ហាង​ប្រមូល​ និង​លក់​គ្រឿង​អេឡិចត្រូនិក​ចាស់​ៗធំជាងគេ​ នៅខេត្តសៀមរាប កំពុងទាក់ចិត្ត មនុស្សវ័យកណ្ដាល

  • 2017-12-18 10:25:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ដើមចេញពីការ​ស្រឡាញ់​របស់​ចាស់ៗ ជាពិសេស កាម៉េរ៉ា និង ឧបករណ៍ភ្លេង​បុរាណ បុរសវ័យ ៤១ឆ្នាំ លោក សាន គឹមហុង បាន​សម្រេចក្ដីសុបិន​របស់​ខ្លួន​ បើក​លក់​គ្រឿង​អេឡិចត្រូនិក​ចាស់ តាំង​ពី​ទសវត្ស ៥០ រហូត​ដល់ ទសវត្ស ៩០។ ម៉្លោះហើយ លោក គឹមហុង បាន​ក្លាយ​ជា​អ្នក​ប្រមូល​ទិញ​វត្ថុចាស់ៗ​ដ៏ធំ​ជាង​គេ​នៅខេត្តសៀមរាប នាពេល​សព្វថ្ងៃ។ ខាងក្រោម​នេះ គឺជាសកម្មភាព​ខ្លះៗ របស់​លោក សាន គឹមហុង អំឡុង​ពេល​ក្រុមការងារ​ផ្លូវ​ទៅស្រុក​វគ្គ ២ បាន​ចុះ​ទៅផ្ដិត​រូបភាព និង ធ្វើ​បទសម្ភាសន៍​ពិសេស​ជាមួយ​លោក អំឡុង​ពេល​ថ្មីៗ​នេះ។

1- លោក សាន គីមហុង វ័យ​៤១​ឆ្នាំ ជា​អ្នក​សន្សំ​និង​លក់​គ្រឿង​អេឡិចត្រូនិក​ចាស់​ៗ នៅ​ក្នុង​ក្រុង​សៀមរាប​។ ផ្ដើម​ពី​ការ​ស្រឡាញ់​គ្រឿង​អេឡិចត្រូនិក​ចាស់​ៗ និង​ដោយ​សារ​មាន​ទីផ្សារ​ផង លោក សាន គីមហុង បាន​សម្រេច​ចិត្ត​បើក​ហាង​ប្រមូល​និង​លក់​គ្រឿង​អេឡិចត្រូនិក​នេះ​ឡើង​។

2- ហាង​ប្រមូល​និង​លក់​គ្រឿង​អេឡិចត្រូនិក​របស់​លោក សាន គីមហុង ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៣ នៅ​ផ្សារ​រាត្រី​។ ប៉ុន្តែ​ក្រោយ​មក លោក​បាន​ប្ដូរ​មក​ទីតាំង​ថ្មី នៅ​សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប នៅ​ឆ្នាំ​២០១៥​។

3- ហាង​ប្រមូល​និង​លក់​គ្រឿង​អេឡិចត្រូនិក​ចាស់​ៗ​របស់​លោក សាន គីមហុង មាន​ប្រមូល​ទិញ​និង​លក់​គ្រឿង​អេឡិចត្រូនិក​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៥០ រហូត​មក​ដល់​ទសវត្ស​ឆ្នាំ​១៩៩០​។ គ្រឿង​អេឡិចត្រូនិក​ខ្លះ​មាន​អាយុ​ចំណាស់​រហូត​ដល់​ទៅ​១០០​ឆ្នាំ​ក៏​សឹង​មាន​។

4- មុន​នឹង​លក់​គ្រឿង​អេឡិចត្រូនិក​ទៅ​ឲ្យ​អតិថិជន​របស់​ខ្លួន លោក សាន គីមហុង បាន​ត្រួត​ពិនិត្យ​គុណភាព​និង​ជួស​ជុល​សម្ភារៈ​អស់​ទាំង​នោះ​ជា​មុន​សិន​។ លោក​ត្រូវ​ធានា​ថា អ្នក​ទិញ​ទទួល​បាន​គ្រឿង​អេឡិចត្រូនិក ដែល​ត្បិត​តែ​ចាស់ តែ​នៅ​អាច​ដំណើរការ​បាន​។ អតិថិជន​របស់​លោក​មាន​ទាំង​នៅ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​។

5- លោក សាន គីមហុង បង្ហាញ​កាមេរ៉ា​ម៉ាក Canon ដែល​លោក​ស្រឡាញ់​តាំង​ពី​នៅ​ក្មេង ដល់​កូន​របស់​លោក​។ កាមេរ៉ា Canon នេះ មាន​វ័យ​ចំណាស់​ជាង​លោក សាន គីមហុង ទៅ​ទៀត​។

6- អាជីវកម្ម​ប្រមូល​និង​លក់​គ្រឿង​អេឡិចត្រូនិក​ចាស់​ៗ បាន​បំពេញ​សេចក្ដី​សុបិន​របស់​លោក សាន គីមហុង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ថែម​ទាំង​អាច​ជួយ​ផ្ដល់​ប្រាក់​ចំណូល​ដល់​គ្រួសារ​របស់​លោក​ទៀត​ផង​៕

សូមចុចអាន៖

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

រូបថត៖ Shot on Canon

អត្ថបទពេញនិយម