ឫស្សី​មួយ​គុម្ព បាន​​នាំ​តន្ត្រីករជន​បទ​ម្នាក់​​ទៅដល់​ទីក្រុង​ឡុង​

  • 2018-02-07 02:27:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រង​ពាក្យ​មើល​ងាយ​គ្រប់​យ៉ាង ​តន្ត្រីករ គែន លោក ​​មុន ហៃ​ នៅតែ​ឱបគែន​ជាប់​ខ្លួន​ជានិច្ច​ ហើយ​បាន​ជម្នះ​​ពាក្យ​ស្ដី​ថា​របស់​អ្នក​ស្រុក ​រហូត​បាន​ទៅ​សម្ដែង​ដល់​ប្រទេស​អង់គ្លេស​។

គែន ជា​​ឧបករណ៍​តន្រ្តី​បុរាណ​ខ្មែរ​មួយ​ដែល​មិន​សូវ​មាន​វត្តមាន​​លើ​ឆាក​សិល្បៈ​ខែ្មរ​ឡើយ។ អ្នក​ស្រលាញ់​ស្ម័គ្រ​ស្មោះ​លើ​ឧបករណ៍ គែន​ ​ លោក មុន​ ហៃ ​​មួបាន​ប្រាប់​ថា លោក​ស្រលាញ់​សិល្បៈ បុរាណ​នេះ​តាម​លោក​ឪពុក​ដែល​ជា​អ្នក​សិល្បករ​គែន​ម្នាក់​ ប៉ុន្តែ​​លោក​មិន​បាន​ហ្វឹក​ហាត់​ពី​សិល្បៈ​មួយ​នេះ​ពី​ឪ​ពុក​លោក​ឡើយ ​ព្រោះ​លោក​បាន​លា​ចាក​លោក​ដោយ​របប​៣ឆ្នាំ​៨ខែ​២០​ថ្ងៃ​។

ដោយចិត្ត​ស្រលាញ់​​លោក​បាន​ទៅ​រៀន​ពី​គ្រូ​ម្នាក់​ដែល​ចេះ​លេង​ឧបករណ៍​មួយ​នេះ​ ហើយ​កាល​គ្រា​នោះ​ គែន​​គ្មាន​អ្នក​ចេះ​ធ្វើ​នៅ​ក្នុង​ស្រុកខ្មែរ​ទេ ​ដូច្នេះ​លោក​បាន​ផ្ញើ​លុយ​តាម​ទាហាន​អ៊ុន​តាក់​ដែល​គេ​អាច​ដើរ​ចូល​ជំរំ​ព្រំ​ដែន​កម្ពុ​ជា​ថៃ​បាន​​ ឲ្យ​ទិញ​គែន​ឲ្យ​លោក​។

ក្រោយ​ពី​លោក​បាន​រៀន​សិល្បៈ​មួយ​នេះ​ ​អ្នក​ភូមិ​​ភាគ​ច្រើន​តិះ​ដៀល​ថា​ លោក​ជា​មនុស្ស​ឆ្កួត ឡប់​អត់គ្រប់​ទឹក​ជា​ដើម។ «មុន​ពេល​អ៊ំបាន​មក​បង្ហាញ​ឲ្យ​គេ​ស្គាល់​ពី​ឧបករណ៍​នេះ​នៅ​ភ្នំពេញ​ មាន​​អ្នក​ភូមិ​ចេះ​តែ​ថា​ឲ្យ​អ៊ំអើ​យ​យក​បំពង់​ឫស្សីទៅ​ភ្នំពេញ​មិន​ចេះ​ខ្មាស​គេ​អ្វី?​ លេង​អ្វី​តន្រ្តី​អាចម៍​ឆ្កែ​ ​យក​ទៅ​ហ្នឹង​គ្មាន​អ្នក​មើល​ទេ​។ អ៊ំ​គិត​វិញ​ថា​នេះ​ជា​រឿង​របស់​អ៊ុំ​​ដែល​លង់​ស្រលាញ់វា​ទៅ​ហើយ​ អ៊ំមិន​គិត​ថា​មាន​អ្នក​មើល​ឬ​ក៏​អត់​ទេ​ ។» លោក​ មុន ហៃ រៀបរាប់ទាំងស្រងូតស្រងាត់។ ​ ទោះ​រង​​ការ​ដៀល​ត្មះ​យ៉ាង​ណា ​ក៏​អ្នក​ឧ​ត្ត​មាន​ជ័យ​ម្នាក់​នេះ​បាន​ព្យាយាម​​បង្ហាត់​ដល់​កូន​ចៅ​​របស់​លោក​​ឲ្យ​ចេះ​សិល្បៈ​បន្ត​ទៀត​។ គ្មាន​ការ​បោះ​បង់​ គ្មាន​បរាជ័យ​​ កាល​ពី​ឆ្នាំ​ពី​២០១៧​ លោក​ មុន​ ហៃ​បាន​នាំ​យក​​ឧបករណ៍​គែន​នេះ​ទៅ​សម្ដែង​ដល់​ប្រទេស អង់គ្លេស​ដោយ​សារ​ឧបករណ៍​ដែល​គេ​មើល​ងាយ​នេះ​។

