រីករាយថ្ងៃខួបកំណើត! Facebook អាយុ ១៤ ឆ្នាំហើយ
- 2018-02-05 07:20:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រីករាយថ្ងៃខួបកំណើត! Facebook អាយុ ១៤ ឆ្នាំហើយ
ចន្លោះមិនឃើញ
ថ្ងៃទី ៤ ខែកុម្ភៈម្សិលមិញនេះជាថ្ងៃដែលបណ្ដាញសង្គមយក្ស Facebook បានចាប់កំណើតឡើង តាមរយៈការបង្កើតឡើងរបស់ Mark Zuckerberg រួមជាមួយមិត្តភ័ក្ដិ នៅក្នុងបន្ទប់ស្នាក់នៅរបស់និស្សិតនៃសកលវិទ្យាល័យ Harvard។
ក្នុងឱកាសនេះស្ថាបនិក Facebook ក៏បានបង្ហោះសារនៅលើគណនីផ្លូវការរបស់ខ្លួនដែលមានអត្ថន័យថា ៖
“ថ្ងៃនេះជាខួបកំណើត ១៤ ឆ្នាំរបស់ Facebook។ វាជាពេលដើម្បីមើលថាយើងដើរបានឆ្ងាយប៉ុណ្ណាហើយចាប់តាំងពីចាប់ផ្ដើមនៅបន្ទប់ស្នាក់នៅនៅសកលវិទ្យាល័យ Harvard ហើយអាចមើលថាយើងត្រូវដើរឆ្ងាយប៉ុណ្ណាទៀតដើម្បីឲ្យពិភពលោករួមគ្នាតែមួយ។ ហើយក៏ជាពេលដែលត្រូវគិតអំពីអ្វីដែលយើងត្រូវធ្វើដើម្បីឲ្យគ្រប់យ៉ាងកាន់តែប្រសើរ។
ពេលខ្លះមានអ្នកសួរថាខ្ញុំរៀនបានអ្វីខ្លះលើដំណើររយៈពេល ១៤ ឆ្នាំនេះ។ ពេលចាប់ផ្ដើម Facebook ដំបូងខ្ញុំមានអាយុ ១៩ ឆ្នាំ ហើយខ្ញុំមិនបានដឹងអំពីការបង្កើតក្រុមហ៊ុន ឬ សេវាកម្មអ៊ីនធឺណិតបែបសកលនោះទេ។ ប៉ុន្មានឆ្នាំមកនេះខ្ញុំបានសាងកំហុសជាច្រើន ខ្ញុំបានខុសបច្ចេកទេស និងសម្រេចចិត្តខុស។ ខ្ញុំជឿមនុស្សខុស និងបានដាក់មនុស្សមានទេពកោសល្យនៅខុសកន្លែង។ ខ្ញុំបានមើលរំលងដំណឹងពេញនិយមដែលសំខាន់ៗ និងហាក់ដូចជាស្ពឹកស្រពន់សម្រាប់អ្នកដទៃ។ ខ្ញុំបានដំណើរការផលិតផលថ្មីៗជាបន្តបន្ទាប់ ទោះជួបបរាជ័យ។
មូលហេតុដែលសហគមន៍របស់យើងមានជីវិតមកទល់ថ្ងៃនេះ មិនមែនដោយសារការគេចវេះពីកំហុសនោះទេ។ នេះព្រោះតែយើងជឿជាក់លើអ្វីដែលយើងកំពុងធ្វើ និងតែងព្យាយាមដោះស្រាយបញ្ហាប្រឈមជាច្រើន ទោះដឹងច្បាស់ថាយើងនឹងបរាជ័យម្ដងហើយម្ដងទៀត ប៉ុន្តែវាជាវិធីតែមួយគត់ដើម្បីអាចដើរទៅមុខបាន។
លើដំណើរមួយនេះយើងនៅដើរមិនទាន់បានឆ្ងាយនៅឡើយ ហើយយើងនឹងខិតខំដើម្បីធ្វើឲ្យកាន់តែល្អ។ ការតាំងចិត្តនេះតែងតែជាចំណុចខ្លាំងរបស់ពួកយើង ហើយនៅឆ្នាំនេះអ្វីគ្រប់យ៉ាងស្ថិតលើការតាំងចិត្តនេះហើយ។
បានធ្វើឲ្យគ្រួសារ និងមិត្តភ័ក្ដិកាន់តែជិតស្និទ្ធជាងមុនរយៈពេល ១៤ ឆ្នាំមកនេះ ខ្ញុំមានមោទនភាពនឹងធ្វើដែលយើងបានធ្វើ និងរីករាយខ្លាំងដែលបានក្លាយជាផ្នែកមួយនៃរបស់ដ៏មានន័យនេះ។ ជាកិត្តិយសមួយដែលបានរួមដំណើរនេះជាមួយអ្នកទាំងអស់គ្នា”។
គួរដឹងថាវិបសាយបណ្ដាញសង្គម Facebook បានចាប់ដំណើរការនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០០៤ ដោយលោក Mark Zuckerberg រួមជាមួយនឹងមិត្តភ័ក្ដិរៀននៅសកលវិទ្យាល័យ Harvard ជាមួយគ្នារួមមាន Eduardo Saverin, Andrew McCollum, Dustin Moskovitz និង Chris Hughes៕