អនាគតក្លាយជាចៅហ្វាយ ឬនៅតែកូនចៅគេមួយជីវិត មើលលើ៦ចំណុចនេះ

  • 2018-02-07 03:58:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនាគត​ក្លាយ​ជា​អ្នក​ដឹកនាំ​ ឬ​នៅ​តែ​ជា​កូន​ចៅ​គេ​នៅ​កន្លែង​ការងារ​ គឺ​អាស្រ័យ​លើ​សមត្ថភាព​ និង​ការ​អនុវត្ត​ទទួល​បាន​ផ្លែផ្កា​ប៉ុណ្ណា? ខាង​ក្រោម​ជា​ចំណុច​ឆ្លុះ​បញ្ចាំង​ពី​ទម្លាប់​ខុស​គ្នា រវាង​បុគ្គលិក​មាន​ភាព​ជា​អ្នក​ដឹក​នាំ និង​បុគ្គលិក​ធម្មតាៗ៖

អនាគត​ជា​ចៅហ្វាយ​គេ

តែងភាព​ជឿជាក់​លើ​ខ្លួន​ឯង៖ កត្តា​សំខាន់​របស់​មេដឹកនាំ ​គឺ​ផ្ដើម​ពី​ចំណុច​ភាព​ជា​គំរូ។ ដើម្បី​ក្លាយ​ជា​មេដឹកនាំ​គំរូ​ក៏​ត្រូវ​ផ្ដើម​ចេញ​ពី​ការ​ជឿជាក់​លើ​ខ្លួន​ឯង ហើយ​ការ​ជឿជាក់​អាច​កើត​មាន​បាន​លុះ​ត្រា​តែ​មេដឹកនាំ មាន​​គោល​បំណង និង គោល​ដៅ​ច្បាស់​លាស់​នៅ​ក្នុង​ក្រុម។ ដូច្នេះ ចង់​មិន​ចង់​ធ្វើ​ឲ្យ​​ក្រុម​ការងារ​ធ្វើ​ដំណើរ​ទៅមុខ​មាន​ភាព​រលូន និង​ច្បាស់​លាស់​រួម​គ្នា។

អនាគត​នៅ​តែ​ជា​កូន​ចៅ​គេ

មិន​ដែល​មាន​ជឿជាក់​លើ​ខ្លួន​ឯង តែង​គេច​វេស​ការងារ​សំខាន់​ដែល​ថ្នាក់​ដឹក​នាំ​ដាក់​ឲ្យ។

អនាគត​ជា​ចៅហ្វាយ​គេ

តែង​មាន​ការ​តស៊ូ និង ​ព្យាយាម៖ មាន​គោល​ដៅ​ ឬ​ផែន​ការ​ច្បាស់​លាស់​ហើយ ប៉ុន្តែ​មិន​មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ធ្វើ​ក៏​ចាត់​ទុក​ថា​ពុំ​មាន​ន័យ​អ្វី​នោះ​ដែរ។ ការ​ចាប់​ផ្ដើម​អ្វី​មួយ​ជៀស​មិន​ផុត​ពី​ជួប​ព្យុះ​-ភ្លៀង ដូច្នេះ​ក្នុង​នាម​ជា​មេដឹកនាំ​ម្នាក់​ និង​ជា​មនុស្ស​គំរូ​ម្នាក់​ក្នុង​ក្រុម ត្រូវ​តាំង​ចិត្ត​តស៊ូ ព្យាយាម​ធ្វើ​កិច្ចការ​នោះ​ឲ្យ​បាន​សម្រេច​ទើប​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​គ្នា​គោរព​ស្រឡាញ់។

អនាគត​នៅ​តែ​ជា​កូន​ចៅ​គេ

តែង​បង្ហាញ​ភាព​ទន់​ខ្សោយ ឫ​រារែក​ក្នុង​ស្ថាន​ភាព​កំពុង​លំបាក​ខ្លាំង។

អនាគត​ជា​ចៅហ្វាយ​គេ

សុខភាព និង​ស្មារតី​រឹងមាំ៖ ការងារ​មិន​អាច​ជោគជ័យ​បាន​​ឡើយ​ ប្រសិន​បើ​សុខភាព​ចុះ​ខ្សោយ​។ សុខភាព​ចុះ​ខ្សោយ​ចង់​មិន​ចង់​ ធ្វើ​ឲ្យ​ស្មារតី​រវើរវាយ​មិន​ច្បាស់​លាស់ ឬ​បាត់​បង់​ការ​គ្រប់គ្រង​ខ្លួន​ឯង ដូច្នេះ ដើម្បី​សម្រេច​កិច្ចការ​ក៏​ត្រូវ​រក្សា​សុខភាព ហើយ​ត្រូវ​ពង្រឹង​ស្មារតី​ត្រៀម​ដោះស្រាយ​រាល់​កិច្ចការ​លំបាក​នៅ​ចំពោះ​មុខ។

អនាគត​នៅ​តែ​ជា​កូន​ចៅ​គេ

មិន​ចេះ​ស្រលាញ់​សុខភាព មិន​ចំណាយ​ពេល​ហាត់​ប្រាណ​ចូលចិត្ត​ធ្វើ​តែ​រឿង​ណា​មិន​សូវ​មាន​ប្រយោជន៍។ ចំណែក​ស្មារតី​ទន់​ខ្សោយ​ជួប​បញ្ហា​តិចតួច គិត​ថា​ធំ​ប៉ុន​មេឃ​ដី។

អនាគត​ជា​ចៅហ្វាយ​គេ

តែងរក្សា​ចិត្ត​នឹងន៖ ច្បាស់​ណាស់​ការងារ​កំពុង​ធ្វើ​ប្រាកដ​ជា​នឹង​ជួប​បញ្ហា ហើយ​ក៏​មាន​ហេតុផល​ជាច្រើន​ពី​ក្រុម​ការងារ។ ដូច្នេះ ការ​បង្ហាញ​ជំហរ​រឹងមាំ រក្សា​ចិត្ត​នឹងន នៅ​ពេល​មាន​បញ្ហា​ គឺជា​គន្លឹះ​ដ៏​សំខាន់​របស់​មេដឹកនាំ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ដោយ​ភាព​ស្ងប់ស្ងាត់ និង​ការ​ធ្វើ​ឲ្យ​ក្រុម​ការងារ​ជឿជាក់។

អនាគត​នៅ​តែ​ជា​កូន​ចៅ​គេ

ចិត្ត​មិន​នឹងន ចង់​ធ្វើ​នេះ​បន្តិច ធ្វើ​នោះ​បន្តិច មិន​ច្បាស់​លាស់​ប្រាកដ​ប្រជា រក​តែ​ការងារ​ណា​ស្រួលៗ។

អនាគត​ជា​ចៅហ្វាយ​គេ

តែងមានការ​ទទួល​ខុសត្រូវ៖ ធ្វើ​ជា​មេដឹកនាំ​មិនមែន​ទទួល​យក​តែ​លទ្ធផល​ប្រសើរ​នោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​អំពី​ការ​បរាជ័យ​ផង​ដែរ។ ការ​ទទួល​ខុសត្រូវ​ ឬ​ការ​ការ​ស្ដាប់​មតិ​មនុស្ស​ក្រោម​ឱវាទ​ក៏​ជា​ផ្នែក​មួយ​សំខាន់​ធ្វើ​ឲ្យ​មេដឹកនាំ​ល្អ​ម្នាក់​អាច​ច្នៃ​កំហុស​ទៅ​ជា​ត្រូវ ប្រែ​ក្លាយ​បរាជ័យ​ទៅ​ជា​ជោគជ័យ និង​បុគ្គលិក​គោរព​ស្រឡាញ់។

អនាគត​នៅ​តែ​ជា​កូន​ចៅ​គេ

ភាព​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ទាប ពេល​មាន​បញ្ហា​តែង​ទម្លាក់​ឲ្យ​អ្នក​នេះ​ អ្នក​នោះ មិន​គិត​ថា ជា​កំហុស​របស់​ខ្លួន​ឡើយ។

អនាគត​ជា​ចៅហ្វាយ​គេ

តែង​មាន​ភាពឆ្លាត​វាងវៃ៖ មនុស្ស​កាន់​តែ​ឡើង​ខ្ពស់​ កាន់តែ​ជួប​ព្យុះ​-ភ្លៀង ដែល​បញ្ហា​អាច​មាន​រាប់​ម៉ឺន​ជំពូក​នៅ​ជុំវិញ​ខ្លួន​យើង។ អ្នក​ដឹកនាំ​គឺជា​មនុស្ស​ដែល​ឆ្ពោះ​ទៅ​មុខ​ជានិច្ច ប៉ុន្តែ​រឿង​មួយ​ចំនួន​មិនមែន​ចេះ​តែ​ឆ្ពោះ​ទៅ​មុខ​ដោយ​ពុំ​មាន​បញ្ញា​នោះ​ទេ។ ភាព​បត់បែន ​គឺជា​ភាព​វៃ​ឆ្លាត​បំផុត​របស់​មេដឹកនាំ ប៉ុន្តែ​កត្តា​ដែល​អាច​បត់បែន​បាន​ល្អ​នោះ ល្គឹកណា​មេដឹកនាំ​ចេះ​ត្រួតពិនិត្យ​ តាម​ដាន នូវ​លទ្ធផល​ ដែល​បាន​ធ្វើ​កន្លង​មក​ហើយ​វាយ​តម្លៃ និង​​បន្ត​សកម្មភាព​របស់​ខ្លួន​ទៅ​ខាង​មុខ​ដោយ​វិធី​ណា។ មួយ​ទៀត​អ្នក​ដឹកនាំ​ត្រូវ​មាន​អ្វី​ថ្មីៗ​ និង​ចេះ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ការងារ ទើប​ធ្វើ​ឲ្យ​ក្រុម​ដើរ​ទៅ​មុខ​ប្រកបដោយ​ភាព​វៃ​ឆ្លាត។

អនាគត​នៅ​តែ​ជា​កូន​ចៅ​គេ

អត់​ចេះ​បត់បែន មិន​អាច​រក​ដំណោះ​ស្រាយ​ល្អ​ក្នុង​ក្រុម ពេល​ជួប​ឧបសគ្គ​តែង​អស់​សង្ឃឹម៕

ចុចអាន៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា