កូន​ខ្មែរ​មួយ​ក្រុម​ យក​ពោះវៀនកង់ឡាន​ ច្នៃជាកាបូបលុយ ធ្វើ​ឲ្យ​បរទេស​ភ្ញាក់ផ្អើល (មានវីដេអូ)

  • 2018-01-23 07:50:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ខ្មែរ​មួយ​ក្រុម​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ ដោយ​បាន​​ច្នៃ​ពោះវៀន​កង់​ចាស់​ៗ​ស្ទើរ​តែ​បោះចោល​ មក​ធ្វើ​ជា​កាបូប​លុយ​ម៉ាក​ Kraftino  ហើយ​កំពុង​ល្បីល្បាញ​នៅ​ក្រៅ​ប្រទេស។ បច្ចុប្បន្ន​ កាបូប​លុយ​ Kraftino កំពុង​វាយ​លុក​ទីផ្សារ​នៅ​ សហរដ្ឋ​អាមេរិក អង់គ្លេស កាណាដា នូវែលហ្សេឡង់ និង អូស្ត្រាលី ជាដើម។

លោក ប៊ុន ណារ៉ាទីតូ សហ​ស្ថាបនិក​នៃ​សហគ្រាស​សង្គម Kraftino មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ បាន​ប្រាប់​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​២ ថា៖ «ដើម​ឡើយ​មុន​នឹង​ចាប់​ផ្ដើម​មុខ​របរ​នេះ យើង​បាន​ប្រាប់​មិត្តភ័ក្ដិ បងប្អូន​អំពី​គំនិត​ច្នៃ​ប្រឌិត​នេះ ពួកគេ​​មិន​មាន​ការ​ជឿជាក់​ មិន​មាន​ជំនឿ​ថា​អាច​ធ្វើ​បាន​ជោគជ័យ​នោះ​ទេ។ ប៉ុន្តែ រូប​ខ្ញុំ​ផ្ទាល់​ និង​ក្រុម​ការងារ​ជឿ​ថា​ អាច​ធ្វើ​វា​បាន​ ព្រោះ​យើង​បាន​សិក្សា​ទីផ្សារ​ច្បាស់​លាស់​ ក៏ដូចជា នូវ​សមត្ថភាព​ការ​ផលិត របស់​ផលិតករ​ខ្មែរ​យើង។»

លោក ប៊ុន ណារ៉ាទីតូ សហ​ស្ថាបនិក​នៃ​សហគ្រាស​សង្គម Kraftino

កាបូប​លុយ​ម៉ាក Kraftino បង្កើត​ឡើង​ដោយ​ក្រុម​យុវជន​ចំនួន ៤នាក់ នៅ​អំឡុង​ឆ្នាំ ២០១៤ ក្នុង​គោល​បំណង​ចូលរួម​គាំពារ​បរិស្ថាន​ផង និង ជួយ​លើក​ស្ទួយ​ជីវភាព​ប្រជាជន​ ជាពិសេស​ស្ត្រី​មេម៉ាយ និង​ ពិការ​ផង។

សូម​ទស្សនា​វីដេអូ

លោក ប៊ុន ណារ៉ាទីតូ បាន​បញ្ជាក់​ថា ពោះវៀន​កង់​ដែល​ជ្រើសរើស​ភាគច្រើន​ជា​ពោះវៀន​កង់​ចាស់​ជាពិសេស​ប្រភេទ​ពោះវៀន​កង់​ឡាន​ធំៗ (ឡាន​កង់​១០​ឡើង) ដែល​ពោះ​វៀន​ស្វិត​ល្អ និង​មាន​ក្រឡា​តាម​សម្បក​កង់ ដែល​ធ្វើ​ឲ្យ​រូបរាង​កាបូប​លុយ​នេះ មាន​ភាព​ស្រស់​ស្អាត​ រំលេច​តាមរយៈ​ក្រឡា​កង់។

ផ្ដើម​ពី​ចំណុច​សូន្យ​ លោក ប៊ុន ណារ៉ាទីតូ បាន​ឲ្យ​ដឹង​ថា មក​ទល់​នឹង​ពេល​នេះ កាបូប​លុយ​ច្នៃ​ពី​ពោះវៀន​កង់​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ជាពិសេស​ ភ្ញៀវ​បរទេស ដែល​បាន​បញ្ជា​ទិញ​ហើយ​សរសើរ​ថា មាន​ភាព​រឹងមាំ និង ខុស​ប្លែក​ពី​គេ។

យ៉ាង​ណា​ក៏ដោយ លោក ទីតូ មាន​ក្ដី​ប្រាថ្នា​ដ៏​ធំ​ចង់​បង្កើន​ផលិត និង​ជំរុញ​ការ​នាំចេញ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស ឲ្យ​ពិភពលោក​កាន់​តែ​ស្គាល់​នូវ​ផលិត​ផល​របស់​ខ្មែរ។ ចំពោះ​តម្លៃ​វិញ កាបូប​ដៃ Kraftino លក់​នៅ​ទីផ្សារ​អន្ដរជាតិ​តម្លៃ ២២.៩៩ ឯ​ក្នុង​ស្រុក​តម្លៃ ៦០ ០០០ រៀល​ ស្មើ​នឹង ១៤.៩៩ ដុល្លារ ដែល​ស្វែង​រក​នៅ​តាម​ហាង​ធំៗ និង ក៏​មាន​ដាក់​លក់​នៅ​លើ​បណ្ដាញ​សង្គម​ ដែល​ប្រើ​គណនី​ហ្វេសបុក Kraftino៕

អត្ថបទ៖ ក្រុមការងារ​ផ្លូវ​ទៅស្រុក