ចង់​ទិញ​កុំព្យូទ័រ​កុំ​ឲ្យ​ខាត​លុយ ​ត្រូវ​ដឹង​ទំហំ RAM ប៉ុណ្ណា​សិន​

  • 2018-01-29 01:41:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

RAM ឬពាក្យពេញ Random Access Memory ជា​ផ្នែក​រឹង​ដ៏​សំខាន់​មួយ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ។ ប៉ុន្តែ​ទំហំ RAM ប៉ុណ្ណា​ដែល​សាកសម​នឹង​អ្នក ស្រប​ពេល​បច្ចុប្បន្ន​ជា​មធ្យម​ RAM ដែល​គេ​ប្រើ​មាន​ចាប់​ពី​ចន្លោះ 4GB ទៅ​ដល់ 16GB?

+អ្វី​ទៅ​ជា RAM:

មនុស្ស​ជា​ច្រើន​មាន​ការ​ភ័ន្តច្រឡំ​រវាង RAM ធៀប​ទៅ​នឹង SSD ឬ Hard Disk នោះ​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ។ វា​ជា​ទីតាំង​រក្សា​ទុក​ទិន្នន័យ​បណ្តោះ​អាសន្ន ក្នុង​ពេល​កុំព្យូទ័រ​ដំណើរការ ហើយ​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​យើង​បិទ​ម៉ាស៊ីន។

រូបតំណាង RAM

មិន​ខុស​ពី​តុ​មូល​មួយ បើ​អ្នក​ទិញ​តុ​មក​កាន់​តែ​ធំ អ្នក​នឹង​អាច​រក្សា​ទុក​របស់របរ​ប្រើប្រាស់​នៅ​លើ​នោះ​បាន​ច្រើន ផ្ទុយ​ទៅ​វិញ​បើ​វា​មាន​ទំហំ​តូច​យើង​អាច​ទុក​ដាក់​បាន​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ ម្ល៉ោះ RAM ក៏​ដូច​គ្នា បើ​ទំហំ Gigabyte កាន់​តែ​ធំ វា​នឹង​អាច​ដំណើរការ​កម្មវិធី​បាន​ច្រើន​និង​រលូន​ក្នុង​ពេល​តែ​មួយ ប៉ុន្តែ​ត្រូវ​សួរ​ថា​តើ RAM ប៉ុណ្ណា ល្មម​នឹង​ការ​ប្រើប្រាស់​ ហើយ​ទិញ​មក​មិន​ខាត​លុយ?

+ទំហំ RAM ដែល​ត្រូវ​ជ្រើសរើស:

  • 2GB: ជា​ទូទៅ​មាន​តែ​ក្នុង​ថេបប្លែត ប៉ុន្តែ​បើ​មាន​លើ​កុំព្យូទ័រ​ឬ Laptop បច្ចុប្បន្ន​នៅ​សល់​តិចតួច​បំផុត (មិន​គួរ​ទិញ​មក​ប្រើប្រាស់)
  • 4GB: ជា​កម្រិត​មធ្យម ដែល​មាន​ល្បឿន​ដំណើរការ​សមស្រប​ល្មម​សម្រាប់​អ្នក​ប្រើ​ត្រឹម Microsoft Office ក្នុង​ការ​បំពេញ​ការងារ​ការិយាល័យ ឬ​កាត់​ត​រូបភាព​ក្នុង Photoshop ធម្មតា
  • 8GB: ល្អ​បំផុត​សម្រាប់​អ្នកប្រើ Windows និង MacOS ដែល​និយម​ចូលចិត្ត​លេង​ហ្គេម ហើយ​ក៏​អាច​គាំទ្រ​បាន​សឹង​គ្រប់​កម្មវិធី​ក្នុង​ពេល​បច្ចុប្បន្ន
  • 16GB: ប្រើ​សម្រាប់​អ្នក​ធ្វើ​ការងារ​អាជីព​នៅ​ផ្នែក​បច្ចេកវិទ្យា និង​អ្នក​ចូលចិត្ត​លេង​ហ្គេម​ធំៗ
  • 32GB ឬ​ខ្ពស់​ជាង​នេះ: សម្រាប់​បំពាក់​ក្នុង​ម៉ាស៊ីន​ធ្វើ​ការ​នៅ​ស្ថានីយ​ធំៗ

បែប​នេះ​ហើយ Sabay ណែនាំ​ឲ្យ​អ្នក​មាន​បំណង​ទិញ​កុំព្យូទ័រ​គួរ​សម្រេច​ចិត្ត​តែ​រវាង RAM 4GB ឬ 8GB ទៅ​តាម​គោលបំណង​ប្រើប្រាស់ បើ​អ្នក​ទិញ​យក​មក​ធ្វើ​ការងារ​ការិយាល័យ​គួរ​យក 4GB ហើយ​បើ​ចង់​មាន​បំណង​លេង​ហ្គេម​និង​ធ្វើ​ការ​លើ​ផ្នែក​រចនា​ឬ​កាត់​ត​វីដេអូ ពិត​ណាស់​ដែល 8GB សម​ល្មម ហើយ​គួរ​ទុក​ថវិកា​ដែល​នៅ​សល់ ទៅ​ពង្រឹង​លើ​ល្បឿន CPU ឬ​ប្រភេទ​កាត​ក្រាហ្វិក​ល្អ​ជា​ជាង។

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ កៅ រក្សា