ស្ដែងៗ Drone ជួយសង្គ្រោះជីវិតមនុស្សពីរនាក់ នៅអូស្ត្រាលី
- 2018-01-24 07:09:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដែងៗ Drone ជួយសង្គ្រោះជីវិតមនុស្សពីរនាក់ នៅអូស្ត្រាលី
ចន្លោះមិនឃើញ
កាលពីថ្មីៗនេះ Drone សង្គ្រោះដែលប្រចាំការនៅតំបន់ឆ្នេរខ្សាច់ Lennox Head រដ្ឋ New South Wales ប្រទេសអូស្ត្រាលី បានជួយសង្គ្រោះយុវវ័យពីររូប ដែលមានវ័យ ១៥ ឆ្នាំ និង ១៧ ឆ្នាំ។
តាមរយៈវីដេអូដែលថតបានដោយ Drone សង្គ្រោះបានបង្ហាញថា Drone បានហោះទៅរកយុវវ័យដែលកំពុងរងគ្រោះទាំងពីរក្រោមការបញ្ជារបស់ឆ្មាំសមុទ្រ និងបានទម្លាក់ពោងសង្គ្រោះចូលទៅក្នុងទឹកដើម្បីឲ្យពួកគេតោង។
Josh Barilaro អនុប្រធាននៃរដ្ឋបាននិយាយថា នេះជាការជួយសង្គ្រោះលើកដំបូងបង្អស់ហើយ។ លោកបានលើកឡើងដូចនេះថា ៖ "ពិតជាអស្ចារ្យមែនទែន ដែលការបណ្ដាក់ទុនក្នុងបច្ចេកវិទ្យានេះរបស់រដ្ឋ New South Wales អាចជួយសង្គ្រោះមនុស្សបានពីរនាក់។ កន្លងមកមិនធ្លាប់មានការប្រើ Drone បំពាក់ឧបករណ៍សង្គ្រោះ ទៅជួយសង្គ្រោះមនុស្សបែបនេះទេ”។
Jai Sheridan ជាឆ្មាំសមុទ្រដែលបានបញ្ជា Drone បានលើកឡើងថា ជាធម្មតាឆ្មាំសមុទ្រត្រូវចំណាយពេលយូរជាងនេះប៉ុន្មាននាទី ដើម្បីធ្វើដំណើរទៅសង្គ្រោះមនុស្ស ប៉ុន្តែជាមួយ Drone គេប្រើពេលតែ ៧០ វិនាទីប៉ុណ្ណោះ។
Drone ដែលគេប្រើសម្រាប់សង្គ្រោះមនុស្សនេះមានឈ្មោះថា "Little Ripper” ដែលវាជាផ្នែកមួយនៃយុទ្ធនាការការពារមនុស្សពីត្រីឆ្លាម ដោយប្រើប្រាស់រូបមន្តដើម្បីអាចចំណាំត្រីឆ្លាមបានដោយស្វ័យប្រវត្តិ ហើយផ្ដល់ជាសញ្ញាអាសន្នដល់មនុស្ស៕