ចិនបង្ហាញគំរូ​យន្តហោះ​ ១ ម៉ឺន​គីឡូម៉ែត្រ ហោះ​តែ​ ២​ម៉ោង ដល់​

  • 2018-02-23 06:49:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រាវជ្រាវ​ចិន បាន​បញ្ចេញ​គំរូ​យន្តហោះ​លឿន​ជាង​សំឡេង​មួយ ដែល​អាច​ផ្ទុក​អ្នក​ដំណើរ និង​ទំនិញ​ពីក្រុង​ប៉េកាំង ទៅក្រុង​ញ៊ូវយ៉ក សហរដ្ឋ​អាមេរិក ដោយ​ប្រើ​ពេល​ប្រហែល ២ម៉ោង​ប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន​ការធ្វើ​ដំណើរ​ដោយ​យន្តហោះ​ធម្មតា​រវាង​ក្រុង​ទាំង២ គឺ​ចំណាយពេល​ដល់ ១៤​ម៉ោង ក្នុង​ចម្ងាយ ១,១ម៉ឺន​គីឡូម៉ែត្រ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក Cui Kai ដែលជា​អ្នក​ស្រាវជ្រាវ​នៅ​បណ្ឌិត្យ​សភា​វិទ្យាសាស្រ្ត​ចិន ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្រ្ត​១ ចេញផ្សាយ​នាខែ​កុម្ភៈ​នេះ។

លោក Cui និង​ក្រុម​របស់​លោក កំពុង​មាន​គម្រោង​សិក្សា​ធ្វើ​យ៉ាងណា​ឲ្យ​យន្តហោះ​នេះ​មាន​ល្បឿន​ដល់ ៦ពាន់​គីឡូម៉ែត្រ​ក្នុង​១ម៉ោង។ លើស​ពីនេះ​ទៅទៀត ក្រុម​នេះ ក៏​កំពុង​ចូលរួម​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​សព្វាវុធ​លឿន​ជាង​សំឡេង​របស់​ប្រទេស​ចិន​ផងដែរ។ នេះ​បើតាម​ការ​កត់​សម្គាល់​របស់​សារ​ព័ត៌មាន South China Morning Post។

ទោះបីជា​យន្តហោះ​នេះ អាច​កាត់​បន្ថយ​ពេលវេលា​នៃការ​ធ្វើដំណើរ​បាន​ច្រើន​យ៉ាងណា​ក៏ដោយ ប៉ុន្តែ​បើ​ប្រៀបធៀប​នឹង​ទំហំ​ផ្ទុក​វិញ គឺ​យន្តហោះ​លឿនជាង​សំឡេង​នេះ ផ្ទុក​មនុស្ស ឬ​ទំនិញ​បាន​តិច​ជាង​យន្តហោះ​ធម្មតា។ ឧទាហរណ៍៖ យន្តហោះ Boeing 737 ផ្ទុក​ទំនិញ​បាន ២០​តោន ឬ​អ្នក​ដំណើរ​បាន ២០០​នាក់ ដោយឡែក​យន្តហោះ​លឿនជាង​សំឡេង អាច​ផ្ទុក​ទំនិញ​បាន​ត្រឹមតែ ៥​តោន ឬ​អ្នក​ដំណើរ​បានតែ ៥០នាក់​ប៉ុណ្ណោះ៕

ប្រភព ៖ Kley Kley