តំណាង​អង្គការ HFCA៖​ បើ​ទោះ​ជា​មាន​ការ​លំបាក​ និង​ចំណាយ​ច្រើន​លើ​ការ​បញ្ជូន​កីឡា​ការិនី​វ័យ​ក្មេង​ទៅ​ប្រកួត​នៅ​ថៃ​ក្ដី​ ប៉ុន្តែ​ការ​ផ្ដល់​ឱកាស​បទ​ពិសោធ​ជា​រឿង​សំខាន់​

  • 2025-01-17 00:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹក​ថ្ងៃ​ទី១៦​ ខែ​មករា​ ឆ្នាំ​២០២៥​ តំណាង​អង្គការ HFCA ថា​គម្រោង​ នៃ​ការ​បញ្ជូន​កីឡា​ការិនី​វ័យ​ក្មេង​ទាំង​ ១២រូប​ទៅ​ប្រកួត​ពាន​រង្វាន់​ Bangkok Soccer League នៅ​ឯ​ប្រទេស​ថៃ ​ខាង​មុខ​នេះ​បើ​ទោះ​ជា​លំបាក​ និង​ត្រូវ​ចំណាយ​ថវិកា​ច្រើន​យ៉ាងណា​ក្ដី​ក៏​ត្រូវ​បញ្ជូន​ដែរ ព្រោះ​ជា​ការ​ផ្ដល់​ឱកាស​ស្វែងយល់​ និង​ទទួល​បាន​បទ​ពិសោធ​ក្នុង​ជីវិត។​

លោក Paraic Grogan ស្ថាបនិកអង្គការកម្ពុជាអូស្ត្រាលីបាល់ទាត់រីករាយ (Happy Football Cambodia Australia) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​​ថា​ HFCA​ នឹង​បញ្ជូន​កីឡា​ការិនី​វ័យ​ក្មេង​​ចំនួន​ ១២រូប​ និង​គ្រូ​ៗ​មួយ​ចំនួន​ទៀត​ដើម្បី​ទៅ​ចូលរួម​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ Bangkok Soccer League នៅ​ប្រទេស​ថៃ​។​

ការ​បញ្ជូន​កីឡា​ការិនី​វ័យ​ក្មេង​ទាំង​នោះ​គឺ​ពិត​ជា​មាន​សារសំខាន់​ណាស់​បើ​ទោះ​ជា​មាន​ការ​លំបាក​លើ​ការ​មើលថែ​ និង​ការ​ចំណាយ​ច្រើន​យ៉ាងណា​ក្ដី។​ ពួកគេ​នឹង​ទទួល​បាន​នូវ​បទ​ពិសោធ​ថ្មី​លើ​ការ​ប្រកួត​បាល់ទាត់ ​ពិសេស​លើក​ឆាក​អន្តរជាតិ​ដែល​មាន​ចម្រុះ​ជាតិសាសន៍​បែប​នេះ។​ ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​មួយ​លើក​មនុស្ស​ម្នាក់ៗ​នឹង​ទទួល​បាន​បទ​ពិសោធ​ថ្មី​១ដង​សម្រាប់​ខ្លួន​ ដូច្នេះ​កីឡា​ការិនី​ឆ្នើម​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​នេះ​ក៏​នឹង​ទទួល​បាន​ចំណេះដឹង​ទាំង​នេះ​ដូច​គ្នា។​

ការ​ប្រកួត​នេះ​ជា​ការ​រួមចំណែក​របស់​ HFCA ​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា​ ពិសេស​លើកទឹកចិត្ត​កីឡា​ការិនី​ខ្មែរ​ដែល​មក​ពី​បណ្ដា​ខេត្ត​នានា ដូច​ជា​សៀមរាប​នេះ​ឲ្យ​មាន​ឱកាស​បាន​ប្រកួត​ប្រជែង​ បញ្ចេញ​សមត្ថភាព​ និង​ការ​ឆ្ពោះ​ទៅ​សម្រេច​ក្ដី​ស្រមៃ​លើ​វិថី​បាល់ទាត់​នៅ​ថ្ងៃ​អនាគត។​

បញ្ជាក់​ដែរ​ថា​ អង្គការ​ HFCA និង​អង្គការ CCF(អង្គការមូលនិធិកុមារកម្ពុជា) នៅ​ព្រឹក​ថ្ងៃ​ទី១៦​ ខែ​មករា​ ឆ្នាំ​២០២៥​ នេះ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​បញ្ជូន​កីឡា​ការិនី​ឆ្នើម​ ១២រូប​ទៅ​ចូលរួម​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​ BSL 7 (Bangkok Soccer League)នៅ​ប្រទេស​ថៃ។​ កីឡាការិនី​ទាំង១២រូប​នេះ​ត្រូវ​បាន​ជ្រើសរើស​ពី​អង្គការ​ដៃគូ​ចំនួន​ពីរ​គឺអង្គការ CCF (អង្គការមូលនិធិកុមារកម្ពុជា) ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ និងអង្គការ BFT (Buil​d your Future Today) ដែលមានមូលដ្ឋាននៅខេត្តសៀមរាប។ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៥-២៦​ ខែ​មករា​ ឆ្នាំ​២០២៥​ ដោយ​មាន​ក្រុម​ម្ចាស់​ផ្ទះ​ថៃ​ សិង្ហបុរី ហ្វីលីពីន​ ម៉ាឡេស៊ី វៀតណាម​ កម្ពុជា។​ ក្រុម​កម្ពុជា​គឺ​ប្រកួត​លើ​ប្រភេទ​អាយុ​ក្រោម​ ១៦​ឆ្នាំ៕

អត្ថបទ៖ កុសល