ទិដ្ឋភាព​ផ្ទះ​ក្រោម​ដី​​ប្រពៃណី​រាប់​សតវត្ស​របស់​ទុយណេស៊ី​ បង្កប់​ដោយ​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍

  • 2018-02-24 04:24:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ជ្រលងភ្នំ​ដែល​ស្ងួត​ហែង​ភាគ​ខាងត្បូង​នៃ​តំបន់ ​Djebel Dahar ក្នុង​ប្រទេស​ទុយណេស៊ី ប្រជាជន​បាន​រស់​នៅ​អស់​រាប់​សតវត្ស​មក​ហើយ​ក្នុង​ផ្ទះ​ក្រោម​ដី​ដើម្បី​ការពារ​ពួកគេ​ពី​កម្តៅ​ខ្លាំង​នា​រដូវក្តៅ និង ខ្យល់​ត្រជាក់​ខ្លាំង​នា​រដូវរងា។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ចុះផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ។

លំនៅឋាន​ក្រោម​ដី​​ចម្លែក​ទាំងនេះ​ត្រូវ​បាន​គេ​ចោះ​​ពី​ចន្លោះ​រូង​ថ្ម ឬ ជីក​រណ្តៅ​ដី​ឲ្យ​មាន​ស្រទាប់​ជញ្ជាំង​ហើយ​​យក​ជញ្ជាំង​ដី​នោះ​លុង​ធ្វើ​ផ្ទះ ឬ ម្យ៉ាង​ទៀត​ ដោយ​សារ​តំបន់​នោះ​ជា​ខ្ពង់រាប​ដែល​មាន​ដី​ពូន​ដូច​កូន​ភ្នំ​តូចៗ ប្រជាជន​ទុយណេស៊ី អាច​ធ្វើ​ផ្ទះ​ក្រោម​ដី​របស់​ពួកគេ​ដោយ​លុង​ដី​ដំបូក​នោះ​​ឲ្យ​ធំ​ទូលាយ​​ល្មម​ដែល​អាច​រស់នៅ​បាន។

មក​ទល់​បច្ចុប្បន្ន​ មិន​មាន​ប្រជាជន​ច្រើន​ទៀត​ទេ​ដែល​នៅ​ក្នុង​ផ្ទះ​ក្រោម​ដី​នោះ។ គ្រួសារ​ជា​ច្រើន​បាន​ចាកចេញ​ពី​ផ្ទះ​ក្រោម​ដី​នៅ​ពេល​ដែល​ទីក្រុង និង ភូមិ​ថ្មី​ត្រូវ​បាន​សាងសង់​នៅ​ទសវត្ស​ឆ្នាំ​ ១៩៦០ និង ១៩៧០ ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ទំនើបកម្ម​ដោយ​លោក​ប្រធានាធិបតី Habib Bourguiba ។ ប៉ុន្តែ​ប្រជាជន​មួយ​ចំនួន​ទៀត​ដែល​មិន​មាន​លទ្ធភាព​រើ​ទៅ​នៅ​ភូមិ​ថ្មី​នឹង​គេ ត្រូវ​បន្ត​រស់​នៅ​តាម​បែប​ប្រពៃណី​នេះ​មក​ទល់​បច្ចុប្បន្ន។

ម្ល៉ោះហើយ តំបន់​នោះ​មិន​ត្រឹម​តែ​ជា​កន្លែង​រក្សា​របៀបរបប​ និង ប្រពៃណី​នៃ​ការ​រស់​នៅ​ដ៏​យូរលង់​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​​តំបន់​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ដែល​ចង់​ទៅ​មើល​ទៀត​ផង ​ប៉ុន្តែ​ចំនួន​ភ្ញៀវ​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស​ទុយណេស៊ី​ធ្លាក់​ចុះ​យ៉ាង​គំហុក​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១១ នៅ​ពេល​​មាន​បដិវត្តន៍​អារ៉ាប់​ស្រ្ពីង ( Arab Spring)៕

ប្រភព៖ Reuters   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី