អតីត​ជើង​ខ្លាំង វ៉ន​ វីវ៉ា​ រីករាយ​​ផ្ទេរ​ក្បាច់​គុន​​ដល់​​ថ្នាលយុវជន​​ជម្រើស​ជាតិ​

  • 2018-02-19 01:57:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​ជើង​ខ្លាំង​គុន​ខ្មែរ​លំដាប់​ប្រទេស​ វ៉ន​ វីវ៉ា​ រីករាយ​បំផុត​ដែល​បាន​ធ្វើ​ជា​គ្រូ​ថ្នាល​ជម្រើសជាតិ​គុន​ខ្មែរ​ដែល​ត្រៀម​ខ្លួន​សម្រាប់​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់​​នា​ពេល​ខាង​មុខ​ ក៏​ដូច​ជា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

កីឡាករ​ វ៉ន វីវ៉ា​ ចូលរួម​វគ្គ​បំប៉នគ្រូ​បង្វឹក​ជម្រើស​ជាតិ​

វ៉ន​ វីវ៉ា​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​អារម្មណ៍​​ត្រេកអរ​នោះ ​គឺ​គ្មាន​អ្វី​ត្រេកអរ​ជាង​ពេល​ដែល​សហព័ន្ធ​​​ប្រដាក់​គុន​ខ្មែរ​ និង​​​ក្រសួង​អប់រំ​​​ សម្រេច​ជ្រើសរើស​​យក​រូប​គេ​ឲ្យ​ធ្វើ​​​ជា​គ្រូ​ជ្រើសរើស​ជាតិ​ថ្នាល​​នោះ​ទេ​​ ​ពី​ព្រោះ​​លោក​បាន​បោះបង់​អាជីព​នេះ​យូរ​​​ដែរ​ហើយ ​ប៉ុន្តែ​មក​បាន​ធ្វើ​ការ​ពាក់ព័ន្ធ​ជា​មួយ​ប្រដាល់​នេះ​វិញ។​

កីឡាករ​ វ៉ន វីវ៉ា​ ចូលរួម​សិក្ខាសិលា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​

អតីត​អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់ចាម​រូប​នេះ​បន្ត​ថា​ លោក​នឹង​ខំប្រឹង​ប្រែង​បង្ហាត់​នូវ​អ្វី​ដែល​ខ្លួន​ធ្លាប់​មាន​​​នា​ពេល​កន្លង​មក​ ឲ្យ​ដល់​កីឡាករ​ជំនាន់​ក្រោយ​ ក៏​ដូច​ជា​យុវជន​ថ្នាល​ទាំង​នេះ​ ប៉ុន្តែ​ហាក់​លំបាក​បន្តិច​រឿង​កម្លាំង ដោយ​សារខ្លួន​បោះបង់វិស័យ​កីឡា​នេះ​យូរ​ ។​ តាម​រយៈ​ការ​មក​បង្ហាត់​នេះ​ដែរ​ ម្ចាស់​ខ្សែក្រវាត់​ ISKA​ រូប​នេះ​ថា​ មិន​ប៉ះពាល់​ដល់​មុខរបរ​បើក​រថយន្ត​តាក់ស៊ី​​នោះ​ទេ ព្រោះ​ពេលវេលា​បង្រៀន​ខុស​ម៉ោង​គ្នា។​

កីឡាករ​ វ៉ន​ វីវ៉ា​ ពេល​នៅ​ប្រកួត​

កីឡាករ​ វ៉ន​ វីវ៉ា​ ជា​អតីត​ជើង​ខ្លាំង​ប្រទេស​កម្ពុជា​កាល​ពី​៣ឆ្នាំ​មុន​ ប៉ុន្តែ​ដោយ​សារ​របួស​​បាក់​ដៃ​ ទើប​​​សម្រេច​ចិត្ត​បញ្ចប់​អាជីព​នេះ​​រហូត​​ដល់​សព្វ​ថ្ងៃ​នេះ។​ ឥលូវ​នេះ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ សម្រេច​ជ្រើសរើស​រូប​គេ​ឲ្យ​ធ្វើ​ជា​គ្រូ​បង្ហាត់​ថ្នាល​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​