ខ្លាំង​ដៃ​ណាស់! Nokia ចេញ​ស្មាតហ្វូន​ថ្មី​ម្ដង​ ៤ គ្រឿង​ ប្រភេទ​ម៉េច​ក៏​មាន​ដែរ

  • 2018-02-26 02:59:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​ MWC ឆ្នាំ​ ២០១៨ កាល​ពី​យប់​មិញ​នេះ​ ក្រុមហ៊ុន​ HMD Global បាន​បង្ហាញ​ចេញ​​ស្មាតហ្វូន​ម៉ាក​ Nokia ដល់​ទៅ​ ៤ ស៊េរី​ រួម​មាន​ Nokia 1, Nokia 7 Plus, Nokia 8 Sirocco និង​ Nokia 6 (ឆ្នាំ​ ២០១៨) ដែល​ប្រកាស​ចេញ​ម្ដង​រួច​មក​ហើយ។

Nokia 7 Plus

មាន​បំពាក់​ដោយ​អេក្រង់​ដែល​មាន​មាត្រដ្ឋាន​ 18:9 ដែល​​មាន​ទំហំ​ ៦ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 2160 x 1080p​។ តួ​ខ្លួន​ផលិត​ឡើង​ពី​សារធាតុ​អាលុយមីញ៉ូម​ ដែល​មាន​ជម្រើស​​ពណ៌​ខ្មៅ​ និង​ ស។

វា​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Snapdragon 660 ដែល​មាន​​ RAM ទំហំ​ ៤ GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ GB ​ហើយ​មាន​រន្ធ​សម្រាប់​​ដោត​​មេមូរី​​កាត​បាន។ មាន​ជា​ប្រភេទ​ស៊ីម​មួយ​ និង​ស៊ីម​ពីរ​ ដែល​មាន​តម្លៃ​ចាប់​ពី​ ៤៩១ ដុល្លារ​ឡើង​ទៅ (តម្លៃ​ទីផ្សារ​អឺរ៉ុប)។

ជា​ស្មាតហ្វូន​​ធន់​កណ្ដាល​មែន​ពិត​ ប៉ុន្តែ​មាន​បំពាក់​ដោយ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​​ដែល​កាមេរ៉ា​មេ​មាន​កម្រិត​ ១២ MP ជា​មួយ​ Aperture f/1.75 និង​ទី​ពីរ​ជា​ប្រភេទ​ Telephoto មាន​កម្រិត​ ១២ MP ជា​មួយ​ Aperture f/2.6​ អាច​បង្កើត​រូបភាព​ច្បាស់​ខាង​​មុខ​​​​ព្រាល​ផ្ទៃ​ខាង​ក្រោយ​បាន។ កាមេរ៉ា​ខាង​មុខ​មាន​កម្រិត​ ៥ MP ដែល​មាន​ Aperture f/2.0 អាច​ថត​រូបភាព​បាន​ក្នុង​ទំហំ​ ៨៤ ដឺក្រេ​ឯណោះ។

Nokia 8 Sirocco

​Nokia 8 Sirocco ជា​ប្រភេទ​ Premium នៃ​ Nokia 8 ធម្មតា​​ ប៉ុន្តែ​បើ​​មើល​ឲ្យ​ជាក់​ទៅ​ ប្រៀប​ដូច​ជា​ស្មាតហ្វូន​ម៉ូដែល​ថ្មី​មួយ​អ៊ីចឹង។ Nokia 8 Sirocco ប្រើ​អេក្រង់​ p-OLED មាន​ទំហំ​ ៥,៥ អ៊ីញ ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ QHD ខុស​ពី​ Nokia 8 ធម្មតា​ដែល​​ប្រើ​អេក្រង់​ LCD។

បន្ទះ​ឈីប​នៅ​តែ​ជា​ប្រភេទ​ Snapdragon 835 មាន​ RAM ទំហំ​ ៦ GB។ តួ​ខ្លួន​ផលិត​ឡើង​ពី​សារធាតុ​​អាលុយមីញ៉ូម​ និង​មាន​ការពារ​ដោយ​កញ្ចក់​ Gorilla Glass 5 ទាំង​ផ្ទៃ​ខាង​មុខ​ និង​ខាង​ក្រោយ​ទៀត​ផង។ ការ​ប្រើ​កញ្ចក់​នៅ​ខាង​ក្រោយ​នេះ​ អាច​ឲ្យ​ Nokia 8 Sirocco ទ្រាំទ្រ​នឹង​មុខងារ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​បាន។

Nokia 8 Sirocco ​ក៏​មាន​កម្រិត​ការពារ​ទឹក​ IP67 ខ្លាំង​ជាង​ Nokia 8 ធម្មតា​មាន​កម្រិត​ការពារ​ត្រឹម​ IP54។ ចំពោះ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​លើ​ Nokia 8 Sirocco ដូច​គ្នា​នឹង​ Nokia 7 ដែរ​ ដោយ​មាន​ទំហំ​ ១២ MP + ១២ MP។ Nokia 8 Sirocco នឹង​មាន​ចេញ​លក់​នៅ​ខែ​មេសា​ ក្នុង​តម្លៃ​ ៩២២ ដុល្លារ (តម្លៃ​ទីផ្សារ​អឺរ៉ុប)។

Nokia 1

ជា​ស្មាតហ្វូន​លំដាប់​​ក្រោម​គេ​ ដែល​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ MediaTek ល្បឿន​ ១,១ GHz មាន​ RAM ទំហំ​ ១ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ ៨ GB។ អេក្រង់​​មាន​ទំហំ​ ៤,៥ អ៊ីញ​ បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 854x480p។

Nokia 1 មាន​កាមេរ៉ា​ទំហំ​ ៥ MP ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Oreo (Go Edition) ដែល​នឹង​ដាក់​លក់​ទូទាំង​សកល​លោក​ក្នុង​តម្លៃ​ ៨៥ ដុល្លារ។

Nokia 6 (2018)

Nokia 6 (2018) ដែល​បាន​ចេញ​លក់​នៅ​ប្រទេស​ចិន​នា​ខែ​មករា​ នឹង​បញ្ចេញ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​នា​ខែ​មេសា​ ក្នុង​តម្លៃ​ ៣៤៣ ដុល្លារ។

Nokia 6 (2018) មាន​អេក្រង់​ទំហំ​ ៥,៥ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 1080p ជា​មួយ​មាត្រដ្ឋាន​ 16:9។ វា​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Snapdragon 630 ដែល​មាន​ RAM ទំហំ​ ៣ GB/អង្គ​ផ្ទុក​ទិន្នន័យ​ ៣២ GB និង RAM ទំហំ​ ៤ GB/អង្គ​ផ្ទុក ៦៤ GB។

កាមេរ៉ា​ក្រោយ​ទំហំ​ ១៦ MP មាន​ Aperture f/2.0 និង​កាមេរ៉ា​ Selfie មាន​កម្រិត​ ៨ MP។ Nokia 6 (2018) ក៏​មាន​មុខងារ​ថត​រូប​បែប​ Bothie​ ផង​ដែរ។ ប្រព័ន្ធ​ប្រតិបត្តិការ​ជា​ Android 7.0 Nougat ប៉ុន្តែ​ថ្មីៗ​នេះ​អាច​ទទួល​បាន​ការ​អាប់ដេត​ឡើង​ទៅ Android 8.0 ​Oreo៕

​​​

ប្រភព៖ The Verge | GSMarena | Androidauthority   ប្រែ​សម្រួល៖ សុខហេង