រឿងអាស្រូវក្ដៅ៤ ប៊ុត សីហា ទទួលរងយ៉ាងសុសសាច់ ក្រោយជាប់ជយលាភី
- 2018-02-23 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងអាស្រូវក្ដៅ៤ ប៊ុត សីហា ទទួលរងយ៉ាងសុសសាច់ ក្រោយជាប់ជយលាភី
ចន្លោះមិនឃើញ
ក្រោយឱបពានជាតារាកំពូលសំឡេងប្រចាំកម្មវិធី The Voice Cambodia រដូវកាលដំបូងបំផុត ប៊ុត សីហា បានក្លាយជាប្រធានបទសំខាន់របស់មហាជន ត្បិតលោករងព័ត៌មានអាស្រូវហូរហែក្រោយឈរលើតំណែងនេះ។
១ អាស្រូវគ្រួសារ
ក្លាយជាតារាពេញសិទ្ធិមិនបានប៉ុន្មានផង ប៊ុត សីហា ដែលធ្លាប់អះអាងខ្លួនកម្លោះចាយរាងបានបែករឿងអាស្រូវគ្រួសារថា លោកមានប្រពន្ធកូនរួចហើយ។ ជុំវិញបញ្ហានេះ លោកបានចេញមុខបកស្រាយរឿយៗប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថាវាមិនមែនជាការពិត តែចុងក្រោយ នៅខែកញ្ញា ឆ្នាំ២០១៦ លោកបានបង្ហាញមុខប្រពន្ធកូន និងបកស្រាយប្រាប់ Sabay ថា លោកលែងខ្វល់ពីប្រជាប្រិយភាព តែចង់ផ្ដល់កិត្តិយសឲ្យពួកគេវិញ។
រឿងផ្ទៃក្នុងដ៏រសើបរបស់គ្រួសារមិនទាន់ចប់ត្រឹមនេះទេ ដោយខ្លួនលោកផ្ទាល់បានបង្ហោះសារហែកហួរថាប្រពន្ធខ្លួនរករឿងឈ្លោះប្រកែកលោកជុំវិញបញ្ហាហិរញ្ញវត្ថុ។
២ ល្បីជក់ថ្នាំ
ស្ងប់ក្ដីក្ដាំងស្នេហា តារាដែលមានឈ្មោះជាកូនកំព្រាឪពុក មុនទទួលបានជោគជ័យលាភី២ថ្ងៃនេះ ត្រូវបានមហាជនសង្ស័យថាលោកញៀនថ្នាំ ត្បិតរូបរាងរបស់លោកនៅគ្រានោះស្គមស្គាំងស្លេកស្លាំងពិបាកពណ៌នា។ ករណីនេះ សាមីខ្លួនបានចេញបកស្រាយថា ដោយសារលោកធ្វើការងារហត់ពេកទើបបណ្ដាលឲ្យខ្សោយកម្លាំង និងបាក់សម្រស់ដូច្នេះ។
៣ ធ្លាក់ខ្លួនច្រៀងអាហ្វែរ
ជាម្ចាស់ពានលំដាប់ថ្នាក់ពិភពលោកមែន ប៊ុត សីហា ពិតជាខ្សត់វត្តមានក្នុងបង្ហាញមុខលើចម្រៀងថ្មី និងឆាកប្រគំតន្ត្រីនានារបស់ We Production ឬហង្សមាស ណាស់ តែបែរជាប្រទះគេឃើញលោកឡើងច្រៀងរកលុយក្នុងកម្មវិធីមង្គលការតាមជនបទ និងឆាកតូចៗ ក្នុងតម្លៃខ្លួនតិច ស្មានមិនដល់។
សកម្មភាពនេះត្រូវបានមនុស្សក្នុងចង្កោមសិល្បៈខ្សឹបខ្សៀវថា លោកត្រូវបានក្រុមហ៊ុនបោះបង់ចោល មិនអើពើលើកស្ទួយដូចតារាស្រករក្រោយ ស្របទៅហ្នឹងអ្វីដែលភាគីហង្សមាសទើបតែទម្លាយម្សិលមិញថា ប៊ុត សីហា ពិតជាត្រូវបានព្យួរការងារ ត្បិតលោកជាមនុស្សឆ្មើង មិនគោរពពេលវេលា ធ្វើឲ្យក្រុមហ៊ុនខាតបង់ជាញឹកញយ ថែមទាំងញៀនថ្នាំ។
៤ ត្រូវមន្ត្រីប៉ូលិសចាប់ខ្លួន
ផ្អើលពេញប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៧ លើករណីប៉ូលិសចាប់ខ្លួនតារាចម្រៀងខាងលើពីបទប្រើប្រាស់ថ្នាំញៀន។ ក្រោយមកមន្ត្រីបានដោះលែងលោកវិញក្រោយក្រុមគ្រួសារមកធានាខ្លួននៅយប់ដដែល៕