កាកា​ ប្រកួត​ជាង​ ៤០០ដង​ (គិត​ទាំង​មិន​អាជីព) មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់​សន្លប់​

  • 2018-02-20 02:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​មក​ពី​បន្ទាយ​មាន​ជ័យ​ សុខ​ ធី​ ប្រកួត​ដល់​ទៅ​ជាង​៤០០ដង​ អស្ចារ្យ​មែនទែន​មិន​ដែល​ស្គាល់​ពាក្យ​ថា​ ចាញ់​ដោយ​សន្លប់​ឡើយ​ ជា​ស្ថិតិ​ល្អ​មួយ​ដែល​កម្រ​មាន​កីឡាករ​ដទៃ​ធ្វើ​ដូច​បាន។​

កីឡាករ សុខ​ ធី

លោក​ សុខ​ ញ៉ិល​ ដែល​ជា​ឪពុក​របស់​ សុខ​ ធី​ បង្ហើប​ឲ្យ​ដឹង​ថា​ កូន​ប្រុស​របស់​លោក​ម្នាក់​នេះ​មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់​ដោយ​សន្លប់​នោះ​ឡើយ​ គឺ​មាន​តែ​ម្ដង​គត់​ដែល​ត្រូវ​អាជ្ញាកណ្ដាល​រាប់​ ប៉ុន្តែ​មិន​សន្លប់​នោះ​ទេ។​ ភាព​ខ្លាំង​ខ្លា​របស់​ សុខ​ ធី​ និង​ស្ថិតិ​ប្រកួត​ល្អ​ រឹងមាំ​ដូច​រហូត​ដល់​អ្នក​ដែល​នៅ​ឯ​ប្រទេស​ថៃ​ដាក់​រហស្សនាម​ឲ្យ​ «មនុស្ស​ឈើ»​ វ៉ៃ​មិន​ឈឺ​ វ៉ៃ​មិន​ស្រុត។​

កីឡាករ សុខ​ ធី (ក្រហម)

ទាក់ទិន​ទៅ​និង​ការ​ប្រកួត​មិន​ដែល​ចាញ់​ដោយ​សន្លប់​ដូច​នេះ​ សុខ​ ធី​ បាន​ឲ្យ​ដឹង​ថា​ ធ្លាប់​ម្ដង​គេ​វ៉ៃ​រាប់​នៅ​ទឹក​ទី១​ ដោយ​ត្រូវ​ដៃ​គូ​ម៉ាត់​ត្រូវ​ថ្គាម​ ប៉ុន្តែ​មិន​សន្លប់​ឡើយ​ ហើយ​បន្ត​ការ​ប្រកួត​រហូត​ដល់​ចប់​ ប៉ុន្តែ​ឲ្យ​សន្លប់​តែ​ម្ដង​មិន​ដែល​ឡើយ។​ រឿង​ប្រកួត​មិន​ដែល​សន្លប់​នេះ​ អ្នក​ប្រដាល់​វ័យ​ក្មេង​រូប​នេះ​បន្ថែម​ថា​ ចំពោះ​ការ​ហ្វឹកហាត់​គឺ​ដូច​កីឡាករ​ដទៃ​អញ្ចឹង​ ហាត់​ឲ្យ​បាន​ដិតដល់​ ជាប់​លាប់​ល្អ​ និង​មិន​មើល​ងាយ​ដៃ​គូ​ប្រកួត​ឡើយ​ បើ​ទោះ​គឺ​ខ្សោយ​ ឬ​ខ្លាំង​ក៏​ដោយ​មិន​ត្រូវ​ប្រមាថ​នោះ​ទេ។​

កីឡាករ សុខ​ ធី

សុខ​ ធី​ ជា​អ្នក​កូន​សិស្ស​លោក​គ្រូ​ សាន់​ សាយយ៉ាន់​ មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ តាំង​ពី​មក​ប្រកួត​នៅ​កម្ពុជា​មិន​ដែល​ចាញ់​ឡើយ​ មិន​ថា​ប៉ះ​ខ្មែរ​គ្នា​ឯង​ ឬ​បរទេស​នោះ​ទេ។​ ឥលូវ​កំពុង​ប្រកួត​ខ្សែក្រវាត់​គូបូតា​ ទម្ងន់​ ៥៧​គីឡូក្រាម​ មាន​៩ពិន្ទុ​ក្នុង​ដៃ​ ៣ប្រកួត​ឈ្នះ​ទាំង​៣៕​

អត្ថបទ៖ នួន ស៊ីណា​