ប្រើធម៌ក្ដៅហើយ! មិនលើកលែងដាច់ខាតទាំងអ្នកឲ្យចូល និងម្ចាស់ឡានតទ្រុង​

  • 2018-02-09 06:40:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការចេញប្រកាសភ្លាមៗឲ្យដាក់វិធានការណ៍ក្ដៅ រាល់រថយន្តតទ្រុង និងដឹកលើសទម្ងន់កម្រិតកំណត់ ត្រូវចាប់ទុក និងកាត់ទ្រុងដោយគ្មានការលើកលែងឡើយ។

ចំណាត់ការនេះបានផ្សព្វផ្សាយ បន្ទាប់ពី​អនុសាសន៍​របស់​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ថ្លែង​ក្នុងពិធី​បើក​ការដ្ឋានសាងសង់​ស្ពានឆ្លង​ទន្លេមេគង្គ (ស្ទឹងត្រង់-ក្រូចឆ្មារ)  ដែលថា «ចាប់ពីសូន្យម៉ោង​យប់​ឆ្លងចូល​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៨ ​តទៅ​ឲ្យតែមាន​ឡាន​តទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​ ​ត្រូវចាប់​បញ្ចូល​ទ្រុងទាំងអស់ ពីព្រោះ យានយន្តទាំងនោះបានបំផ្លាញអាយុជីវិតមនុស្ស និងបំផ្លាញផ្លូវថ្នល់​ដែលយើង​រកលុយ​ទាំងលំបាក​ លុយ​ខ្លួន​ឯង​ផង ​លុយ​ខ្ចីគេ​ផង យក​មក​ធ្វើផ្លូវ ​ហេតុអី​បាន​មកបំផ្លាញផ្លូវ​ដើម្បី​ចំណេញ​ក្រុមហ៊ុនមួយ?»។

សម្ដេចតេជោ បន្ថែមទៀតថា បើក្រុមហ៊ុនណាមិនគោរពត្រូវប្រឈមបិទទ្វារ ហើយបើនៅតែមានវត្តមានឡានតទ្រុងចូលនៅភូមិណា តំបន់ណាមួយនោះ ចៅហ្វាយខេត្តនោះ អ្នកទទួលខុសត្រូវ។ ទន្ទឹមនឹងសម្ដេច ហ៊ុន សែន ក៏ស្វាគមន៍ឲ្យពលរដ្ឋរាយការណ៍ទៅកាន់ហ្វេសបុករបស់លោក ប្រសិនបើជួបករណីខាងលើ។

ផ្អែក​តាម​របាយការណ៍ ដែល​បង្ហោះ​ដោយ​ផេក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹង​ថា ​គិតត្រឹមឆ្នាំ ២០១៧កន្លងទៅ​នេះ ការត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន ៩២៣ ៦៥៧ គ្រឿង (មួយគ្រឿងអាចពិនិត្យុច្រើនជាងមួយដង) ក្នុងនោះមាន៖

  • រថយន្ត ២ ៩៥៣គ្រឿង ដឹកលើសចាប់ពី ៤តោន រហូតដល់ ៤៣តោន និងបានផាកពិន័យជាទឹកប្រាក់ជាង៥ ពាន់លានរៀល។

  • បានកាត់ទ្រុងចេញ ១ ២១៥គ្រឿង បានអប់រំណែនាំ ៥៤៥គ្រឿង និងដោះទ្រុងតខាងក្រោយ ៤៧៣គ្រឿង។

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី