“The Death Cure” រឿងចុង​ក្រោយ​​នៃស៊េរី​រឿង "The Maze Runner” (វីដេអូ​វិភាគ)

  • 2018-01-26 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ "The Death Cure” គឺ​ជា​រឿង​ទី​៣​ នៅ​ក្នុង​ស៊េរី​រឿង "The Maze Runner” ដែល​មាន​លោក Wes Ball ជា​អ្នក​ដឹក​នាំ​រឿង។ អ្នក​ដឹក​នាំ​រូប​នេះ​ ក៏​បាន​ដឹក​នាំ​ថត​រឿង​២​ភាគ​ដំបូង​ផង​ដែរ​គឺ "The Maze Runner 2014” និង "The Scorch Trails 2015”។

​ស៊េរី​រឿង​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ស៊េរី​រឿង​មួយ​ក្នុង​ចំណោម​ប្រលោមលោក​ល្បីៗ ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​រឿង​ល្បីៗ ដូច​ជា "Harry Potter”, “Twilight”, “The Hunger Games” និង "Divergent” ជា​ដើម។

ក្នុង​វគ្គ​ចុង​ក្រោយ​នៃ​ស៊េរី​ "The Maze Runner” នេះ​ គេ​បាន​លើក​យក​អំពី​ហេតុការណ៍​ផ្សេងៗ​ ដែល​កើត​ឡើង​ក្រោយ​ ភាពយន្ត "The Sorch Trails” បាន​ដាក់​បញ្ចាំង​កាល​ពី​ឆ្នាំ ២០១៥។ ចំពោះ​សាច់​រឿង​ទាំង​ស្រុង​ គឺ​មាន​រយៈ​ពេល​ដល់​ទៅ​ ២ម៉ោង​និង​២២​នាទី​ឯណោះ​ ដែល​ជា​ភាពយន្ត​ដែល​មាន​សាច់​រឿង​វែង​បំផុត បើ​ប្រៀបធៀប​នឹង​២​វគ្គ​ដំបូង។

ចំណុច​វិជ្ជមាន​ជា​ច្រើន​ដែល​បាន​បង្ហាញ​ក្នុង​ភាពយន្ត​នេះ​ គឺ​ភាគ​ច្រើន​និយាយ​អំពី​ទំនាក់ទំនង​រវាង​ មនោសញ្ចេតនា​រវាង​មិត្តភ័ក្ដិ ជា​ពិសេស​​តួអង្គ​ Thomas និង Newt សម្ដែង​ដោយ Dylan O'Brien និង Thomas Brodie-Sangster។ "The Death Cure” ក៏​រៀប​រាប់​ពី​ទំនាក់​ទំនង​ដ៏​ច្របូក​ច្របល់​របស់ Thomas និង Teressa សម្ដែង​ដោយ ​Kaya Schodelario និង​ការ​ខិត​ខំ​ស្វែង​រក​មធ្យោបាយ​ដើម្បី​ជួយ​សង្គ្រោះ Minho សម្ដែង​ដោយ Ki Hong Lee។​​

​​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គេ​ក៏​បាន​បង្ហាញ​អាថ៌កំបាំង​ជា​ច្រើន​ទៀត ពាក់ព័ន្ធ​នឹង​គោល​បំណង​របស់​អង្គ​ការ Wicked ថា​តើ​ពួក​គេ​មាន​បំណង​យ៉ាង​ណា​ ចំពោះ​ជោគ​វាសនា​របស់​មនុស្ស​ជា​ច្រើន​ដែល​រស់​នៅ​ និងមិន​ទាន់​ឆ្លង​រោគ​ដ៏​សាហាវ មាន​ឈ្មោះ​ថា​ Flare។ ព័ត៌មាន​សំខាន់ៗ​ផ្សេងៗ​ជា​ច្រើន​នឹង​ត្រូវ​លាត​ត្រដាង ហើយ​អ្នក​នឹង​អាច​ដឹង​កាន់​តែ​ច្បាស់​ចំពោះ​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​កាល ពី​ ២​វគ្គ​មុន​ ប្រសិន​ជា​មិន​បាន​អាន​សៀវភៅ​ប្រលោមលោក។

តារា​សម្ដែង Patricia Clarkson ដែល​សម្ដែង​ជា​តួអង្គ Ava Paige ជា​ម្ចាស់​អង្គការ Wicked ពិត​ជា​សម្ដែង​បាន​ល្អ ហើយ​នៅ​ក្នុង​វគ្គ​នេះ អាច​ឲ្យ​អ្នក​កាន់​តែ​យល់​ច្បាស់​ពី​តួអង្គ​មួយ​រូប​នេះ​។ ដោយ​សារ​តែ​មេរោគ​ Flare បន្ត​សាយភាយ​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក ហេតុ​ដូច្នេះ​ហើយ​ទើប Ava ខិត​ខំ​ស្វែង​រក​គ្រប់​មធ្យោបាយ​ដើម្បី​ រក​ថ្នាំ​ព្យាបាល​មេរោគ​ដ៏​សាហាវ​នេះ ប៉ុន្តែ​វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ឡើយ។ នៅ​ក្នុង​វគ្គ​ចុង​ក្រោយ​នេះ Ava បាន​ធ្វើ​ការ​រួម​គ្នា​ជាមួយ Teresa ដើម្បី​ស្វែង​រក​ថ្នាំ​ព្យាបាល​ជំងឺ​ដែល​គេ​ហៅ​ថា​ "The Cure”។

តាម​រយៈ​ការ​បង្ហាញ​ពី​ទិដ្ឋភាព​ផ្សេងៗ ទាក់​ទង​នឹង​អ្នក​មាន​ និង​អ្នក​ក្រ​ ភាពយន្ត​នេះ​បង្ហាញ​ពី​ភាព​អវិជ្ជមាន​ ចំពោះ​មនុស្ស​គ្រប់​គ្នា​ ខិត​ខំ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​ខ្លួន​អាច​រស់រាន​មាន​ជីវិត ទោះ​បី​ជា​អំពើ​នោះ​អាក្រក់​កម្រិត​ណា​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភាពយន្ត​នេះ​បាន​បង្ហាញ​ពី​មនោសញ្ចេតនា​ស្នេហា​ រវាង​មិត្តភ័ក្ដិ​គ្រួសារ និង​ព្រម​ទាំង​ការ​បាត់បង់​ផ្សេងៗ អាច​ឲ្យ​អ្នក​ស្រក់​ទឹក​ភ្នែក​ពេល​ទស្សនា​ដោយ​មិន​ដឹង​ខ្លួន។

ចំពោះ​ចំណុច​អវិជ្ជមាន​ខ្លះៗ នោះ​គឺ​អាច​បណ្ដាល​មក​ពី​មួយ​កំណាត់​ដំបូង​នៃ​សាច់​រឿង គឺ​មាន​លក្ខណៈ​យឺត​និង​បន្លាយ​បន្តិច ទម្រាំ​ដល់​ចំណុច​សំខាន់​ដែល​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​អំពី​អ្វី​ដែល​នឹង​កើត​ឡើង។ ចំណុច​ខ្លះ​ៗ និង​ឈុត​ឆាក​ខ្លះ​ៗ​នៃ​សាច់​រឿង​គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​​ និង​ភាពយន្ត​មួយ​ចំនួន​ជា​ពិសេស​គឺ ​ភាពយន្ត​ទាក់​ទង​នឹង​ខ្មោច​ Zombie ដូច​ជា​ "The Walking Dead” និង "Resident Evil” ជា​ដើម។

សរុប​សេចក្ដី​មក "The Death Cure” គឺ​ភាពយន្ត​ដែល​ល្អ​សម្រាប់​ការ​មើល​លម្ហែ​អារម្មណ៍​ ដែល​ជា​ភាសា​អង់គ្លេស​គេ​អាច​ហៅ​ថា "Popcorn Flick” ប៉ុន្តែ​វា​មិន​មែន​លក្ខណៈ​អ្វី​ពិសេស​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​ខ្លាំង​ពេក​នោះ​ទេ​។

ភាពយន្ត "The Death Cure” បាន​ចាប់​ដាក់​បញ្ចាំង​ហើយ​ នៅ​គ្រប់​រោង​កុន​នៅ​ប្រទេស​កម្ពុជា៕

អត្ថបទ៖ ធារ៉ូ

អត្ថបទថ្មី