ឥណ្ឌា ហាមសិស្សមិនឲ្យពាក់ស្បែកជើង ឬស្រោមជើងចូលប្រឡង
- 2018-02-20 03:11:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌា ហាមសិស្សមិនឲ្យពាក់ស្បែកជើង ឬស្រោមជើងចូលប្រឡង
ចន្លោះមិនឃើញ
អាជ្ញាធរនៅរដ្ឋ Bihar ប្រទេសឥណ្ឌា បានស្នើសុំសិស្សកុំឲ្យពាក់ស្បែកជើង ឬស្រោមជើង ដើម្បីបញ្ឈប់ពួកគេពីការលួចបន្លំ ឬបើកមើលឯកសារ ក្នុងអំឡុងពេលប្រឡង។
ក្រុមមន្ត្រីបានប្រាប់សារព័ត៌មាន BBC ថា វិធានការនេះគឺធ្វើឡើងដើម្បីបញ្ឈប់សិស្សពីការលួចមើលឯកសារនៅក្នុងសាលប្រឡង។ ច្បាប់ថ្មីនេះចូលជាធរមាន ស្របពេលដែលសិស្សប្រហែល ១,៨ លាននាក់ នឹងត្រូវប្រឡងបញ្ចប់ថ្នាក់ទី ១០។
គួរបញ្ជាក់ឲ្យដឹងថា រដ្ឋ Bihar ត្រូវបានគេដឹងឮជាយូរមកហើយថា សិស្សពូកែខាងលួចបើកមើលឯកសារនៅក្នុងការប្រឡង។
ទោះបីជាយ៉ាងណា ក្រុមមន្ត្រីបាននិយាយថា សិស្សក៏នឹងត្រូវគេឆែកខ្លួនផងដែរ មុនពេលពួកគេចូលសាលប្រឡង។ មិនតែប៉ុណ្ណោះ ពួកគេនឹងត្រូវត្រួតពិនិត្យដោយវីដេអូ ខណៈពេលសរសេរចម្លើយចំពោះសំណួរប្រឡង។ សិស្សដែលពាក់ស្បែកជើង ឬស្រោមជើងមក នឹងត្រូវឲ្យឈរនៅខាងក្រៅសាលប្រឡង។
គួររំលឹកឲ្យដឹងផងដែរថា កាលពីឆ្នាំ ២០១៦ រដ្ឋ Bihar ធ្លាប់បានប្រកាសវិធានការនានា ដូចជា ការពិន័យ និង ការដាក់ពន្ធនាគារដល់សិស្ស ដើម្បីបញ្ឈប់ការបន្លំនៅពេលប្រឡងទៀតផង។ នៅក្នុងឆ្នាំ ២០១៣ សិស្សជាង ១ ៦០០ នាក់ ត្រូវបានបណ្ដេញចេញពីសាលប្រឡង ដោយសារតែលួចមើលឯកសារ។ លើសពីនេះទៅទៀត ឪពុកម្ដាយប្រហែល ១០០ នាក់ ត្រូវបានគេឃុំខ្លួន ព្រោះតែជួយកូនរបស់ពួកគេក្នុងការលួចមើល។
យ៉ាងណាមិញ បន្ទាប់ពីអាជ្ញាធរបង្ក្រាបលើការលួចបន្លំកាលពីឆ្នាំ ២០១៦ អត្រាជាប់របស់សិស្សនៅរដ្ឋ Bihar បានធ្លាក់ចុះពី ៧០ ភាគរយ មកត្រឹមតែ ៥០ ភាគរយប៉ុណ្ណោះ៕
ចុចអាន៖