iPhone X ឆ្នាំ​ ២០១៨ នឹង​មាន​ក្បាល​ឆក​តូច​ជាង​មុន​

  • 2018-02-17 02:32:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple នឹង​​បញ្ចេញ​ iPhone ស៊េរី​ថ្មី​ចំនួន​ ៣ ម៉ូដែល​នៅ​ចុង​ឆ្នាំ​ ២០១៨ នេះ​ ដោយ​មាន​បំពាក់​ប្រព័ន្ធ​​កាមេរ៉ា​ TrueDepth ជំនាន់​ទីពីរ ដែល​ធ្វើ​ឲ្យ​ស្នាម​ឆក​នៃ​ផ្នែក​ខាង​លើ​​មាន​ទំហំ​តូច​ជាង​មុន។ នេះ​បើ​ផ្អែក​តាម​​កំណត់​ត្រា​ស្រាវជ្រាវ​បញ្ចេញ​ដោយ​​អ្នក​វិភាគ​​ល្បីៗ​ជា​ច្រើន​រូប​របស់​ធនាគារ​ Barclays។

អត្ថន័យ​នៃ​កំណត់​ត្រា​ស្រាវជ្រាវ​មាន​ដូច​ត​ទៅ​នេះ ៖

“ផ្អែក​តាម​ទិន្នន័យ​មួយ​ចំនួន​​នៅ​ក្នុង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៧ និង​ជំនួប​ជា​មួយ​​ដៃ​គូ​ផ្គត់ផ្គង់​​នៅ​ក្នុង​កម្មវិធី​ CES យើង​នៅ​តែ​មាន​ការ​ជឿជាក់​ថា​ Apple នឹង​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ TrueDepth 3D នៅ​លើ​ iPhone ឆ្នាំ​ ២០១៨ គ្រប់​ម៉ូដែល​ និង​នៅ​លើ​ iPad ស៊េរី​ថ្មី​ផង​ដែរ។

​មើល​លើ​ភាព​ស្មុគស្មាញ​ និង​ការ​ចំណាយ​ពេល​​រាប់​ឆ្នាំ​​ដើម្បី​បង្កើត​​​​ប្រព័ន្ធ​កាមេរ៉ា​ TrueDepth លើ​ iPhone X នា​ពេល​បច្ចុប្បន្ន​ គួប​ផ្សំ​នឹង​ការ​លើក​ឡើង​របស់​​ក្រុមហ៊ុន​​ផ្គត់ផ្គង់​​នៅ​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ​ យើង​មិន​អាច​ស្រមៃ​អំពី​​​ផ្លាស់​ប្ដូរ​​រចនាបថ​របស់​ប្រព័ន្ធ​កាមេរ៉ា​នេះ​​នៅ​ឆ្នាំ​ ២០១៨ នោះ​ទេ។ យើង​រំពឹង​ថា​​ប្រព័ន្ធ​កាមេរ៉ា​នេះ​នឹង​វិវត្តន៍​បន្តិច​បន្តួច​​បំផុត​ ជា​ពិសេស​លើ​ការ​បង្រួម​ទំហំ​ឲ្យ​តូច​ និង​​បង្កើន​សមត្ថភាព"។

ប្រព័ន្ធ​កាមេរ៉ា​ដែល​មាន​ទំហំ​តូច​ជាង​មុន​ អាច​នឹង​ជា​ការ​ផ្លាស់​ប្ដូរ​មុខមាត់​តែ​មួយ​គត់​នៅ​លើ​ iPhone X ជំនាន់​ថ្មី​ ប៉ុន្តែ​​គេ​​នៅ​រង់​ចាំ​មើល​ថា​វា​នឹង​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​ឬ​យ៉ាងណា។ ចចាមអារ៉ាម​នា​ពេល​កន្លង​ទៅ​បាន​សន្និដ្ឋាន​ថា​ប្រព័ន្ធ​កាមេរ៉ា​នេះ​នឹង​បន្ថយ​ទំហំ​​នៅ​ឆ្នាំ​ ២០១៩ ឬ​យូរ​ជាង​នេះ។

បន្ថែម​ពី​នេះ​​អ្នក​វិភាគ​របស់​ Barclays ក៏​បាន​​បង្ហាញ​ភាព​ជឿជាក់​ថា​ Apple កំពុង​សម្ងំ​ផលិត​ប្រព័ន្ធ​កាមេរ៉ា​ TrueDepth សម្រាប់​កាមេរ៉ា​ខាង​ក្រោយ​របស់​ iPhone នា​ថ្ងៃ​អនាគត​ផង​ដែរ ហើយ​បច្ចេកវិទ្យា​នេះ​អាច​នឹង​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ​ ២០១៩៕​​​​​​​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង