ម្ចាស់​ហាង​លក់​គ្រឿង​អេឡិចត្រូនិក​ចាស់ៗ​ បង្ហើប​រឿង​ហួសចិត្ត ទម្រាំ​ជោគជ័យ​ដល់​សព្វថ្ងៃ​នេះ

  • 2018-02-19 04:50:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សាន គឹមហុង ម្ចាស់​ហាង​លក់​គ្រឿង​អេឡិចត្រូនិក​ចាស់​ៗ​ តាំង​ពី​ទសវត្ស ៥០-៩០ បាន​បង្ហើប​រឿង​ហួស​ចិត្ត​មួយ ទម្រាំ​លេច​ជារូបរាង​ហាង​លក់​ឧបករណ៍​បុរាណ​មក​ដល់​សព្វថ្ងៃ​នេះ។ អ្វី​ទៅ​ជា​រឿង​គួរ​ឲ្យ​ហួស​ចិត្ត របស់​បុរស​វ័យ ៤១ឆ្នាំ​រូប​នេះ?

សូមទស្សនាវីដេអូ

អ្នក​ស្រលាញ់​ឧបករណ៍​អេឡិចត្រូនិក​ចាស់ៗ​ខាង​លើ​បាន​និយាយ​ប្រាប់​ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​ថា ផ្ដើម​ចេញ​ពី​ការ​ស្រលាញ់​របស់​ចាស់​ៗ ជាពិសេស​កាមេរ៉ា និង ឧបករណ៍​ភ្លេង​បុរាណ​ លោក​បាន​យក​វត្ថុ​ចាស់​មួយ​ចំនួន​យក​ទៅ​ដាក់​លក់​ក្បែរ​តូប​លក់​ខោវ-អាវ​ ភរិយា ដែល​មិន​ដឹង​ថា​គេ​ទិញ​ឬ​អត់​នោះទេ ផ្ទុយ​ពី​ការ​គិត​នេះ របស់​ទាំង​នោះ​មាន​គេ​ចាប់​អារម្មណ៍​ច្រើន​ទៅវិញ។

Link-to ហាង​ប្រមូល​ និង​លក់​គ្រឿង​អេឡិចត្រូនិក​ចាស់​ៗធំជាងគេ​ នៅខេត្តសៀមរាប កំពុងទាក់ចិត្ត មនុស្សវ័យកណ្ដាល

«ឆ្នាំ ២០១២ សុំ​តូប​ប្រពន្ធ​នៅ​ផ្សារ​រាត្រី (តូប​លក់​ខោវ អាវ) ឆ្លៀត​ដាក់​លក់​គ្រឿង​អេឡិចត្រូនិក​ចាស់ៗ។ ក្រោយ​ដាក់​លក់​ម៉ាស៊ីន​​អង្គុលីលេខ ម៉ាស៊ីន​ថត កាសែត ចាស់ៗ​ ៤-៥ មុខ ស្រាប់​តែ​មាន​គេ​ចាប់​អារម្មណ៍​ក៏​បង្កើត​បាន​ជាង​ហាង​ឡើង​មក​ដល់​សព្វថ្ងៃ​នេះ»។ លោក គឹមហុង និយាយ។

ហាង​ប្រមូល​ និង​លក់​គ្រឿង​អេឡិចត្រូនិក​របស់​លោក សាន គីមហុង ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១២ នៅ​ផ្សារ​រាត្រី​។ ប៉ុន្តែ​ក្រោយ​មក លោក​បាន​ប្ដូរ​មក​​ទីតាំង​ថ្មី នៅ​សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ខេត្ត​សៀមរាប នៅ​ឆ្នាំ​២០១៥។

សព្វថ្ងៃ​នេះ​ហាង​ខាង​លើ​មាន​ដាក់​លក់​ឧបករណ៍​ចាស់​តាំង​ពី​ទសវត្ស​ ៥០-៩០ ដែល​មាន​ដូចជា កាម៉េរ៉ា ម៉ាស៊ីន​បញ្ចាំង​កុន ម៉ាញ៉េ, វិទ្យុ, ម៉ាស៊ីន និង ថាស​ចម្រៀង​ពី​ដើម, ម៉ាស៊ីន​អង្គុលីលេខ, នាឡិកា, ព្យាណូ, ទូរទស្សន៍, និង កាសែត​ចាស់ៗ ជាដើម។

ក្រោយ​ពី​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អតិថិជន​លើ​ការ​បញ្ជា​ទិញ​គ្រឿង​អេឡិចត្រូនិក​ចាស់​ៗ​រួច​មក លោក សាន គឹមហុង បាន​ប្រាប់​ពី​ផល​លំបាក​ខ្លះៗ​ដែរ​ថា មុខរបរ​មួយ​នេះ​ដំបូង​ឡើយ​ថា មិន​រំពឹង​មាន​អ្នក​គាំទ្រ ប៉ុន្ដែ ក្រោយ​ពី​មាន​ត្រូវ​ការ​ច្រើន ផលលំបាក​មួយ​នោះគឺ មិន​ដឹង​រក​ទិញ​វត្ថុ​ចាស់ៗ​នៅ​កន្លែង។ ដូច្នេះ​ហើយ​លោក​បាន​សម្រេច​ដើរ​រក​តាម​អ្នក​ថតរូប​នៅ​អង្គរ​វត្ត ដើម្បី​ស្វែង​រក​កាមេរ៉ា​ចាស់ៗ ដែល​គេ​លែង​ប្រើ និង បាន​បោះមួយជំហាន​ក្រោយ​ទៀត ស្វែងរក​តាម​អ៊ិនធឺណិត និង​បញ្ជា​ទិញ​ពី​បរទេស​មក​វិញ។

ការ​បង្កើត​អាជីវកម្ម​នេះ​ឡើង​ក៏​ដោយ​សារ​ឈរ​លើ​ទ្រឹស្ដី​មួយ​ដែល​នាំ​ឲ្យ​លោក​ជោគជ័យ​មក​ដល់​សព្វថ្ងៃ​នេះ​គឺ «​រកស៊ី​​ជោគជ័យ​ផ្ដើម​ពី​សេចក្ដី​ស្រឡាញ់»។ លោក​បាន​រៀបរាប់​ទៀត​ថា «អាជីវកម្ម​មួយ​ទៅ​ដោយ​មិន​សប្បាយ​ចិត្ត​អត់​ជោគជ័យ​ទេ។ តែ​អានេះ​ខ្ញុំ​ចង់​ ព្រោះ​តាំង​ពី​អំឡុង​ឆ្នាំ ១៩៩០-១៩៩៣ ខ្ញុំ​ចូល​ចិត្ត​កាមេរ៉ា ម៉ាក​កាណុង កាល​នៅ​តូច តែ​ពេល​នោះ​ខ្ញុំ​អត់​លទ្ធភាព​ ពេល​ទិញ​បាន​ខ្ញុំ​គិត​តែ​ពី​ជូត​លាង​រហូត»។

ចុចអាន៖ អ្នក​ចូលចិត្ត​គ្រឿង​អេឡិចត្រូនិក​ចាស់ៗ៖ «រកស៊ី​ជោគជ័យ​ផ្ដើម​ពី​សេចក្ដី​ស្រឡាញ់»

លោក សាន គឹមហុង បាន​បន្ត​ថា បច្ចុប្បន្ន​នេះ​ទីផ្សារ​ឧបករណ៍​ចាស់​ៗ កំពុង​ពេញ​និយម​ ព្រោះ​តែ ផ្ទះ​សំណាក់ សណ្ឋាគារ​​ ហាង​កាហ្វេ និង ភោជនីយដ្ឋាន​មួយ​ចំនួន​បាន​ទិញ​យក​ទៅ​រចនា​បែប​បុរាណ ដើម្បី​ទាក់ទាញ​ភ្ញៀវ។

បុរស​កូន​ពីរ​នាក់​ប្រុស ១ និង ស្រី ១ ខាង​លើ​បាន​បង្ហើប​ពី​ក្ដី​ប្រាថ្នា​នា​ពេល​អនាគត​ថា «អនាគត​ខ្ញុំ​ចង់​ពង្រីក​ហាង​ឲ្យ​ធំ​ជាង​នេះ ប្រមូល​ផ្ដុំ​ដោយ​ អ្នក​រចនា ជាង​ជួសជុល​ចាស់ៗ ដូចជា ជាង​​​ម៉ូតូ, នាឡិកា, ម៉ាញ៉េ ជាពិសេស​អ្នក​និយម​របស់​ចាស់ៗ​ ជុំ​គ្នា​នៅ​ហាង​កាហ្វេ​ខ្ញុំ​ចង់​បង្កើត​នៅ​ក្នុង​ហាង​នេះ»

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទពេញនិយម