ភ្លឺភ្នែក ពេលដឹងពីប្រវត្តិក្រមាខ្មែរ
- 2018-02-13 10:38:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្លឺភ្នែក ពេលដឹងពីប្រវត្តិក្រមាខ្មែរ
ចន្លោះមិនឃើញ
យុវជនមួយក្រុមរួមគ្នាបង្កើតឲ្យមានការត្បាញក្រមាខ្មែរដែលមានប្រវត្តិរាប់ពាន់ឆ្នាំ ខ្នាតវែងមួយនៅកម្ពុជា និងរំពឹងថាអាចបំបែកឯតទគ្គកម្មក្រមាវែងជាងគេនៅលើពិភពលោកផងដែរ ដែលកម្មវិធីនេះបើកជាសាធារណៈដល់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈចូលរួមជួយត្បាញដោយមិនមានបង់ថ្លៃសេវា។
GoGo Cambodia ជាចលនាមួយបង្កើតដោយយុវជនមួយក្រុមក្នុងគោលបំណងលើកកំពស់មោទនភាពជាតិ ទាក់ទងនឹងវិស័យអប់រំ សង្គមកិច្ច និងការពារជាតិជាដើម។ ចលនានេះបានប្រកាសខ្លួនជាសាធារណៈកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៦។
បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជូន ណាត ក្រមា ជាសំពត់តម្បាញដោយអំបោះ មានក្រឡាខ្វែងសម្រាប់ផ្លាស់ងូតទឹក។
និយាយពីប្រវត្តិរបស់ក្រមាវិញក្រុមការងារGoGo Cambodia បានស្រាវជ្រាវរកឃើញថាមានប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋរស់នៅលើទឹកដីកម្ពុជាតាំងពី២ ២០០ឆ្នាំមុនមកម្លេះ។ ផ្អែកតាមភស្តុតាងដូចជាក្បាលត្រល់ និងខ្នារអំបោះនៅស្ថានីយបុរាណវិទ្យាម្លូព្រៃ ខេត្តព្រះវិហារ បង្ហាញថាក្រមាក៏ប្រហែលជាកើតមានឡើងតាំងពីមានវត្តមានមនុស្សរស់នៅលើទឹកដីកម្ពុជា ហើយអ្នកទាំងនោះចេះរវៃត្បាញផងដែរ។ នេះបើតាមការសិក្សារបស់ក្រុមកាងារដដែល។
ការសិក្សាឲ្យដឹងទៀតថាមានពាក្យពេចន៍មួយចំនួនដែលគេជឿថាមានទំនាក់ទំនងនឹងការត្បាញរវៃនេះមាននៅរវាងសតវត្សរ៍ទី៦ ដល់ទី១១។ពាក្យទាំងនោះមានដូចជា «កប្បាស តៃ ថ្ករ និងកុ ត្បាញ» ជាដើម។ បើតាមសិលាចារឹកស្ទឹងខាងកើត (K.879) សិលាចារឹកគោករកា(K.155) និងសិលាចារឹកព្រៃមៀន (K.18) លើកឡើងថាពាក្យទាំងនេះសំដៅដល់ស្រីបម្រើតាមប្រាសាទដែលទទួលភារៈជាអ្នកថ្ករអំបោះ និងត្បាញ។
បើនិយាយពីការប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរវិញ ក្រមា ត្រូវបានប្រើសម្រាប់ស្លៀក ដណ្តប់ វេចខ្ចប់ ទទូរ និងក្រាល ជាដើម។
ប្រធានចលនាGoGo Cambodia លោក សាន វឌ្ឍានា លើកឡើងក្នុងសន្និសីទសាព័ត៌មាននៅរសៀលនេះថាប្រទេសយ៉ាងតិច១២នៅលើពិភពលោកបានប្រើប្រាស់សម្ភារៈប្រហាក់ប្រហែលនឹងក្រមារបស់កម្ពុជាដែរ តែថាមានការហៅឈ្មោះផ្សេងៗគ្នា។ លោកឲ្យដឹងទៀតថាតាមការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា មានការរកឃើញត្រល់ដែលមានអាយុតាំងពីមុនគ្រឹស្តសរាជ។
លោកបន្តថាៈ «បើយើងមើលតាមលក្ខណៈបុរាណវិទ្យា យើងមានភាពចំណាស់ យើងបានរកឃើញត្រល់ យើងអត់រកឃើញក្រមាតាំងពីសម័យនោះទេ តែយើងរកឃើញត្រល់ តាមបែបបទក្រមានេះតាំងពី៤០០០ ឬ៣០០០ឆ្នាំមុនគ្រិស្តសករាជ យើងមានរឿងនិទានព្រះថោង នាងនាគ ដែលបានចាប់ផ្តើមត្បាញក្រមា យើងមានរូបចម្លាក់ យើងមានសិលាចារឹកជាច្រើនដែលបានបង្ហាញពីទំនាក់ទំនងជាមួយកប្បាស ត្រល់...យើងមានចំណុចពិសេសច្រើនដែលយើងអាចបង្ហាញជូនពិភពលោកថាក្រមានៅជាមួយប្រជាជាតិយើងតាំងពីសម័យយូរលង់ណាស់មកហើយ»។
បើតាមលោក សាន វឌ្ឍានា ក្រមាដែលនឹងត្បាញបាននេះនឹងបង្ហាញពីអត្ថន័យចំណងមេត្រីភាព និងការស្វែងរកគ្នានៃប្រជាពលរដ្ឋខ្មែរ និងក៏មានដែរការបង្ហាញពីមោទនភាពជាតិខ្មែរលើឆាកអន្តរជាតិដែលមានក្រមាវែងជាងគេ។
កម្មវិធីត្បាញក្រមានេះនឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែកុម្ភៈ រហូតទាល់តែក្រមាប្រវែង១០០០ម៉ែត្រ និងទទឹង៩៦សង់ទីម៉ែត្រ ត្បាញបានរួចរាល់។ ទីតាំងត្បាញក្រមានេះស្ថិតនៅវាលព្រះមេរុជិតព្រះបរមរាជវាំង៕