បង្ហាញវិធី​​​ធ្វើ​ឲ្យ​ iPhone ដើរ​លឿន​ ឬ យឺត​ លើ​ iOS 11.3

  • 2018-02-07 04:11:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ជា​ការ​សន្យា​ Apple បាន​បន្ថែម​នូវ​ផ្ទាំង​ថ្មី​នៅ​លើ​ iOS 11.3 ជំនាន់​ Beta 2 (សាក​ល្បង) ដែល​មាន​ឈ្មោះ​ថា​ Battery Health (Beta) ​នៅ​លើ​គ្រប់​ iPhone ចាប់​ពី​ iPhone 6 ឡើង។ ផ្ទាំង​ថ្មី​នេះ​មាន​បន្ថែម​ព័ត៌មាន​អំពី​សមត្ថភាព​ផ្ទុក​ថ្ម​របស់​ iPhone និង​មាន​បង្ហាញ​ថា​​ថ្ម​រង​ការ​ខូច​ខាត​​ដល់​ដំណាក់​កាល​ដែល​វា​​ត្រូវ​កាត់​បន្ថយ​ល្បឿន iPhone ​ឬ​អត់។

គ្រប់ iPhone ដែល​ប្រើ​ iOS 11.3 នឹង​ចាប់​ផ្ដើម​ដោយ​មិន​មាន​ដំណើរ​ការ​មុខងារ​គ្រប់គ្រង​​ដំណើរ​ការ (Performance Management) ​នោះ​ទេ។ ប៉ុន្តែ​មុខងារ​នេះ​នឹង​ដំណើរ​ការ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ដែល​ iPhone ជួប​បញ្ហា​រលត់​ដោយ​ខ្លួន​ឯង។ យ៉ាងណាក្ដី​អ្នក​ប្រើ​ប្រាស់​អាច​បិទ​មុខងារ​នេះ​បាន​ ដោយ​ចូល​ទៅ​កាន់​ Settings → Battery → Battery Health រួច​ចុច​លើ​ Disable។

​​នៅ​លើ​ផ្ទាំង​ថ្មី​នេះ​ដែរ​នឹង​បង្ហាញ​ចេញ​ព័ត៌មាន​ ៤ ប្រភេទ​​ខុស​ៗ​គ្នា​សម្រាប់​ iPhone ៖

​ប្រសិន​បើ​​ថ្ម​មាន​​សុខភាព​ល្អ​អាច​​ធ្វើ​ឲ្យ​ iPhone រត់​ដល់​ល្បឿន​លឿន​​បំផុត​បាន​ នោះ​វា​នឹង​បង្ហាញ​ផ្ទាំង​ដូច​ខាង​ក្រោម។

ប្រសិន​បើ​ iPhone ​ស្រាប់​តែ​​រលត់​ដោយ​ខ្លួន​ឯង​ពេល​ប្រើ​​ ដោយ​សារ​មិន​រត់​ដល់​ល្បឿន​លឿន​បំផុត​បាន​ iPhone នឹង​ដំណើរ​ការ​មុខងារ​ Performance Management ដោយ​ស្វ័យប្រវត្តិ។ ការ​ដំណើរ​ការ​មុខងារ​នេះ​នឹង​​កាត់​បន្ថយ​ល្បឿន​ CPU ដើម្បី​អាច​ឲ្យ​ថ្ម​ទ្រាំទ្រ​នឹង​ដំណើរ​ការ​ផ្សេងៗ​បាន​ ដោយ​មិន​រលត់​ដោយ​ខ្លួន​ឯង​ដូច​មុន។

ប្រសិន​បើ​អ្នក​មិន​ចង់​បាន​ការ​បន្ថយ​ល្បឿន​នេះ អ្នក​អាច​ប្ដូរ​ថ្ម​ថ្មី​ ឬ ចុច​បិទ​មុខងារ​ Performance Management ដោយ​ចុច​លើ​អក្សរ​ពណ៌​ខៀវ។ ពេល​នោះ​​នឹង​មាន​លោត​ផ្ទាំង​ដូច​ខាង​ក្រោម​ ​បង្ហាញ​ថា​មុខងារ​ត្រូវ​បាន​បិទ​រួច​រាល់។

ចំណាំ​ថា​ប្រសិន​បើ​បិទ​មុខងារ​នេះ​ហើយ​ អ្នក​ប្រើ​ប្រាស់​មិន​អាច​បើក​វា​វិញ​បាន​នោះ​ទេ។ Apple និយាយ​ថា​មុខងារ​នេះ​នឹង​បើក​ដោយ​ស្វ័យប្រវត្តិ​ឡើង​វិញ​ នៅ​ពេល​ iPhone សុខៗ​ស្រាប់​តែ​រលត់។

ករណី​ដែល​សុខភាព​ថ្ម​ស្ថិត​នៅ​ក្រោម​ ៨០% Apple នឹង​បង្ហាញ​សារ​ណែនាំ​ថា​ឲ្យ​ប្ដូរ​ថ្មី​ចេញ​​ដើម្បី​ទទួល​បាន​ដំណើរ​ការ​ល្អ​ប្រសើរ​ ដូច​ជា​បង្ហាញ​ខាង​ក្រោម។

គួរ​ដឹង​ថា​​មុខងារ​ដែល​បង្ហាញ​ខាង​លើ​នៅ​ជា​​ដំណាក់​កាល​សាក​ល្បង​នៅ​​ឡើយ​ ដូច​នេះ​វា​អាច​មាន​ការ​ខុស​គ្នា​ខ្លះ​ទៅ​នឹង​ iOS 11.3 ប្រភេទ​ Public ដែល​ចេញ​ឆាប់ៗ​ខាង​មុខ៕

​​​​

​​​​​​​​​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង