ប្រវត្តិ​កប់​ចោល​ស្ទើរ​គ្មាន​អ្នក​ដឹង​ នៃ​បិតា​ល្ខោន​បាសាក់​ សាំង សារុន

  • 2018-02-09 03:01:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​បើ​និយាយ​ល្ខោន​បាសាក់​ចាស់​ទុំ​តែង​រម្លឹក​ដល់ អ្នក​ល្ខោន​បាសាក់​ ២រូប​គឺ ​លោក​សាំង​ សា​រ៉ុន និង​ លោកស្រី​ចេក​ ម៉ាច​។ ពេលនេះ Sabay សូម​លើក​យក​​ប្រ​វត្តិ​ត្រួសៗ​នៃ​ការ​តស៊ូ​ ជំនះ​ឧបសគ្គ​ដោយ​រត់​ចេញ​ពី​ផ្ទះ​ ជាប់​គុក​ ដើម្បី​ស្វែង​ការ​ហ្វឹក​ទំ​រាំ​​ក្លាយ​ជា​​អ្នក​សិល្បៈ​ផ្នែក​ល្ខោន​បាសាក់​ដ៏​ល្បី​ឈ្មោះម្នាក់។

បិតាល្ខោន​បាសាក់សាំង សារ៉ុន

បិតាល្ខោនបាសាក់​ លោក សាំង​​​ សារុន​ មាន​ស្រុក​កំណើត​នៅ​ក្នុង​​ស្រុក​ស្ទឹង​ត្រង់​ខេត្ត​ក្រចេះ​លោក​កើត​នៅ​ឆ្នាំ​១៩២២​ជា​កូន ទី​៥​ក្នុង​គ្រួសារ​ ​ដែល​មាន​ឪពុក​ឈ្មោះ​ណែម សាំង​ជា អភិបាល​ស្រុក​ស្ទឹង​ត្រង់​ខេត្ត​ក្រចេះ និង មាន​ម្តាយ​ឈ្មោះ​ជួប​ អ៊ឹម​ នេះ​បើ​​យោង តាម​សៀវភៅ​ យី​កេ​និង​ល្ខោន​បាសាក់​បោះ​ពុម្ព​ឆ្នាំ​១៩៩៧ របស់​លោក​ពេជ្យ​ទុំ​ក្រវិល​។ កាល​ពី​នៅ​ពី​កុមារភាព ​លោក​សាំង​សា​​រុន​បាន​សាង​ព្រះ​ភ្នួស​ដើម្បី​សិក្សា​រៀន​សូត្រ​លើ​អក្សរ​សាស្ត្រ​កំណាព្យ​កាព្យ​ឃ្លាង​ក្នុង​វត្ត​ស្ទឹង​ត្រង់។ ​ការ​ចេះ​​ធម៌​អា​បាន​ស្ទាត់​ជំនាញ​ និង​មាន​សំឡេង​ល្អ​ជាប់​ពី​កំណើត​មក​ផង​ ដូច្នេះ​ហើយ​រាល់ពេល​នេន​សារុន​ទេសនា​និង​ស្មូត​ម្តង​ធ្វើឲ្យ​ញាតិញោម​ពុទ្ធ​បរិស័ទ​​ផ្អើល​ឈូរ​ឆរ​ល្អ​មក​ស្ដាប់​និង និយម​និមន្ត​នេន​នេះ​គ្មាន​ពេល​ទំនេរ​ឡើយ​មិន​ខុស​ពី​សំឡេង​នេន​ទុំ​ក្នុង​រជ្ជកាល​ព្រះ​បាទ​រាមា​ជើង​ព្រៃ​ឡើយ​ ​។

រូបតំណាង

ក្រោយ​ពី​ចាក​សិក្ខា​បទ​ក្នុង​ឆ្នាំ​១៩៣៧​លោក​សាំង​សា​រុន​​បាន​ចូល​រួម​សម្ដែង​ក្នុង​វង់​ល្ខោន​យីកេ​មួយ​ដែល​មាន​ឈ្មោះ​ថា​ខាន់​ ជា​ភរិយា​មេ​ព្រៃ​ម្នាក់​ក្នុង​ស្រុក​កំណើត​ខ្លួន​។ ប៉ុន្តែ​ក្រុម​ល្ខោន​នេះ​ក៏​ត្រូវ​បិត​ទ្វា​នៅ​ពេល​ដែល​​ឪពុក​​លោក​សាំង​សា​រុន​រករឿង​ខ្លាំង​ព្រោះ​លោក​មិន​ពេញចិត្ត​ដែល​កូន​ប្រុស​ខ្លួន​មក​ចាប់​អា​ជីព​ជា​អ្នក​សម្ដែង​បែបនេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ទេ​លោក​សារ៉ុន​ក៏​បាន​ចាប់​ឃុំ​​លោក​សាំង​សា​រុន​ឃុំ​នៅ​ក្នុង​ផ្ទះ​មិន​ឲ្យ​ចាក​ចេញ​ទៅ​ណា​ទាំង​អស់។ លោក​សាំង​សារុន​ស្រលាញ់​សិល្បៈ​ខ្លាំង​ណាស់​ដូច​ជា​បាន​បូជា​ជីវិត​ចិត្ត​កាយ​ចំពោះ​សិល្បៈ​ទាំង​អស់​គ្មាន​សល់​ ។ លោក​សាំង​សា​រុន​នៅ​មិន​ស្ងប់​ឡើយ​ តប់​ប្រមល់​ទល់​ពុទ្ធោ​ កញ្ជ្រោល​ចង់​ទៅ​ច្រៀង​ទៅ​រាំ​​វិញ ដូច ជា​ព្រាយ​ល្ខោន​កាន់​មិន​ខុស​ឡើយ។ លោក​សាំង សា​រុន​បាន​ ព្យាយាម​រក​គ្រប់​មធ្យោបាយ​ដើម្បី​បាន​រួច​ខ្លួន​ពី​ការ​ចាប់​ចង​របស់​ឪពុក។ ទីបំផុត​លោក​ក៏​បាន​សម្រេច​ដូច​បំណង​លោក​ក៏​បាន​​ត្រាច់ចរ​តាម​វង់​ល្ខោន​និង​អា​យ៉ៃ​ជា​ច្រើន​រហូរ​មក​ដល់​ក្រុងភ្នំពេញ​ រហូត​ចូល​ក្នុង​វង់​ល្ខោន​ដែល​មាន​ម្ចាស់​ឈ្មោះ​ជួប ក្នុង ឆ្នាំ​១៩៤០។

ភាព​ប៉ិន​ប្រសប់​​​​​ មាន​ទេព​កោសល្យ​ក្នុង​ការ​សម្ដែង​ជាពិសេស​សំឡេង​​ដ៏​ល្អ​ឯក របស់​លោក បាន​ធ្វើ​ឲ្យ​វង់​ល្ខោន​នេះ​មាន​ភាព​ល្បាញ​ល្បី​យ៉ាង​ឆាប់​រហ័ស​គួប​ផ្សំ​និង​ភាព​សង្ហា​របស់​លោក​ផង​បាន​អន្ទង​ខាប់​ចិត្ត​អ្នក​ទស្សនា​ដែល​បាន​មក​មើល​ម្តង​ហើយ​ចង់​មក​ម្តង​ទៀតហើយ​ស្ងប់​ស្ញែង​ ពី​សមត្ថភាព​លោក​មិន​ដាច់​ពី​ម៉ាត់​ឡើយ។ សម័យ​ក៏​នោះ​មាន​ភរិយា​មន្ត្រី​រដ្ឋការ​មួយ​ចំនួន​ស្រលាញ់​រាប់​អាន​ ​លោក​ដោយ​ឲ្យ​មាស​ប្រាក់​ពេជ្រ​ជា​ការ​ដូ​ជូន​លោក​ជា​ហូរហែ​។​ រហូត​កើត​មាន​ការ​ប្រច័ណ្ឌ​ពី​មន្រ្តី​រាជការ​ដែល​ជា​ប្ដី​អស់​​ជំទាវ​ទាំង​នោះ​ និង​បាន​ពួន​ធ្វើ​វាយ​បាប​រាង​កាយ​លោក និង បាន​ចាប់​ឃុំ​ខ្លួន​ទៀត​ផង​។

ក្រោយ​ចេញ​ពី​គុក​មិន​យូរ​ប៉ុន្មាន​លោក​សាំង​សា​រុន​បាន​ក្លាយ ជា​ម្ចាស់​រាង​ល្ខោន​ ក្នុង​វ័យ​២០ឆ្នាំ​ក្រោយ​មក​៣ឆ្នាំ​លោក​ក៏បាន​ទិញ​ល្ខោន​បាសាក់​បន្ថែម​មួយ​​វង់​ទៀត​ដោយ​មាន​ការ​សម្ដែង​ចល័ត និង​បោះ​ទី​តាំង​ប្រចាំ​ខេត្ត​ខេត្ត​ពោធិ៍សាត់។ ពេលនោះ​ ពន្លក​ស្នេហា​ក៏បាន​ចាប់​ផ្តើម លោក​ក៏​បាន​ជួប​ស្នេហា​ដំបូង​ជាមួយ​នារី​ស្រ្តី​មេ​ម៉ា​ម្នាក់​ ឈ្មោះ​ថា​ចែ ​ឆេង​អ្នក​អ្នកលក់​អាភៀន​ ដោយ​មិន​បាន​រៀប​ការ​ទេ។ ចំណង​ស្នេហ៍​នេះ​មិន​គង់​វង្ស​ឯ​ណា​ ក្នុង​ឆ្នាំ​ ១៩៦២ ​លោក​ក៏​បាន​រៀបការ​ពេញលក្ខណៈ ជា​មួយ​នារី​ម្នាក់​ឈ្មោះ យ៉ាន់ ​រឿន​។ ក្រោយ​មក​ក្រុម​លោក​ក៏​​ជួប​វិបត្តិ​នៅ​ពេល​លោក​ចេញ​សម្ដែង​មាន​ការ​​ចាប់​ខ្លួន​តួឯក​ស្រី​ នាង​យ៉ាន់​ដែល​មាន​សម្រស់​ល្អ​ឯក​​ ពេល​សម្ដែង​នៅ​ក្នុង​​ខេត្ត​ពោធិ​សាត់​ ដោយ​​ស្នា​ដៃ​ចៅ​ហ្វា​ខេត្ត​ពោធិ៍សាត់​ក្នុង​សម័យ​នោះ​ឈ្មោះ​​រស់​ជុំ។ ទោះ​មាន​ប្រពន្ធ ពីរ​នាក់​ហើយ​ក្តី​ស្នេហា​លោក មិន​បញ្ឈប់​ត្រឹម​នេះ​ទេ​យូរ​ ប៉ុន្មាន​លោក​​ក៏​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ស្រី​មេម៉ាយ​ម្នាក់ទៀត​ដែល ធ្លាប់​មាន​ប្តី ជា​ជនជាតិ​បារាំង​។

ក្រោយ ពី​ថ្ងៃ​១៨​មិនា​ឆ្នាំ​១៩៧០​ ក្រោយ​ពី​ថ្ងៃ​រដ្ឋ​ប្រហារ​ព្រះបាទ​នរោត្តម​សីហនុ​ (ព្រះបរមរតនកោដ្ឋ )ក្រុម​ល្ខោន​កម្ពុជា​ត្រូវ​បាន​បំផ្លាញ​ ទាំង​ស្រុង​ដែរ​។ ដោយ​សារ​សមាជិក​ក្រុម​ រត់​ខ្ចាត់​ខ្ចាយ​អស់​ទៅ នៅ ពេល​នោះ​លោក​សាំង​សារុន​ក៏​បាន​យក​សម្លៀក​បំពាក់​ និង សម្ភារៈ​មួយ​ចំនួន​នៃ​ក្រុម​ល្ខោន​លោក​យក​មក​ប្រគល់​ឲ្យ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ក្នុង​ឆ្នាំ​១៩៧៣ លោក​ក៏​បាន​បាត់​បង ជីវិត​ក្រោយ​ពី​ការ​វះ​កាត់​បាន៣ថ្ងៃ​ដោយ​ជំងឺ​ម៉្យាង៕​​​​​​​​​​

អត្ថបទ៖ ច្រឹក ស្រីអូន