ស្ងាត់ៗ ប្រធាន FIFA ជ្រើសរើសយកកម្ពុជារៀបចំកិច្ចប្រជុំកំពូលសប្តាហ៍នេះ
- 2018-02-07 03:02:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ ប្រធាន FIFA ជ្រើសរើសយកកម្ពុជារៀបចំកិច្ចប្រជុំកំពូលសប្តាហ៍នេះ
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់ពិភពលោក FIFA នឹងរៀបចំកិច្ចប្រជុំកំពូលរបស់ខ្លួននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។ នេះបើតាមប្រភពសុំមិនបញ្ចេញឈ្មោះមួយបានបង្ហើបឲ្យដឹង។
ប្រភពព័ត៌មានបានឲ្យដឹងថា វាជារឿងដ៏សម្ងាត់មួយដែលសហព័ន្ធបាល់ទាត់ពិភពលោកបានជ្រើសរើសយកប្រទេសកម្ពុជារៀបចំកិច្ចប្រជុំកំពូលរបស់ខ្លួន។ កិច្ចប្រជុំកំពូលនេះនឹងចូលរួមដោយលោក Gianni Infantino ប្រធាន FIFA មន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់ FIFA និងប្រធាន អគ្គលេខាធិការនៃសហព័ន្ធបាល់ទាត់នៃបណ្តាលប្រទេសនានាដែលមានជាង៦០ប្រទេសក៏ចូលរួមដែរ។ ក្នុងនោះប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោកអគ្គលេខាធិការក៏ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះដែរ។
អ្វីដែលកាន់តែគួរឲ្យកត់សំគាល់ទៀតនោះ ក្រុមការងាររបស់សហព័ន្ធបាល់ទាត់ពិភពលោកជាអ្នកចុះមករៀបចំទាំងស្រុងនៅកម្ពុជាសម្រាប់កិច្ចប្រជុំនេះដូចជាការស្វែងរកសណ្ឋាគារ ការធ្វើការធ្វើដំណើរ ការរៀបចំទទួលមន្ត្រីនៅប្រលានយន្តហោះ ម្ហូបអាហារ និងកិច្ចការងារផ្សេងទៀតដោយមិនពាក់ព័ន្ធនឹងសហព័ន្ធបាល់ទាត់កម្ពុជាដែលជាម្ចាស់ទឹកដីឡើយ។ កិច្ចប្រជុំកំពូលរបស់ FIFA នេះគ្រោងនឹងរៀបចំព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នៅសណ្ឋាគារសូហ្វីតែល។
តាមព័ត៌មានជាក់លាក់មួយបង្ហាញថា លោក Gianni Infantino ប្រធាន FIFA នឹងអញ្ជើញមកប្រទេសវៀតណាមនាថ្ងៃទី៨ ខែកុម្ភៈនេះ ដូច្នេះច្បាស់ណាស់ដែលលោកអាចនឹងបន្តដំណើរមកប្រទេសកម្ពុជាថ្ងៃបន្ទាប់៕