«កាល​ពី​ខែ​៧​ឆ្នាំ​២០១៧ ខ្ញុំ​បាន​ទៅ​សម្ដែង​នៅ​ទី​ក្រុង​ឡុង ​ប្រទេស​អង់គ្លេស​ តាម​រយៈ​ក្រុម​រថយន្ត​តន្រ្តី​ទិព្វ​ ខ្ញុំ​ទៅ​ផ្លុំ​គែន​ជូន​ដល់​ភ្ញៀវ​បាន​ទស្សនា​ គេ​គាំទ្រ​ខ្លាំង​ណាស់​ នេះ​ព្រោះ​ឫស្សី​មួយ​គុម្ព​ ដែល​មាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​ប្រទេស​គេ​ បើ​គ្មាន​វា​ទេ​​ខ្ញុំ​មិន​ស្គាល់​អង់គ្លេស​ឡើយ​​»។

សិល្បៈ​មួយ​នេះ​ក្រៅ​ពី​ផ្តល់​ឲ្យ​លោក​បាន​​​ស្គាល់​ស្រុក​ក្រៅ​​ហើយ​ តែ​វា​បាន​​ផ្តល់​ចំណូល​ប្រចាំ​ខែ​ដល់​លោក​​តាម​រយៈ​ការ​បង្រៀន​សិល្បៈ​ និង​ចេញ​សម្ដែង​ទៀត​ផង​ ជាពិសេស​ធ្វើ​ឲ្យ​លោក​គេច​ផុត​ពី​ដំណៀល​របស់​គេ​​។ តាម​សម្តី​លោក​ មុន ហៃ​ ​ឧបករណ៍​គែន​ ដែល​ពេល​នេះ​ក្លាយ​ជា​ភ្លេង​តំណាង​ជាតិ​ឡាវ​នេះ​ ក៏​មាន​ភស្ដុ​តាង​ថា​ជា​ឧបករណ៍​ដូន​តា​ខ្មែរ​តាំង​ពី​យូរ​យា​ណាស់​មក​ហើយ​ ព្រោះ​ មាន​គំនូរ​ឆ្លាក់​នៅ​លើ​​ប្រាសាទ​បាយ័ន ។

​ មានវ័យ៦២ ឆ្នាំ​ លោក មុន ហៃ ​ជា​កូន​ទី​៥ ក្នុង​ចំណោម​បង​ប្អូន​ស្រី​ប្រុស​៥នាក់ ក្រោយ​ពី​ចាប់​ដៃ​គ្នា​ជាមួយ​ភរិយា លោក​មាន​កូន​ចំនួន ៥នាក់ ស្រី​៤ ប្រុស​១ ​ក្នុង​ចំណោម​កូន​ទាំង​៥ គ្មាន​អ្នក​ណា​ម្នាក់​រៀន​សិល្បៈ​នេះ​តាម​លោក​ឡើយ​ មាន​តែ​ចៅស្រី​មា្នក់ ​និង​ប្រុស​មា្នក់​ដែល​ស្ម័គ្រ​ចិត្ត​លេង​សិល្បៈ​មួយ​នេះ​ ហើយ​ក៏​មាន​បំណង​​ចែក​រំលែក​ដល់​ក្មេង​ជំនាន់​ក្រោយ​នេះ​ដែរ៕​ ​​​​

អត្ថបទៈ ស្រីអូន