កាមេរ៉ា Olympus មួយគ្រឿងនេះ តូចស្អាត ទាន់សម័យ ហើយបត់អេក្រង់ចុះក្រោមបានទៀត

  • 2018-02-17 02:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OLympus PEN E-PL9 ជា​កាមេរ៉ា​ Mirrorless ជំនាន់​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ បន្ទាប់​ពី​ ម៉ូដែល​ Olympus PEN E-PL7 និង​ Olympus PEN E-PL8។ វា​រចនា​ឡើង​ ក្នុង​ការ​ផ្ដល់​ជម្រើស​ដល់​អ្នក​ថតរូប​ ចូលចិត្តកាន់​កាមេរ៉ា​ស្អាតៗ​ ដោយ​មាន​ទំហំ​តូច​ ស្រាល​ និង​អាច​ផ្លាស់ប្ដូរ​ Lens បាន​។

កាមេរ៉ា​នេះ​អាច​ប្រើ​ជាមួយ​ Lens ប្រភេទ​ Micro Four Thirds ទំហំ​ធំ​បាន​។ ម្យ៉ាងទៀត ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​និយម​​ថតរូប​នឹង​ទូរសព្ទ​ ប្ដូរ​ចិត្ត​បាន​ ដោយ​ផលិត​រូបភាព​ច្បាស់​ល្អ​ និង​អាច​លេង​បាន​ច្រើន​លើ​ Manual Controls។

ចំពោះ​កាមេរ៉ា​នេះ​ ក្រុមហ៊ុន​ Olympus តម្រង់​ឃើញ​ទីផ្សារ​ពី​ Blogger និង​ Storyteller ដែល​ត្រូវការ​កាមេរ៉ា​តូច​ និង​មាន​សមត្ថភាព​ផលិត​រូបភាព​បាន​ល្អ​ ដោយ​ចំណាយ​ពេលវេលា​តិច​ក្នុង​ការ​កំណត់​ Settings

កាមេរ៉ា​ Olympus PEN E-PL9 អាច​ទម្លាក់​អេក្រង់​ចុះ​ក្រោម​មើល​សកម្មភាព​បាន​ និង​មាន​ជម្រើស​ Settings ស្វ័យ​ប្រវត្តិ​មួយ​ចំនួន​។ នៅ​ផ្នែក​ខាងលើ​ កាមេរ៉ា​មាន​ Advanced Photo (AP) និង​ Scene (SCN) mode ដែល​ងាយស្រួល​ប្រើ​ និង​រហ័ស​ ជាង​កាមេរ៉ា PEN ពី​មុន​។

ចំណុច​ខុសគ្នា​មួយ​ទៀត​ កាមេរ៉ា​នេះ​ប្រើ​បន្សំ​រវាង​ Bluetooth និង​ Wi-Fi ដែល​ផ្ដល់​ល្បឿន​លឿន​ និង​ងាយស្រួល​បញ្ជូន​រូបភាព​ទៅ​កាន់​ទូរសព្ទ​។ វា​អាច​ថត​វីដេអូ​បាន​កម្រិត​ 4K 30P ហើយ​មាន​ជម្រើស​កាត់​រូបភាព​ចេញ​ពី​វីដេអូ​មាន​ទំហំ​ដល់​ទៅ​ 8 Megapixel។

អ្នក​អាច​ទទួល​បាន​ទំហំ​ CMOS sensor 16 Megapixel លើ​កាមេរ៉ា​នេះ​។ ការ​ថតរូប​ដោយ​រង្គើ​ និង​ព្រាល​នៅ​ស្ថានភាព​មាន​ពន្លឺ​ទាប​ កាមេរ៉ា​នេះ​អាច​ជួយ​បាន​ ដោយ​មាន​មុខងារ​ទប់​លំនឹង​លើ​តួ​កាមេរ៉ា​ដ៏​ល្អ​មួយ​។ នេះ​នឹង​ធ្វើ​ឲ្យ​ការ​ថត​វីដេអូ​ កាន់​នឹង​ដៃ​ អាច​រក្សា​គុណភាព​រូប​បាន​។

កាមេរ៉ា​នេះ​មាន​ប្រព័ន្ធ​ Autofocus ចំនួន​ ១២០ ចំណុច​ ដោយ​គ្រប​ដណ្ដប់​លើ​ Frame ទាំងស្រុង​។

ការ​រចនា​

ការ​រចនា​របស់​ PEN E-PL9 មិន​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន​នោះ​ទេ​ ដោយ​ប្រើ​ប្លាស្ទិក​លើ​តួ​កាមេរ៉ា​ រៀបចំ​បាន​ល្អ​ និង​មាន​លក្ខណៈ​រលោង​។ កាមេរ៉ា​នេះ​ មាន​គន្លាក់​កាន់​កាមេរ៉ា​ថត​ ធំ​ជាង​មុន​ ងាយស្រួល​ក្នុង​ការ​កាន់​។

ការ​តម្រៀប​ប៊ូតុង​ដូចគ្នា​ច្រើន​នឹង​ Olympus PEN E-PL8 ខណៈ​ Model Dial នៅ​ផ្នែក​ខាងលើ​ ធំ​ជាង​។ កាមេរ៉ា​នេះ​មាន​ប៊ូតុង​ថ្មី​មួយ​ពី​លើ​អេក្រង់​ សម្រាប់​បើក​ប្រើ​ Flash ដែល​មិន​មាន​លើ​ PEN E-PL7 និង​ PEN E-PL8 នោះ​ឡើយ​។ តែ​កាមេរ៉ា​នេះ​ពុំ​មាន​ Viewfinder នោះ​ទេ​។

កាមេរ៉ា​ PEN E-PL9 មិន​មាន​កន្លែង​ភ្ជាប់​នឹង​ឧបករណ៍​ប្រើប្រាស់​ផ្សេង​នោះ​ទេ​ ដូចជា​មិន​អាច​បំពាក់​ Viewfinder ក្រៅ​បន្ថែម​បាន​។ ហើយ​កាមេរ៉ា​នេះ​ក៏​មិន​មាន​រន្ធ​ដោត​ភ្ជាប់​ Stereo Microphone ឬ​ Head Phone ផង​ដែរ​។

សរុប​មក​ កាមេរ៉ា​ PEN E-PL9 តូច​ស្រាល​ ទាន់​សម័យ​ និង​ផលិត​គុណភាព​រូបភាព​បាន​ល្អ​។ កាមេរ៉ា​នេះ អាច​នឹង​មាន​លើ​ទីផ្សារ​នៅ​ពាក់កណ្ដាល​ខែ មីនា​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ TrustedReviews   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី