ផ្តាំ​មួយ អ្នក​ប្រើ​បណ្ដាញ​សង្គម​ច្រើន អាច​មាន​ជំងឺ​ផ្លូវចិត្ត​

  • 2018-02-13 03:08:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​បណ្ដាញ​សង្គម ជួយ​ដល់​ការងារ​ជាច្រើន ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​មិត្តភក្ដិ សាច់ញាតិ ទី​ជិត​ទី​ឆ្ងាយ​។ ការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​​លើ​មុខងារ និង​ល្បឿន​លើ​ប្រព័ន្ធ បាន​ជំរុញ​ឲ្យ​មាន​អ្នក​ប្រើប្រាស់​ជា​ច្រើន​។ 

បណ្ដាញ​សង្គម​មាន​ច្រើន​ប្រភេទ​រួមមាន Facebook, YouTube, Twitter, Google Plus, Instagram, Snapchat, Reddit, Tumblr, Pinterest, Vine និង LinkedIn

ការ​សិក្សា​មួយ​លើ​ឥរិយាបថ​មនុស្ស​តាម​បណ្ដាញ​អ៊ីនធឺណិត ពី​យុវជន​ប្រហែល ១ ៧៨៧ នាក់ ចេញ​នៅ​ថ្ងៃ​ទី ១០ ខែធ្នូ ឆ្នាំ ២០១៦ ឲ្យ​ដឹង​ថា ការ​ប្រើ​បណ្ដាញ​សង្គម​ច្រើន​ប្រភេទ​មាន​កម្រិត​ប៉ះពាល់​ផ្លូវចិត្ត​ច្រើន​ជាង ការ​ប្រើ​ត្រឹម​អ៊ីនធឺណិត​ធម្មតា​។ 

កត្តា​ចំណាយ​ពេល​ច្រើន​ម៉ោង​លើ​បណ្ដាញ​សង្គម ក៏​បន្ថែម​កម្រិត​ប៉ះពាល់​ផង​ដែរ នេះ​ដោយសារ​ព័ត៌មាន​មួយ​ចំនួន​លើ​នោះ រួមមាន ការ​ទំនាក់ទំនង ស្នេហា ភាព​ស្រស់​ស្អាត ចំណេះដឹង ជីវភាពរស់នៅ បង្ហាញ​ដោយ​អក្សរ ឬ​រូបភាព ឬ​វីដេអូ​។ ម្យ៉ាងវិញទៀត កាន់​តែ​អាក្រក់​បើ​អ្នក​យក​ព័ត៌មាន​ទាំង​នោះ​ប្រៀបធៀប​នឹង​ខ្លួន​ឯង​។

លោក Brian Primack ជា​នាយក​សកលវិទ្យាល័យ Pittsburgh Center បាន​បញ្ជាក់​ពី​បញ្ហា​នេះ​ដែរ​ថា ការ​ប្រើ​បណ្ដាញ​សង្គម​ច្រើន​ប្រភេទ ឬ​កម្មវិធី​ច្រើន​ប្តូរ​ទៅ​ប្តូរ​មក​ក្នុង​ពេល​ប្រើប្រាស់ (Multitasking) អាច​ធ្វើ​ឲ្យ​ចុះ​ថយ​លើ​ការ​យកចិត្តទុកដាក់ ការ​ស្វែងយល់ និង​អារម្មណ៍​។ 

អ្នកស្រី Joanne Davila ជា​សាស្ត្រាចារ្យ​ផ្នែក​ចិត្តវិទ្យា​នៅ​សកលវិទ្យាល័យ Stony Brook បាន​ស្ទង់​មតិ​មនុស្ស​មួយ​ចំនួន បង្ហាញ​ថា​ការ​ទទួល​សារ​ណា​មួយ​ពី​អ្នក​មិន​ស្គាល់ អាច​បង្កើន​កម្រិត​ហានិភ័យ​ដល់​ផ្លូវចិត្ត ដោយ​យល់​ថា​គ្មាន​សុវត្ថិភាព ឬ​គិត​បែប​អវិជ្ជមាន​លើ​សង្គម​។ 

អ្នកស្រី Samantha Rosenthal ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​រោគ​រាតត្បាត (Epidemiology) នៅ​សកលវិទ្យាល័យ​សុខភាព​សាធារណៈ Brown​ បាន​ស្ទង់​មតិ​យុវជន ២៦៤ នាក់​បង្ហាញ​ថា ៨០% អ្នក​ចូលរួម​មាន​បទពិសោធន៍​អវិជ្ជមាន​យ៉ាង​ហោច​ណាស់​មួយ លើ Facebook ហើយ ៦០% មាន ៤ ឬ​ច្រើន​ជាង​នេះ ដែល​សុទ្ធសឹងតែ​បង្កើន​ហានិភ័យ​ដល់​ផ្លូវ​ចិត្ត​។

ដូច្នេះ អ្នក​គួរ​ប្រើប្រាស់​បណ្ដាញ​សង្គម​ក្នុង​កម្រិត​មួយ​អាច​គ្រប់គ្រង​បាន ទាំង​ចំនួន​ប្រភេទ​បណ្ដាញ​សង្គម ចំនួន​ម៉ោង​ចំណាយ​ពេល​លើ​នោះ ព្រមទាំង​ប្រើ​ព័ត៌មាន​ឲ្យ​បាន​ត្រឹមត្រូវ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://psychnews.psychiatryonline.org/doi/full/10.1176/appi.pn.2017.1b16

ប្រភព៖ psychcentral   ប្រែ​សម្រួល៖ ប៊ុនធឿន