ស្រាយចម្ងល់ រឿងរោងកុនទុកតែម៉ោងស្អុយ ឬក៏គ្មានម៉ោងដាក់ឱ្យភាពយន្តខ្មែរ

  • 2018-02-24 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ សម្ធិកររឿង «ប៊ី​អាយ​ជី​ និង​ខ្មោច​យក្ស​ធំ» កំពុងមិនសុខចិត្តនឹងរោងភាពយន្តដែលមិនរៀបចំម៉ោងបញ្ចាំងភាពយន្តរបស់ខ្លួនឱ្យ​បានសមរម្យ ដែលលោកអះអាងថា មានប្រិយមិត្តគាំទ្រជាច្រើនគាំទ្ររឿងនេះ ចង់ទៅទស្សនា តែបែរជាមិនអាចមើលបានព្រោះ រោងភាពយន្តទំលាក់ម៉ោងផ្សាយគ្មានសល់។

Poster រឿង «ប៊ី​អាយ​ជី​ និង​ខ្មោច​យក្ស​ធំ»

ម្ចាស់ចាងហ្វាងផលិតកម្ម​​​ ស៊ី​ស្ដា​ លោក ឈី រដ្ឋា បានរៀបរាប់ក្នុងកម្មវិធីទូរទស្សន៍មួយទាំងទឹកភ្នែកថា លោកមិនអស់ចិត្តព្រោះខាងរោងភាពយន្តទំលាក់ភាពយន្តរបស់ខ្លួនទាំងនៅមានទស្សនិកជនចង់មើល។ ហើយម៉ោងផ្សាយភាពយន្តរបស់លោក ក៏ត្រូវបានរៀបចំមិនល្អតាំងពីដើមនៃការចាក់បញ្ចាំងថ្ងៃដំបូង ទើបធ្វើឱ្យបាត់អ្នកទស្សនា។ ក្រៅតែពី ផលិតករ វ័យក្មេង ម្នាក់នេះ ក៏ធ្លាប់មានផលិតករខ្មែរមួយចំនួនទៀតត្អូនត្អែរ និងលើកឡើងពីផលលំបាកស្រដៀងៗគ្នាដែរ ដោយចោទថា រោងភាពយន្តហាក់មិនបង្ហាញការគាំទ្រភាពយន្តខ្មែរ ហើយឱ្យម៉ោងចាក់ផ្សាយតែភាពយន្តបរទេសប៉ុណ្ណោះ។

ឆ្លើយតប នឹងការលើកខាងលើនេះ អ្នកគ្រប់គ្រងទីផ្សាររបស់ រោងភាពយន្ត legend Cinema លោក ព្រំ បញ្ញាវ័ន្ត ក៏បានបកស្រាយពន្យល់មកកាន់ Sabay ដែរថា ៖ «ជាក់ស្តែងរោងភាពយន្តតែងផ្តល់អតិភាព និងផ្តល់យោបល់ដល់ផលិតករជានិច្ចមុននឹងសម្រេចចិត្តរើសម៉ោងចាក់ផ្សាយ»។ ហើយក៏បានជួយផ្សព្វផ្សាយអំពីការចាក់បញ្ចាំងដូចគ្នាតាមរូបភាព Poster និង បាដាង នានា នៅក្នុងរោងកុន និង ផេកផ្លូវការរបស់រោងភាពយន្ត មុនថ្ងៃបញ្ចាំង និងជាបន្តបន្ទាប់ ដូចគ្នានឹងភាពយន្តបរទេសដែរ តាមកុងត្រា ដែលព្រមព្រៀង ព្រោះយើងចែករំលែកភាគលាភជាមួយផលិតករភាពយន្ត ដូចនេះបើភាពយន្តនោះមិនមានទស្សនិកជនមកទស្សនា រោងភាពយន្តត្រូវបង្ខំចិត្តទំលាក់រឿងនោះហើយ លោក បញ្ញាវ័ន្ត បន្ថែម។

ក្នុងករណីរបស់ ផលិតករខាងលើ អ្នកគ្រប់គ្រងទីផ្សារ រូបនេះ សូមលើឧទាហរណ៍ ពី ខ្សែភាពយន្តរឿង «ធ្មប់» ដែលជាភាពយន្តខ្មែរដូចគ្នា ដោយបង្ហាញពីការផ្សព្វផ្សាយ និងការខ្នះខ្នែងរបស់ផលិតករ ដើម្បីស្វែងរកការគាំទ្រ និងស្រូបទាញទស្សនិកជនបន្ថែមមកកាន់រោងភាពយន្ត។ លោក បន្តថា ៖ «យើងនិយាយពីបង ហ៊ុយ យ៉ាឡេង វិញ គាត់មកចាំមើលអ្នកគាំទ្រកុនរបស់គាត់ទាំងពីព្រឹកទល់ល្ងាច ហើយគាត់ប្រឹងប្រែងណាស់ ដើម្បីផ្សព្វផ្សាយឱ្យគេស្គាល់រឿងរបស់គាត់»។ ហើយជាក់ស្តែង រឿង «ធ្មប់» នេះមានការគាំទ្រខ្លាំងមែនទែន ដែលយើងគួរយកជាគំរូ លើការផ្សព្វផ្សាយ និងគុណភាពផលិត។

ក្នុងកិច្ចសហប្រតិបការណ៍ លើការផ្សព្វផ្សាយវិញ លោក ព្រំ សិលា អ្នកគ្រប់គ្រងផលិតកម្ម «ពូព្រហ្ម» ដែលទទួលបានជោគជ័យលើការផ្សព្វផ្សាយ លើភាពយន្តខ្មែរមួយចំនួន លើកពីបទពិសោធន៍របស់ខ្លួនដែរថា ភាពយន្តខ្មែរយើងខ្លះធ្វើបានល្អ ក៏ប៉ុន្តែង មិនសូវមានអ្នកទស្សនា ដែលបណ្តាលឱ្យរោងភាពយន្តពិបាក នឹងជួយឱ្យមានភ្ញៀវមកទស្សនា ព្រោះភាគច្រើនទស្សនិកជនដែលមករោងភាពយន្ត ពួកគាត់ច្រើនតែមានគោលដៅមើលភាពយន្តណាមួយជាស្រេចមុននឹងគាត់មកទស្សនា ដូចនេះ ការដាក់ម៉ោងផ្សាយឱ្យត្រូវនោះវាពិបាកហើយចំពោះចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ។

លោក ព្រំ សិលា បន្តទៀតថា ៖ «យើងពិបាកបន្ទោសខាងរោងភាពយន្តណាស់ ព្រោះវាជារបបរកស៊ី ហើយយើងក៏ចង់ជួយផលិតករខ្មែរឱ្យមានការគាំទ្រច្រើន និងជោគជ័យផងដែរ តែក្នុងនាមជាផលិតករ និងជារោងកុនត្រូវធ្វើការរបស់ខ្លួនដូចគ្នា ចឹងផលិតករគួរគិតឡើងវិញដែរអំពីគុណភាពផលិតរបស់ខ្លួន និងវិធីផ្សព្វផ្សាយរបស់ខ្លួនដែរ »។ ហើយការដែលភាពយន្តខ្មែរ មួយចំនួនត្រូវបានទំលាក់ម៉ោងផ្សព្វផ្សាយ គឺខាងភាពយន្តតែងបញ្ជាក់ច្បាស់នៅក្នុងលិខិតកិច្ចសន្យាជានិច្ច ដូចនេះវាមានតែយើងត្រូវព្យាយាមជាងនេះ លោក ព្រំ សិលា បន្ថែម៕

អត្ថបទ៖ Sunny

អត្ថបទថ្មី