ដើម្បីការងារអស្ចារ្យរបស់ខ្លួន បុរសចិន ទ្រាំជិះកង់ឆ្លងទ្វីបចំងាយ ១៦ ០០០ គីឡូម៉ែត្រ និងចំណាយពេល១ឆ្នាំ
- 2018-02-03 04:29:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើម្បីការងារអស្ចារ្យរបស់ខ្លួន បុរសចិន ទ្រាំជិះកង់ឆ្លងទ្វីបចំងាយ ១៦ ០០០ គីឡូម៉ែត្រ និងចំណាយពេល១ឆ្នាំ
ចន្លោះមិនឃើញ
Yuan Jianglei បានជិះកង់របស់លោកពីអាហ្វ្រិកទៅចិន ដែលមានចំងាយ ១៦ ០០០ គីឡូម៉ែត្រ ចំណាយពេលជិតមួយឆ្នាំក្នុងការបញ្ចប់ ដើម្បីប្រមូលថវិកាទៅជួយសហគមន៍ក្រីក្រមួយនៅក្នុងប្រទេសបេនីន (Benin) ភាគខាងលិចនៃទ្វីបអាហ្រ្វិក។ នេះបើតាមសារព័ត៌មាន Nextshark របស់ចិនទើបចុះផ្សាយ។
បុរសវ័យ២៦ឆ្នាំ បានត្រលប់ទៅប្រទេសបេនីន ដើម្បីធ្វើតាមពាក្យសន្យាដើម្បីតម្លើងបន្ទះសូឡា ធ្វើអណ្តូងទឹកមួយនៅទីនោះ។ Yuan បានទៅប្រទេសបេនីនដំបូងកាលពីឆ្នាំ ២០១៤ បន្ទាប់ពីរៀនចប់ផ្នែកសារព័ត៌មាន។ ប្រភពខាងលើបន្ត។
នៅទីនោះលោកបានចំណាយពេល ២ ឆ្នាំដើម្បីបង្រៀនភាសាចិននៅវិទ្យាស្ថានខុងជឺនៅប្រទេសបេនីនដែលជាប្រទេសក្រីក្របំផុតមួយនៅទ្វីបអាហ្វ្រិក។ នៅឆ្នាំ ២០១៦ Yuan បានជិះកង់ត្រលប់ទៅស្រុកកំណើតនៅចិនវិញ ដោយឆ្លងកាត់ប្រទេសចំនួន ១៦ និងប្រើពេល ៣៦០ថ្ងៃ។
មានម្តងនោះនៅពេលកំពុងជិះកង់ក្នុងប្រទេស Mauritania (ភាគខាងលិចសមុទ្រខ្សាច់សាហារ៉ា)លោកត្រូវបង្ខំចិត្តឡើងជិះរថភ្លើងដោយសារតែវីសាសល់តែ៣ថ្ងៃប៉ុណ្ណោះនឹងផុតកំណត់ក្នុងប្រទេសនោះ។ បុរសអាស៊ីបានរំលឹកទៀតថា នៅពេលមួយ លោកត្រូវបានមនុស្សមិនស្គាល់គ្នាសោះជួយយកអាសា បើកុំអីនឹងវីវរធំ។
"នៅពេលខ្ញុំជិះកង់ក្នុងប្រទេស Burkina Faso(មានព្រំប្រទល់ជិត កូតឌីវ័រ តូហ្គោ និង ហ្គាណា ជាដើម) ខ្ញុំមានជំងឺគ្រុនចាញ់យ៉ាងធ្ងន់ធ្ងរ។ អ្នកស្រុក បានជួយខ្ញុំដាក់តាមម៉ូតូយកទៅមន្ទីរពេទ្យ។ ហើយខ្ញុំក៏បានធូរស្បើយនៅ៤ម៉ោងក្រោយមក"។ Yuan បាននិយាយ។
នៅពេលមកដល់ប្រទេសចិនកាលពីខែសីហាឆ្នាំ ២០១៧ លោកបានធ្វើភាពយន្តឯកសារមួយស្តីពីការធ្វើដំណើររបស់លោកឆ្លងកាត់នៅទ្វីបអាហ្រ្វិក ហើយនិស្សិតបញ្ចប់ថ្នាក់សារព័ត៌មានរូបនេះ បានទៅជួបសហគ្រាស ប្រជាជននានាក្នុងប្រទេសចិន ដើម្បីប្រមូលមូលនិធិទៅជួយប្រទេសក្រីក្រទាំងនោះ។
បន្ទាប់ពីទទួលបានថវិការៃអង្គាសរាប់ម៉ឺនដុល្លារពីក្រុមហ៊ុនផលិតថាមពលមួយដ៏ល្បីនៅចិន Yuan សន្យាថានឹងត្រលប់ទៅជួយប្រជាជននៅសហគមន៍ក្រីក្រមួយនៅក្នុងប្រទេសបេនីនបន្ទាប់ពីចូលឆ្នាំចិនរួច។ ប្រភពខាងលើបន្ថែម៕