​មិន​ស្មាន​ថា​ Facebook រក​លុយ​បាន​ច្រើន​​ដល់​ថ្នាក់​នេះ ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម

  • 2018-02-01 03:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​​ Facebook ​បាន​បញ្ចេញ​របាយការណ៍​​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ ២០១៧ ​និង​ប្រចាំ​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៧ ​ដែល​​ចំណូល​មាន​ការ​កើន​ឡើង​យ៉ាង​ច្រើន។

នៅ​រយៈពេល​ ៣ ខែ​​ចុង​ឆ្នាំ​ ២០១៧ ​Facebook អាច​រក​ចំណូល​បាន​ ១២,៧៧ ពាន់​លាន​ដុល្លារ​​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ និង​​រក​បាន​ ១៩៣ លាន​ដុល្លារ​​ពី​សេវាកម្ម​ផ្សេង​ទៀត។ សរុប​ចំណូល​​​នៅ​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៧ មាន​ចំនួន​ ១២,៩៧ លាន​ដុល្លារ​ មាន​ការ​កើន​ឡើង​ ៤៧% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០១៦។

ដោយ​ឡែក​ចំណូល​ប្រចាំ​ឆ្នាំ​ ២០១៧ មាន​ចំនួន​ ៤០,៦៥​ ពាន់​លាន​ដុល្លារ​ ដោយ​​មាន​ ៣៩,៩៤ ពាន់​លាន​ដុល្លារ​ជា​ចំណូល​បាន​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម។ ចំណូល​ប្រចាំ​ឆ្នាំ​ ២០១៧ មាន​ការ​កើន​ឡើង​ ៤៧% ធៀប​នឹង​ឆ្នាំ​ ២០១៦ ដែល​រក​បាន​ ២៧,៦៣ ពាន់​លាន​ដុល្លារ។

បញ្ជាក់​ថា​ Facebook បាន​បំបែក​ News Feed ជា​ផ្លូវ​ការ​នៅ​សហរដ្ឋអាមេរិក និង​នៅ​ប្រទេស​ដទៃ​ទៀត​ជា​បន្ត​បន្ទាប់​ ដោយ​ការ​បំបែក​នេះ​នឹង​បង្ខំ​ឲ្យ​ Page ជា​ច្រើន​ចាយ​លុយ​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដើម្បី​ឲ្យ​ Post របស់​ខ្លួន Reach ទៅ​កាន់​មនុស្ស​កាន់​តែ​ច្រើន។ ចំណុច​នេះ​អាច​នឹង​ជួយ​ឲ្យ​ចំណូល​បាន​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​បណ្ដាញ​សង្គម​យក្ស​មាន​ការ​កើន​ឡើង​បន្ត​ទៀត​នៅ​ឆ្នាំ​ខាង​មុខ។

គិត​​ត្រឹម​ថ្ងៃ​ទី​ ៣១ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧ ​ចំនួន​អ្នក​ប្រើ​​ប្រាស់​ Facebook ​សកម្ម​ប្រចាំ​ថ្ងៃ​​មាន​ជា​មធ្យម​ ១,៤ ពាន់​លាន​​នាក់​​ កើន​ឡើង​ ១៤% ធៀប​នឹង​ឆ្នាំ​ ២០១៦។ ចំណែក​ចំនួន​អ្នក​ប្រើ​ប្រាស់​សកម្ម​ប្រចាំ​ខែ​​មាន​ ២,១៣ ពាន់​លាន​នាក់ កើន​ឡើង​ ១៤% ធៀប​នឹង​ឆ្នាំ​ ២០១៦៕​​​​​​​​

ប្រភព៖ investor.fb   ប្រែ​សម្រួល៖ សុខហេង