Taylor Swift ធ្វើ​រឿង​ពិសេស​ហួសថ្លែង១ ក្នុង​ថ្ងៃ​មង្គលការអ្នក​គាំទ្រ

  • 2018-01-22 08:26:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីត្បិត​ការ​ផ្ញើ​ពាក្យ​ជូន​ពរ​ វា​ជា​រឿង​សាមញ្ញៗ សម្រាប់​មនុស្ស​ទូទៅ​ ប៉ុន្តែ​វា​បាន​បង្ហាញ​នូវ​ទឹក​ចិត្ត​យក​ចិត្ត​ទុក​ដាក់​ និង​គិត​គូរ​ពី​សំណាក់​តារា​ល្បី​មួយ​រូប​ ចំពោះ​អ្នក​គាំទ្រ​របស់​ពួកគេ ឧទាហរណ៍​ជាក់ស្ដែង​ដូច​ Taylor Swift ស្រាប់។

តារា​ស្រី​កើត​ឆ្នាំ​ ១៩៨៩​រូបនេះ​ បាន​ធ្វើ​រឿង​មួយ​ដ៏​រំភើប​ និង​បង្ហាញ​បេះ​ដូងកក់​ក្ដៅ​ដល់អ្នក​គាំទ្រ ខណៈ​នារី​ម្នាក់​ និង​ស្វាមី​ គឺជា​អ្នក​គាំទ្រ​ ចូល​រោងការ​។ Taylor បាន​ជូន​អំណោយមង្គល​ការដ៏​ស្រស់ស្អាត​ទៅ​កាន់​អ្នក​គាំទ្រ​នាង​រូប​នោះ។

ដើម​ហេតុ​ដំបូង​ គឺ​ Brittany Lewis ដែល​ជា​កូន​ក្រមុំ​ ដឹង​ច្បាស់​ថា​គូ​ដណ្ដឹង​របស់​នាង​ ជា​អ្នក​គាំទ្រ​ផ្កាប់​មុខ​របស់​ Taylor Swift ទើប​នាង​ចង់​ធ្វើ​រឿង​ពិសេស​មួយ​ដើម្បី​បំពេញ​ក្ដី​សុបិន​មនុស្ស​សំខាន់​របស់​នាង​ក្នុង​ថ្ងៃ​ពិសេស។ កូន​ក្រមុំ​រូបនេះ​បាន​ ផ្ញើសារ​ជា​ច្រើន​ទៅ​កាន់​ Taylor អម​ជាមួយ​ក្ដី​សង្ឃឹម​មុតមាំ​ថា​ តារា​ចម្រៀង​រូប​នេះ​នឹង​ធ្វើ​អ្វី​ម្យ៉ាង​ពិសេស​ សម្រាប់​ថ្ងៃ​ពិសេស​ពួកគេ។

បំណង​ប្រាថ្នា​ពិតជា​បាន​សម្រេច​មែន​ គឺ​ថ្ងៃ​នោះ​ ម្ចាស់​បទ​ "Look What You Make Me Do” បាន​ផ្ញើ​ផ្កា​ដ៏​ស្រស់​ស្អាត​ រួម​ជាមួយ​សារ​ជូន​ពរ​លើ​នោះ​ ជូន​ដល់​គូស្វាមី​ភរិយា​ថ្មីថ្មោង​នេះ​ នៅ​ថ្ងៃ​ ១២ ខែ​មករា។

ឈាន​ដល់​ថ្ងៃ​ទី ១៤ ខែ​មករា​ Gonzalez ដែល​ជា​កូន​កំលោះ​បាន​ បង្ហោះ​រូបភាព​ខ្លួន​ និង​ភរិយា​ក្នុង​ថ្ងៃ​មង្គលការ​ជាមួយ​ផ្កា​ដ៏​ស្រស់ស្អាត​ ដោយ​បាន​សរសេរ​ថា៖ "នៅ​រំភើប​ភ្ញាក់​ផ្អើល​មិន​ទាន់​បាត់​ទេ ពេល​ @taylorswift13 ផ្ញើ​ផ្កា​ដ៏​ស្រស់ស្អាត​ដល់​ខ្ញុំ​ និង​សំណព្វចិត្តក្នុង​ថ្ងៃ​ដ៏​មាន​ន័យ​ក្នុង​ជីវិត!”។

នេះ​ជា​ទឹក​ចិត្ត​ដ៏​ប្រពៃ​មិនអាច​កាត់​ថ្លៃ​បាន​ ក្នុង​នាម​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​ប្រចាំ​ពិភពលោក​ ដែលបាន​ចំណាយ​ពេល​ និង​ផ្ដល់​ភាព​កក់ក្ដៅ​សម្រាប់​អ្នក​គាំទ្រ​ខ្លួន។ វា​ជា​រឿង​រំភើប​មិនអាច​បំភ្លេច​បាន ហើយ​សូម​អបអរ​គូស្នេហ៍​ថ្មី​ថ្មោង​ទាំង​ ២៕

ប្រភព៖ elitedaily   ប្រែ​សម្រួល៖ យី សុធារី