ឆ័យលី ដាឡែន ធ្វើខួបក្រោយធ្លាយដំណឹងសម្រាលកូនជាង៣ខែ
- 2018-02-13 02:32:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ័យលី ដាឡែន ធ្វើខួបក្រោយធ្លាយដំណឹងសម្រាលកូនជាង៣ខែ
ចន្លោះមិនឃើញ
តារាសម្ដែងដែលល្បីខាងសម្ញែងដើមទ្រូង អ្នកនាង ឆ័យលី ដាឡែន ល្ងាចមិញនេះ បានធ្វើខួបរបស់ ខ្លួន ដោយមានអ្នកសិល្បករល្បីៗចូលរួមជាច្រើន ក្នុងពិធីនេះនាងក៏បានបង្ហាញមុខកូនប្រុសរបស់ខ្លួនជាសាធារណៈ បន្ទាប់ធ្លាយដំណឹងទៅសម្រាលកូនស្ងាត់ៗនៅឯខេត្តកំពង់ឆ្នាំង ដែលស្រុកកំណើតខាងប្ដី។
ក្នុងពិធីខួបនេះនាងបានយកកូនប្រុសដែលមានវ័យជាង៣ខែ របស់នាងមក ប៉ុន្តែដោយពិធីយប់ពេកក្មេងងងុយគេង ក៏បានឲ្យសាច់ញាតិរបស់ខ្លួនយកពីសម្រាកបាត់ទៅ ដូចនេះមិត្តភក្តិដែលមានបំណងចង់ឃើញមុខកូនប្រុសនាង មួយចំនួនមិនបានឃើញឡើយ ។ ឆ័យលី ដាឡែន ថ្លែងឲ្យដឹងថា គិតមកដល់ថ្ងៃម្សិលមិញនេះ នាងបានចូលវ័យ៣៦ឆ្នាំហើយ ដោយក្នុងពិធីខួបនេះ នាងមិនបានធ្វើកម្មវិធីចូលគ្នាជាមួយកូនប្រុសរបស់ខ្លួនឡើយ គឺធ្វើដាច់ដោយឡែកពីគ្នា ពេលដែលកូនប្រុសនាងដល់វ័យ១ខួប នឹងធ្វើម្ដងទៀត។
នាងលើកឡើងថា ពិធីខួបនេះក្រៅពីរីករាយថ្ងៃកំណើតរបស់នាង គឺនាងចង់បង្ហាញមុខកូនប្រុសរបស់នាងឲ្យមិត្តភ័ក្ដិបានស្គាល់ ព្រោះកន្លងមកដូចទស្សនិកជនបានដឹង គឺនាងបានលាក់ពីដំណឹងនៃការមានកូននេះ។ ដូចដែលនាង ធ្លាប់បកស្រាយកន្លងមក មូលហេតុដែលនាំឲ្យនាងលាក់មិត្តភ័ក្ដិក៏ដូចជាទស្សនិកជន ពីការមានកូននេះ ក៏ព្រោះតែពេលកំពុងមានកូននោះ នាងកំពុងតែទទួលបានការងារសិល្បៈច្រើន ខ្លាចប្រាប់ឲ្យគេដឹង ប៉ះពាល់ដល់ការងារសិល្បៈរបស់ខ្លួន។ ជាមួយគ្នានោះដែរ ឆៃ លីដាឡែន ក៏បានសូមអភ័យទោសដល់ទស្សនិកជនផងដែរ នូវការកុហករបស់នាងកន្លងមក។
នាងលើកឡើងទៀតថា បន្ទាប់ពីការធ្លាយដំណឹងនៃការមានកូនរបស់នាងនេះ មានមតិមួយចំនួនបានដាក់ការសង្ស័យថា កូនប្រុសម្នាក់នោះមិនមែនជាកូនរបស់នាងពិតប្រាកដ គឺជាកូនដែលនាងសុំគេមកចិញ្ចឹម ត្បិតរៀបការច្រើនឆ្នាំមិនមានកូន។ ការលើកឡើងនេះ ឆ័យលី ដាឡែន សូមបញ្ជាក់ថា ក្មេងប្រុស ឈ្មោះ តារាឆ័យ យ៉ានុត គឺជាកូនខ្លួនពិតប្រាកដ នាងមានសំបុត្រពីមន្ទីរពេទ្យ និង ហ៊ានធ្វើ DNA ថែមទៀតផង។ នាងថា ចាប់ទាំងពីសម្រាលកូនដំបូងមក រាសីរបស់នាងកាន់តែឡើងជាងមុខទាំងការងាររកស៊ី និងការងារសិល្បៈជាដើម។
ដោយសារតែរដូវនេះ ជារដូវអាពាហ៍ពិពាហ៍ បច្ចុប្បន្ននាងមមាញឹកច្រើនលើការច្រៀងតាមពិធី អាពាហ៍ពិពាហ៍ ជាមួយនិងក្រុមរបស់នាង ក្នុងនោះដែរក៏មានអ្នកដឹកនាំសិល្បៈមួយចំនួនបានទាក់ទងឲ្យនាងថតភាពយន្តជាបន្តបន្ទាប់ផងដែរ៕