គ្រូពេទ្យក្លែងក្លាយ អួតថាចេះព្យាបាលស័ក្ដិសិទ្ធិ មានអីឆ្លងអេដស៍ព្រាតពេញភូមិ

  • 2018-02-07 07:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ឥណ្ឌា កំពុង​តាម​ចាប់​ខ្លួន​គ្រូ​ពេទ្យ​ក្លែង​ក្លាយ​ម្នាក់ ដែល​អួត​ថា​ចេះ​ព្យាបាល​វេទមន្ត ក្រោយ​អ្នក​ជំងឺ​ជាង ៣០​នាក់ បាន​ឆ្លង​ជំងឺ​​​អេដស៍។

ប្រធាន​វេជ្ជសាស្ត្រ​ក្នុង​ទីក្រុង លោក Choudhary រក​ឃើញ​ថា មាន​មនុស្ស ៣៣ នាក់​បាន​ឆ្លង​ជំងឺ​អេដស៍ ក្រោយ​ការ​ពិនិត្យ​ឈាម​កាល​ពី​ថ្ងៃ​ទី ២៤, ២៥ និង ២៧។ លើស​ពី​នេះ​ទៀត អ្នក​ជំងឺ​រាប់​រយ​នាក់​នៅ​ជុំ​វិញ​ទីក្រុង Unnao ត្រូវ​បាន​សង្ស័យ​ថា​ឆ្លង​ជំងឺ​អេដស៍​ផង​ដែរ ក្រោយ​ទទួល​ការ​ព្យា​បាល​ពី​គ្រូពេទ្យ​ខាង​លើ។

គ្រូពេទ្យក្លែងក្លាយ​នេះ​ ត្រូវ​​គេ​ស្គាល់​ឈ្មោះ​ថា Rajendra Kumar ហើយ​តែង​តែ​ជិះ​កង់​ជុំវិញ​សហគមន៍​ក្រីក្រ​ប្រទេស ឥណ្ឌា ដោយ​អួត​ថា​ចេះ​ព្យាបាល​វេទមន្ត​ក្នុង​តម្លៃ ១០ រូពី (៦ រយរៀល) ប៉ុណ្ណោះ។ ប៉ុន្តែ​ការ​ព្យាបាល​ក្នុង​តម្លៃ​ថោក​នេះ បាន​ក្លាយ​ទៅ​ជា​រឿង​រ៉ាវ​ដ៏​អាក្រក់​​សម្រាប់​អ្នក​ភូមិ ក្រោយ​ពួក​គេ​ឆ្លង​ជំងឺ​អេដស៍ ដោយ​សារ​តែ​គ្រូពេទ្យ​ក្លែង​ក្លាយ ប្រើប្រាស់​សឺរ៉ាំង​តែ​មួយ ចាក់​អ្នក​ជំងឺ​ទាំង​អស់។

លោក Choudhary និយាយ​ថា "នៅ​ពេល​យើង​សួរ​អ្នក​ជំងឺ​ទាំង​នេះ ថា​តើ​ពួក​គេ​បាន​ប្រើ​សឺរ៉ាំង​រួម​មែន​ឬ​ទេ ពួក​គេ​មួយ​ចំនួន ប្រាប់​ថា​គ្រូ​ពេទ្យ​ពិត​ជា​បាន​ប្រើ​សឺរ៉ាំង​រួម សម្រាប់​អ្នក​ជំងឺ​ទាំង​អស់​មែន។"

តាម​របាយការណ៍​ជា​ច្រើន ឲ្យ​ដឹងថា គ្រូពេទ្យក្លែងក្លាយ​ខាង​លើ បាន​ប្រើ​ប្រាស់​សឺរ៉ាំង​តែ​មួយ សម្រាប់​ចាក់​ថ្នាំ​អ្នក​ជំងឺ​យ៉ាង​ហោច​ណាស់ ៥០​នាក់​ក្នុង​មួយ​ថ្ងៃ។ ក្នុង​ចំណោម​អ្នក​ជំងឺ​ទាំង​អស់ ក្មេង​អាយុ ៦​ឆ្នាំ​ក៏​បាន​ឆ្លង​មេរោគ​អេដស៍​ផង​ដែរ ក្រៅ​ពី​នេះ គឺ​សុទ្ធតែ​មនុស្ស​អាយុ​ចាប់​ពី ៧០ ឆ្នាំ​ឡើង​ទៅ៕

ចុចអាន ៖

ប្រភព៖ RT   ប្រែ​សម្រួល៖ រ័ត្ន