កម្មវិធី Max Muay Extreme ​យក​កីឡាករ​កម្ពុជា​៣​នាក់​តតាំង​ជាមួយ​ថៃ​យប់​នេះ

  • 2018-02-23 06:23:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Max Muay Extreme ​របស់​ប្រទេស​ថៃ​បាន​ចាប់​គូ​ឱ្យ​កម្ពុជា​៣​នាក់​តតាំង​ជាមួយ​កីឡាករ​ថៃ​៣​នាក់​ក្នុង​ការ​ប្រកួត​អម​គូ​ខ្សែ​ក្រវាត់​២​គូ ​នៅ​រាត្រី​ចាប់​ពី​ម៉ោង​៨:៤៥​នាទី​ត​ទៅ។

កីឡាករ​កម្ពុជា​ទាំង​៣​នាក់​នោះ​រួម​មាន គី ដេត ​វាយ​ក្នុង​ទម្ងន់​៥១​គីឡូក្រាម ​កីឡាករ លី ភា ​វាយ​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ​និង​កីឡាករ​ចំណូល​មិន​ដែល​ឃើញ​មុខ​វឿន វ៉ាន់ ​វាយ​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។ គេ​សង្កេត​ឃើញ​ថា​កីឡាករ​ទាំង​៣​នាក់​នេះ ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​បើ​ធៀប​ទៅ​នឹង​កីឡាករ​ខាង​ថៃ ​ស្រប​ពេល​ដែល​ពួកគេ​តែងតែ​បាន​បង្ហាញ​សមត្ថភាព​ជា​ញឹកញាប់​តាម​សង្វៀន​ក្នុង​ប្រទេស​ក្បែរ​ខាង​កម្ពុជា​មួយ​នេះ។

លី ភា ​ជា​កីឡាករ​ដែល​ប្រិយមិត្ត​អាច​ស្គាល់​ច្រើន ត្បិត​អី​រូបគេ​ធ្លាប់​វាយ​នៅ​ក្នុង​ស្រុក​ដែរ ប៉ុន្តែ​មិន​សូវ​ជោគជ័យ​នោះ​ទេ។ កីឡាករ​មាន​ជំហរ​រឹង​រូប​នេះ ​ភាគ​ច្រើន​បាន​ប្រកួត​នៅ​ថៃ ប៉ុន្តែ​លទ្ធផល​មិន​សូវ​ល្អ​ឡើយ។ មិន​ខុស​គ្នា​ដែរ គី ដេត ក៏​ជា​កីឡាករ​កម្ពុជា​បាន​ប្រកួត​នៅ​សង្វៀន​ថៃ​ញឹក​ដែរ ប៉ុន្តែ​លទ្ធផល​មិន​ខុស​ពី លី ភា ​ទេ។ តួយ៉ាង​ប្រកួត​ចុង​ក្រោយ​នៅ​សង្វៀន​ Extreme ​នេះ ​ចាញ់​កីឡាករ​ថៃ​ដោយ​សន្លប់។ ចំពោះ វឿន វ៉ាន់ ​វិញ ​ជា​កីឡាករ​ថ្មី​ដែល​ទើប​តែ​បាន​បង្ហាញ​មុខ​នៅ​សង្វៀន​ប្រដាល់​មួយ​នេះ។

កម្មវិធី Max Muay Extreme ​ជា​ការ​ប្រកួត​វាយ​៣​ទឹក ​នឹង​មាន​ពាក់​ហ្គង់​ដូច​ការ​ប្រកួត​នៅ MMA ​ដែរ។ កម្មវិធី​វាយ​មួយ​នេះ មាន​ការ​ពេញ​និយម​មិន​ចាញ់​ MX Muay Thai ​ឡើយ​៕

អត្ថបទ៖ មុន្នីរម្យ