱកាស​ការ​ទូត​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​ប្រទេស​ចិន​ក្នុង​អំឡុង​សង្គ្រាម​ត្រជាក់។ ប៉ុន្តែ លោក គីម ក៏​អាច​ធ្វើ​ឲ្យ​ប្រទេស​របស់​ខ្លួន​ដើរ​ខុស​ផ្លូវ​ដែរ ដោយសារតែ​អាវុធ​នុយក្លេអ៊ែរ​នេះ៕

ចុច​អាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី