បុគ្គលិក​ Apple នាំ​គ្នា​​ហែកហួរ​រឿង​​ផ្ទៃ​ក្នុង​​ ដឹង​ហើយ​ហួស​ចិត្ត​​

  • 2018-02-12 01:34:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ជា​ក្រុមហ៊ុន​មួយ​ដែល​បាន​កំណត់​ច្បាប់​តឹងរ៉ឹង​បំផុត​លើ​ការ​រក្សា​ការ​សម្ងាត់​របស់​​ក្រុមហ៊ុន។ ប្រសិន​បើ​មាន​បុគ្គលិក​ណា​ធ្លោយ​មាត់​ អាច​នឹង​ត្រូវ​បញ្ឈប់​ដោយ​មិន​លើក​លែង។ យ៉ាងណាក្ដី​នៅ​លើ​វិបសាយ​ Quora មាន​អតីត​បុគ្គលិក​ រួម​ទាំង​បុគ្គលិក​បច្ចុប្បន្ន​របស់​ Apple បាន​ចេញ​មុខ​រៀប​រាប់​ពី​ស្ថានភាព​ក្នុង​ក្រុមហ៊ុន​​របស់​ខ្លួន​ ដោយ​មាន​និយាយ​ទាំង​ចំណុច​ល្អ​ និង​មិន​ល្អ។

# ប្រសិន​បើ​ Apple ​មិន​ទទួល​យក​ការ​​ដាក់​ពាក្យ​សុំ​ធ្វើ​បុគ្គលិក​ហាត់​ការ​ (Intern) ​​មិន​បាច់​ខំ​ដាក់​ពាក្យ​ត​ទៀត​ទេ

ក្រុមហ៊ុន​ Apple មាន​ Software ​ពិសេស​មួយ​ដែល​នឹង​​ទប់​ស្កាត់​​មិន​ឲ្យ​​មាន​ការ​ដាក់​ពាក្យ​ពីរ​ដង​ពី​​បុគ្គលិក​ហាត់​ការ​នោះ​ទេ។ ដូច​នេះ​​ប្រសិន​បើ​អ្នក​​បរាជ័យ​លើ​ការ​ដាក់​ពាក្យ​ម្ដង​រួច​មក​ហើយ​នោះ​ កុំ​សង្ឃឹម​ថា​អាច​ដាក់​ពាក្យ​បាន​ម្ដង​ទៀត។

# "ពួក​យើង​មិន​ចំណាយ​ពេល​ជា​មួយ​មនុស្ស​ល្ងង់​ទេ"​

​​​​​​អ្នក​ឌីហ្សាញ​ UX ឈ្មោះ​ Luis Abreu ដែល​បង្ហាញ​ក្នុង​រូបភាព​ ធ្លាប់​មាន​បទ​ពិសោធន៍​ចុក​ចាប់​មួយ​​ពេល​សម្ភាស​​ចូល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ Apple។ លោក​បាន​រៀប​រាប់​លើ​ Blog របស់​ខ្លួន​ថា​ ៖ "ការ​តេ​ទូរសព្ទ​ ៣ ដង, សម្ភាសន៍​តាម​ Face Time ៥ ដង, ទៅ​​សម្ភាសន៍​ត​ទល់​ជា​មួយ​មនុស្ស​ ៥ នាក់​ផ្សេង​គ្នា​ដល់​ក្រុមហ៊ុន​ពេញ​មួយ​ថ្ងៃ​ និង​​ជួប​គ្នា​ពេល​បាយ​ថ្ងៃ​ត្រង់​​នៅ​​អាហារដ្ឋាន​ថ្មី​របស់​ Apple។ ចុង​បញ្ចប់​ខ្ញុំ​ទទួល​បាន​ពាក្យ​ថា «ទេ»​​​”។ អំឡុង​ពេល​សម្ភាសន៍​មួយ​មាន​គេ​និយាយ​ដាក់​គាត់​ថា ៖ "ពួក​យើង​មិន​ចំណាយ​ពេល​ជា​មួយ​មនុស្ស​ល្ងង់​ទេ”។

​# ក្រុម​ Developer ត្រូវ​ប្រជុំ​តាំង​​ពី​ម៉ោង​ ៤ ព្រឹក​

David Graham អតីត​អ្នក​និពន្ធ​នៅ​ក្រុមហ៊ុន​ Apple និយាយ​ថា ៖ "ខ្ញុំ​ចាំ​បាន​​​ក្រុម​ភ្នែក​ស្លក់​នៅ​ផ្នែក​ Developer ត្រូវ​បង្ហាញ​ខ្លួន​ដើម្បី​ប្រជុំ​នៅ​​​ម៉ោង​ ៤ ព្រឹក​ ដោយ​សារ​បញ្ហា​ខុស​ម៉ោង​គ្នា​រវាង​ Developer នៅ​ប្រទេស​ផ្សេង។ ពួក​គេ​ត្រូវ​ធ្វើ​វា​ជា​រៀង​រាល់​ថ្ងៃ​ ហើយ​ខ្ញុំ​ជឿ​ថា​វា​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ”។

# នៅ​ក្នុង​ហាង​លក់​​គ្រប់​គ្នា​ទះ​ដៃ​ស្ទើរ​គ្រប់​ពេល

Renee Morales អតីត​អ្នក​ជំនាញ​នៅ​ហាង​លក់​ផលិតផល​ Apple ​ឲ្យ​ដឹង​​ថា ៖ "ការ​ទះ​ដៃ​មាន​ច្រើន​មែន​ទែន។ មាន​បុគ្គលិក​ថ្មី​ចូល​ ទះ​ដៃ​។ ​ចង់​បញ្ចប់​នៃ​ការ​ប្រជុំ ទះ​ដៃ។ ពេល​មាន​អ្នក​ឈប់​ នៅ​ថ្ងៃ​ចុង​ក្រោយ​ ក៏​នាំ​គ្នា​ទះ​ដៃ។ និយាយ​ទៅ​​ទះ​ដៃ​ឥត​ល្ហែ”។

# ឈឺ​ហើយ​ក៏​មិន​លើក​លែង

Ben Farrell អតីត​បុគ្គលិក​ Apple បាន​រៀប​រាប់​ពី​មូលហេតុ​ដែល​សម្រេច​លា​ឈប់​ នៅ​លើ​ Blog របស់​ខ្លួន ៖ “ថ្មីៗ​នេះ​ខ្ញុំ​ត្រូវ​សត្វ​មូស​ខាំ​​ចម្លង​មេរោគ​ និង​ត្រូវ​គេង​នៅ​មន្ទីរ​ពេទ្យ​មួយ​រយៈ​ខ្លី។ មិន​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត សួរ​សុខ​ទុក្ខ​ ប៉ុន្តែ​ក្រុមហ៊ុន​ខ្ញុំ​បែរ​ជា​​ផ្ញើ​​ឯកសារ​មក​​គ្រែ​របស់​ខ្ញុំ​ ដោយ​មាន​សរសេរ​ក្រដាស​ថា​ ត្រូវ​បញ្ចប់​ឲ្យ​​បាន​លឿន។ សូម្បី​តែ​ព្រឹក​ព្រលឹម​ថ្ងៃ​រៀប​ការ​របស់​ខ្ញុំ​ ខ្ញុំ​ត្រូវ​គេ​ស្ដី​ឲ្យ​​តាម​ទូរសព្ទ និង​មាន​អ៊ីមែល​ឲ្យ​ខ្ញុំ​ផ្ញើ​របាយការណ៍​ដែល​មាន​អ្នក​ធ្វើ​បាត់​ ឲ្យ​ទៅ​ពួក​គេ​ទៀត​ផង”។

# ទង្វើ​ចម្លែក​នៅ​ហាង​លក់​ Apple ប្រទេស​ចិន​

Andrew Guan បុគ្គលិក​ហាង​លក់​ផលិតផល​ Apple នៅ​ចិន​ ​លើក​ឡើង​ដឹង​ថា ៖ "​ខ្ញុំ​មិន​ដឹង​ថា​​ច្បាប់​​នៅ​សហរដ្ឋអាមេរិក​​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​​នៅ​ប្រទេស​ចិន​ ពិត​ជា​ចម្លែក​មែន​ទែន។ ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ត្រីមាស​ អ្នក​គ្រប់​គ្រង​ឡើង​ឈរ​លើ​តុ​​ហើយ​ស្រែក​ថា «ពួក​អ្នក​ជា​នរណា» បុគ្គលិក​ទាំង​អស់​​លើក​ដៃ​ដាក់​លើ​ក្បាល​ហើយ​​និយាយ​ថា «ពួក​យើង​គឺ​ Apple»”៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី